ស៊ូ សុធាវី & សុថា​៖ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ នៅ​សម័យ​ខ្មែរ​ក្រហម

ស៊ូ សុធាវី អាយុ៦៨ឆ្នាំ បុរសស្រឡាញ់ភេទ ដូចគ្នា ត្រូវបានចាប់បង្ខំអោយរៀបការនៅ ក្រោមរបប ខ្មែរក្រហម។ នៅអំឡុងសម័យកាល នោះ សុធាវីអាចរក្សាទំនាក់ទំនងផ្លូវភេទ ជាមួយបុរសៗ ជួនកាលគាត់ធ្វើ តាមសេចក្តី ត្រូវការរបស់ខ្លួន និងជួនកាល ដើម្បីភាពចាំបាច់។

នៅ​ប្រទេស​កម្ពុជា អ្នក​​ស្រឡាញ់​ភេទ​ដូច​គ្នា​កម្រ​រង​ការ​ឈឺ​ចាប់​ដោយ​សារ​ការ​ស្អប់​ខ្ពើម​ពី​សំណាក់​ប្រជាជន​ខ្មែរ​ដោយ​បើក​ចំហ​ណាស់ ប៉ុន្តែ​ដោយ​សារ​​គំនាប​គ្រួសារ​បាន​បង្ខំ​​ពួក​គេ​ឲ្យ​គោរព​តាមច្បាប់​សង្គម។ ជានិច្ចកាល​ ពួក​គេ​តែង​តែ​រៀបការ​ជាមួយ​ភេទ​​​ផ្ទុយ​គ្នា​ ហើយ​កសាង​គ្រួសារ​​មួយ។ ប៉ុន្តែ​បើ​ទោះ​ជា​ពួក​គេ​តែង​តែ​ព្យាយាម​លាក់​បាំង​​អត្តសញ្ញាណ​ភេទ​របស់​ខ្លួន​ក៏​ដោយ ក៏​អ្នក​មួយ​ចំនួន​មិន​អាច​បិទ​បាំង​​ធាតុ​ពិត​របស់​​ខ្លួន​​បាន​ឡើយ។​ តើ​អ្នក​ទាំង​នេះ រស់​នៅ​យ៉ាង​ដូចម្តេច​នៅ​ក្រោម​របប​ខ្មែរ​ក្រហម? តើ​របប​កម្ពុជា​ប្រជាធិបតេយ្យ​គិត​យ៉ាង​ណា​​ចំពោះ​ពួក​គេ? ព្រោះ​ថា​របប​នេះ មាន​មហិច្ឆតា​ធ្វើ​ឲ្យ​ជនជាតិ​កម្ពុជា​ទាំង​អស់​ដូចៗគ្នា លុប​បំបាត់​ឲ្យ​អស់​នូវ​គម្លាត​ខុសគ្នា និង​ដាក់​បង្ខំ​ឲ្យ​អនុវត្ត​សីលធម៌​ និង​បែប​ផែន​នៃ​ជីវិត​មួយ​សឹង​តែ​ដូច​ព្រះ​សង្ឃ។​

ឋានៈ​សង្គម​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មុន​សម័យ​ខ្មែរ​ក្រហម

អ្នក​ស្រី ​ភួង ថាន់ នរវិទូ​​ជនជាតិ​​កម្ពុជា​ ពន្យល់​ថា៖ «គេ​មិន​​អាច​​និយាយ​ថា​​សង្គម​​កម្ពុជា​ព្រម​​ទទួល​​យក​​ [មុន​​​ការ​​ឡើង​​កាន់​​អំណាច​​របស់​​ពួក​​ខ្មែរ​ក្រហម] ទំនាក់​​ទំនង​​ស្នេហា​​​រវា​ង​អ្នក​​មាន​​ភេទ​​​ដូច​​គ្នា​​នោះ​​ទេ ប៉ុន្តែ​​គេ​​អនុ​គ្រោះ​​​ដល់​​ការ​​ផ្សង​​ព្រេង​​​​​គ្មាន​​​កោះ​​ត្រើយ​​រវាង​មនុស្ស​​ស្រឡាញ់​​ភេទ​​ដូច​គ្នា​»។ អ្នកស្រី​​ភួង ថាន់ បាន​​សម្រេច​​​​​ការ​សិក្សា​​ស្រាវជ្រាវ​​មួយ​មាន​​ចំណង​​ជើង​ថា «ជាតិ​ពន្ធុសាស្រ្ត​​នៃ​​ទំនាក់​ទំនង​​​ផ្លូវភេទ​​រវាង​បុរស​​និង​​បុរស​​នៅ​​កម្ពុជា»​ អោយ​​អង្គការ​​យូណេស្កូ។

អ្នកស្រី​​ស៊ូ សុធាវី (តាម​ពិត​​គាត់​ជា​បុរស) ដែល​អាយុ៦០​ឆ្នាំ​​ផ្លាយ ត្រូវ​​បាន​​ក្រុម​​គ្រួសារ​​កាត់​កាល់​​​ចោល​​នៅ​ពេល​​ដែល​ពួកគេ​បាន​​ដឹង​ ប្រវត្តិ​ស្នេហា​​របស់​គាត់​​ជាមួយ​​ប្រុស​​ម្នាក់​​ទៀត​។ រឿង​រ៉ាវ​​​បាន​​កើត​ឡើង​អំឡុង​​ឆ្នាំ១៩៧០។ កាល​ណោះ​ គាត់​​មាន​​អាយុ​​ទើប​​តែ​១៤​ឆ្នាំ​ប៉ុណ្ណោះ។ គាត់​​ដើរ​​រំពៃ​​តាម​ដង​​ផ្លូវ​​នៅក្នុង​​ទីក្រុង​​ភ្នំពេញ​ ដើម្បី​លក់​​ខ្លួន​​អោយ​​ជន​​បរទេស​ យក​​ប្រាក់​​ផ្គត់​​ផ្គង់​​ការ​សិក្សា។ គាត់​​រម្លឹក​ថា៖ «នៅ​សម័យ​​នោះ មនុស្ស​​ម្នា​មិន​​ចូល​ចិត្ត​​ពួក​ប្រុស​​ស្រឡាញ់​ភេទ​​ដូចគ្នា​​ទេ។ ប៉ុន្តែ ខ្ញុំ​​មិន​ដែល​​ជួប​​ការ​​រើស​អើង​ និង​​ការ​​គំរាម​កំហែង​ខ្លាំង​​​ដូច​​នៅ​ក្រោម​​របប​​​ប៉ុល ពត​ នោះ​ឡើយ»។

ការ​​បង្ខំ​​ចិត្ត​​​ធ្វើ​​ខ្លួន​​​ជា​​បុរស

សុធាវី ​ឈប់​​​ស្លៀក​សារ៉ុង​ ដោយ​សារ​​​ពួក​​ខ្មែរ​ក្រហម​​បង្ខំ​​អោយ​​ស្លៀក​​ខោ ​កាត់​​សក់​​​ខ្លី និង​​ត្រូវ​​មាន​​ចរិត​ជា«ប្រុស»ពេញ​​លក្ខណៈ​។ មិត្តភក្តិ​​មួយ​ចំនួន ដែល​​រស់​នៅ​​​ក្នុង​​ខេត្ត​​តាកែវ​​ជាមួយ​​គាត់ ហើយ​​ជា​​បុរស​​ស្រឡាញ់​​ភេទ​​ដូចគ្នា​​ដែរ​​នោះ មិន​​បាន​​កែ​ប្រែ​​អាកប្បកិរិយា​​​អោយ​​បាន​​ឆាប់​ទេ​។ ពួកគេ​​ត្រូវ​​គេ​​ចាប់​​បាន«ក្នុង​ពេល​​ធ្វើ​​សកម្មភាព»។ ​សេចក្តី​​សម្រេច​​ដាក់​ទោស​បាន​​ចេញ​​ភ្លាម​ៗ​​មិន​​រង់​ចាំ​​យូរ​​ឡើយ​។ បុរស​​ស្រឡាញ់​​​ភេទ​​ដូចគ្នា​ជាង​​១០​គូ​​​ត្រូវ​​បាន​គេ​​ចាប់​ខ្លួន និង​​កម្ទេច​​ចោល​។ សុធាវី​​រៀបរាប់​​ថា៖ «ពួក​ខ្មែរ​​ក្រហម​​មិន​មែន​​មិន​ដឹង​ថា បុរស​​អាច​​ស្រឡាញ់​​គ្នា​​​បាន​​​នោះ​​ទេ ប៉ុន្តែ​​មិន​​ដឹង​ច្បាស់​​ថា​​តើ​​ពួកគេ​​ធ្វើ​​យ៉ាង​ម៉េច​​ក្នុង​ការ​​រួម​រ័ក្ស…។ នៅ​ដើម​​របប​​ខ្មែរ​ក្រហម​ ពួក​គេ​​បាន​​ធ្វើ​​ប្រតិបត្តិ​ការ​​លុប​​បំបាត់​អ្នក​​​ស្រឡាញ់​​ភេទ​ដូច​គ្នា។ ពួក​ខ្មែរ​ក្រហម​​មិន​មែន​​ត្រឹម​​តែ​ចាត់​​ទុក​​អ្នក​​ទាំង​​នេះ​​ថា​«គ្មាន​​បាន​ការ»​ ប៉ុណ្ណោះ​​ទេ គឺ​ថែម​​ទាំង​​ជា​​អ្នក​​បំផ្លាញ​​ដ៏ធំ​ដល់​​បដិវត្តន៍​​ទៀត​​ផង។ នេះ​ពិត​​​ជា​​​របប​​ផ្តាច់​​ការ​​​មួយ​។ កាល​ណា​​ពួក​ស្លៀកពាក់​​ឈុត​​ខ្មៅ​​​ចាប់​បាន​​ថា​ពួក​​យើង​​ធ្វើ​​កាយ​​វិការ​ ឬ​​ចរិត​​ដូច​​ស្រី ពួក​យើង​​ត្រូវ​​បំពាក់​​ឈ្មោះ​​​ថា​​ជា​សត្រូវ​​អង្គ​ការ​ [អង្គការ​​ជាន់​​ខ្ពស់​​​ដែល​មាន​​​ស្ថាប័ន​​ដឹកនាំ​​​របស់​គណបក្ស​​កុម្មុយ​និស្ត​​កម្ពុជា​​នៅ​​ពី​​ក្រោយ​​ខ្នង​] ហើយ​​​ត្រូវ​​ដាក់​​ទោស​​យក​​ទៅ​​សម្លាប់​ចោល​ភ្លាម»។ សុធាវី​​​នៅ​​តែ​​មាន​ស្នាម​​ដំបៅ​​​ដោយ​សារ​​ការងារ​​បង្ខិត​​​​បង្ខំ​​នៅ​​ចម្ការ​​ដែល​​គាត់​ត្រូវ​​បង្ខំ​​ចិត្ត​​​​​​​​​​​​​​​​​​​​​​​ធ្វើ​«បើ​​ទោះ​​ជា​ខ្ញុំ​​មាន​​​រាង​​​កាយ​ជា​ស្រ្តី​ទន់​ខ្សោយ​​ក៏​ដោយ»។​

ធ្វើ​​​ជា​​ស្រ្តី​​រក​​ស៊ី​​ផ្លូវ​​ភេទ​ ដើម្បី​អង្ករ

បើ​ទោះ​​ជា​​មាន​​ការ​ដាក់​​កំហិត​​យ៉ាង​​តឹង​រឹង​​​ពី​​សំណាក់​​​របប​​ប៉ុល​ពត​​ក៏​ដោយ ក៏​​សុធាវី​នៅ​តែ​​អាច​​រក្សា​ទំនាក់​ទំនង​​ផ្លូវ​ភេទ​​ជាមួយ​​​បុរស​ផ្សេងៗ​ជា​ច្រើន​​ទៀត​​ដែរ។ គាត់​​បាន​​រៀប​​រាប់​​ដោយ​​គ្មាន​​ការ​​​លាក់​​បាំង​ថា​ ភាគ​ច្រើន​នៃ​​បុរស​ទាំង​នោះ​​សុទ្ធ​​សឹង​​តែ​ចេញ​​​មក​​ពី​​​ក្នុង​​ជួរ​​ខ្មែរ​ក្រហម។ សព្វថ្ងៃ សុធាវី​​អះអាង​ថា គាត់​​មិន​​អាច​​​ចាំ​​​បាន​​ថា​បុរស​​ទាំង​​នោះ​​​មាន​​ចំនួន​​ប៉ុន្មាន​​នាក់​នោះ​​ទេ ប៉ុន្តែ​គាត់​​បាន​​បន្ថែម​​ថា​​ គាត់​បាន​​«ជ្រើសរើស»​អ្នក​​ចង់​នៅ​ជាមួយ​​គាត់។ «ខ្ញុំ​​ចាប់​អារម្មណ៍​​តែ​​អ្នក​​ដែល​​ខ្ញុំ​​​​អាច​​បាន​​ផល​​តប​​ស្នង​​ខ្លះ​​សម្រាប់​​«សេវា​»​នេះ​។ ខ្ញុំ​​គ្មាន​​ជម្រើស​​ទេ។​ ខ្ញុំ​​ត្រូវ​ចិញ្ចឹម​​ម្តាយ​​​ចាស់​​ម្នាក់។ ក្នុង​​អំឡុង​ពេល​​ដ៏​លំបាក​​នោះ យើង​​ខិត​​ចូល​​ជិត​​គ្នា​​ជា​ថ្មី…។ ដូច្នេះ ខ្ញុំ​​ត្រូវ​​ចេះ​​យល់​ការ​​ណ៍​ជាមួយ​​នឹង​​ពួក​​ខ្មែរ​ក្រហម។​ អាកប្បកិរិយា​នេះ​​ពិត​ជា​បាន​​​ផល​។ អ្នក​​មួយ​ចំនួន​​ក្នុង​​ចំណោម​​ពួក​​ខ្មែរ​​ក្រហម​​ទាំង​​នោះ ​បាន​​បង្ហាញ​​មនោសញ្ចេតនា​ចំពោះ​​ខ្ញុំ ដោយ​​ពួក​គេ​​បាន​​អោយ​​អង្ករ​​ខ្ញុំ​ដើម្បី​​អោយ​ខ្ញុំ​​​កំដរ​​ពួក​គេ​»។

យ៉ាង​​ឆាប់​រហ័ស សុធាវី​​បាន​​អាច​​​ទំនាក់​ទំនង​​ជាមួយ​​ពួក​កម្មាភិបាល​​ខ្មែរ​ក្រហម ដែល​​មាន​​ចំណង់​​ដូច​​រូប​​គាត់​​ដែរ។ សុធាវី​​ថែម​ទាំង​ហ៊ាន​សារភាព​ថា គាត់​​ទទួល​​ទាំង​​ទាហាន​​ខ្មែរ​ក្រហម​​ក្មេងៗ​​​ទៀត​​ផង។ «ខ្ញុំ​​គ្មាន​​ការ​​លំបាក​​សូម្បី​តែ​បន្តិច​ទេ ​ក្នុង​​ការ​​​បញ្ចុះ​បញ្ចូល​​ពួកគេ។​ ពួក​គេ​​ក៏​​ភ័យ​​ខ្លាច​​ដូច​អ្នក​​ដទៃ​ទៀត​​ដែរ​ ​ក្នុង​ការ​​ប្រព្រឹត្តិ​​អំពើ​​ដែល​​អង្គការ​​ចាត់​ទុក​​ថា​​«អសីលធម៌»។ ខ្ញុំ​​បាន​ពន្យល់​​ពួក​គេ​ថា វា​​ជា​​ការ​​ងាយ​ស្រួល​ទេ​ ក្នុង​ការ​​​លាក់​​បាំង​ទំនាក់​​ទំនង​​ជាមួយ​​បុរស​​ ជាង​​ជាមួយ​​ស្រ្តី។ ដើម្បី​​ចូល​​ក្បែរ​​ពួក​គេ ខ្ញុំ​​និយាយ​​ពីនេះ​ពីនោះ​​គ្មាន​​បាន​​សាច់​ការណ៍​​៖ អាកាស​ធាតុ ធម្ម​ជាតិ… បន្តិច​ម្តង​ៗ ខ្ញុំ​​ចាប់​ផ្តើម​​​ទាក់​ទាញ​​ពួក​គេ ​តាម​​រយៈ​ការ​​ប៉ះពាល់​​​ធ្វើ​​​អោយ​​ពួក​គេ​​កើត​​ចំណង់» សុធាវី​​ធ្វើ​ការ​​​ពន្យល់​​យ៉ាង​ស្រួល​។ គុម្ពោធ​​ព្រៃ​ គឺ​ជា​​កន្លែង​រួម​​ស្នេហ៍​​របស់​គាត់​។

ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​អចេតនា​ពី​របប​ខ្មែរ​ក្រហម

មាន​តែ​ទំនាក់​ទំនង​តាម​រយៈ​អាពាហ៍​ពិពាហ៍​ប៉ុណ្ណោះ ដែល​​ត្រូវ​ពួក​ខ្មែរ​ក្រហម​ទទួលស្គាល់។ រាល់​ទំនាក់​ទំនង​ធ្វើ​ឡើង​ក្រៅ​អាពាហ៍​ពិពាហ៍​ត្រូវ​សម្លាប់​ចោល​ ដោយ​មិន​ចាំ​បាច់​វិនិច្ឆ័យ។ ប៉ុន្តែ​អ្នកស្រី​ភួង ថាន់ គូស​បញ្ជាក់​ថា «របបនេះ​​បាន​​​បង្កើត​មជ្ឈដ្ឋាន​​អនុគ្រោះ​មួយ​ដល់​ទំនាក់​ទំនង​របស់​​បុរស​ស្រឡាញ់​ភេទ​​ដូចគ្នា»។ បុរស និង​ស្រ្តី​ត្រូវ​បាន​ខ័ណ្ឌ​ចែក​នៅ​ក្នុង​ជំរំ​ផ្សេង​គ្នា ហើយ​ហាម​​មិន​អោយ​ពួក​គេ​ទាក់​ទង​គ្នា​ទេ សូម្បី​ជួប​គ្នា​ក៏​មិន​បាន​ដែរ។ នរវិទូ​រូប​នេះ​​បន្ថែម​ទៀត​ថា៖ «ពួក​ខ្មែរ​ក្រហម​មាន​បំណង​រៀប​ចំ​សង្គម​កម្ពុជា​ឡើង​វិញ តាម​រយៈ​ការ​បំផ្លាញ​កោសិកា​គ្រួសារ និង​តាម​​រយៈ​ការ​បែង​​ចែក​មនុស្ស​តាម​​ភេទ។ ជា​លទ្ធ​ផល មនុស្ស​ជា​ច្រើន ជា​ពិសេស​ទាហាន​​ក្មេង​ដែល​​គេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កេណ្ឌ​​ទៅ​សមរភូមិ មាន​ចំណង់​ផ្លូវ​ភេទ​យ៉ាង​ខ្លាំង ហើយ​ក៏​ត្រូវ​អូស​ទាញ​ដោយ​​ទំនាក់​​ទំនង​ជាមួយ​បុរស​ផ្សេង​ទៀត​ នៅ​ក្នុង​ជំរុំ​ ដោយ​អង្គការ​មិន​ដឹង»។

ជា​ទូទៅ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​កើត​មាន​តែ​នឹង​ជាមួយ​ពួក​ខ្មែរ​ក្រហម និង​​«ប្រជាជន​វ័យ​ចំណាស់ៗ» ដែល​មាន​សេរីភាព​ច្រើន ក្នុង​ការងារ និង​ទទួល​​បាន​ការ​គោរព​ច្រើន​ជាង​«ប្រជាជន​ថ្មី» (អ្នក​មក​ពី​ទី​ក្រុង មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​របបចាស់ ហើយ​ត្រូវ​បាន​ចាត់​ទុក​ជា​សត្រូវ​របស់​អង្គការ)។ សុថា ស្រ្តី​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ក្រុង​ភ្នំពេញ ដែល​ឈាន​ចូល​វ័យ​៦០​ឆ្នាំ​ឆាប់ៗ​​ខាងមុខ​នេះ ក៏​បាន​ទាក់​ទាញ​ស្រ្តី​ខ្មែរ​ក្រហម​ជា​ច្រើន​ដែរ។ ដោយ​សារ​មាន​​ការ​ការពារ​ពី​ពួកគេ ទើប​គាត់​អាច​រួច​ផុត​ពី​ការ​ស្លាប់​ជា​ច្រើន​លើក។ សុថា​​រម្លឹក​ការ​ចង​ចាំ​ឡើង​វិញ​ថា៖ «ប្រជាជន​ថ្មី​រស់​នៅ​ក្នុង​ការ​ភ័យ​ខ្លាច ហើយ​មិន​​ប្រថុយ​សេព​គប់​ជាមួយ​ពួក​ខ្មែរ​ក្រហម​ទេ។ ប៉ុន្តែ ពួកយើង​ជា«ប្រជាជន​ចាស់» យើង​ធ្វើ​អី​តាម​ចិត្ត!»។ សុថា​មិន​មែន​មិន​ដឹង​ពី​ការ​​ទាក់​ទាញ​របស់​គាត់​​ ទៅ​​លើ​​មនុស្ស​ភេទ​ដូច​គាត់​ទេ ប៉ុន្តែ​គាត់​មិន​ធ្លាប់​ដែល​​បាន​ឮ​ពី​ការ​​ស្រឡាញ់​ភេទ​​ដូចគ្នា​ទេ នៅ​មុន​សម័យ​ខ្មែរ​ក្រហម។

សុថា​រៀប​រាប់​ថា៖ «ថ្ងៃ​មួយ ស្រ្តី​ម្នាក់​នៅ​ក្នុង​ភូមិ​ដែល​មាន​​បង​ប្អូន​ធ្វើ​ជា​​កម្មា​ភិបាលខ្មែរ​ក្រហម​ បាន​សុំ​អោយ​ខ្ញុំ​រស់​នៅ​ជាមួយ​នាង ដោយ​លួច​លាក់។ ដើម្បី​កុំ​អោយ​មាន​បញ្ហា ខ្ញុំ​ក៏​យល់​ព្រម​ឆ្លើយ​តប​ តាម​ការ​ចង់​បាន​របស់​នាង។ ខ្មែរ​ក្រហម​តូចៗ​នៅ​ក្នុង​ភូមិ​ មិន​ហ៊ាន​រិះ​គន់​ពួក​យើង​ទេ»។

នយោបាយ​ចាប់​បង្ខំ​អោយ​រៀប​អាពាហ៍​ពិពាហ៍

នៅ​ខែ​មីនា ឆ្នាំ​១៩៧៧ អ្នក​ភូមិ​ចំនួន​២០០​គូ បាន​​រៀបការ​នៅ​ខេត្ត​តាកែវ។ សុធាវី​គេច​មិន​ផុត​ពី​គោល​នយោបាយ​នេះ​ទេ។ គេ​បាន​រក​​ប្រពន្ធ​ម្នាក់​អោយ​​គាត់ ​ដែល​ត្រូវ​ជ្រើស​រើស​ដោយ​អង្គការ។ គាត់​មិន​អាច​គេច​ចេញ​ពី​ពិធី​នេះ​ទេ វា​នឹង​ធ្វើ​គាត់​បាត់​បង់​ជីវិត។ ដោយ​គ្មាន​ចាំ​យូរ ពេល​យប់​ចូល​មក​ដល់ គាត់​​សារ​ភាព​ប្រាប់​ប្រពន្ធ​គាត់​ ពី​ចំណូល​ចិត្ត​​របស់​គាត់​ទៅ​លើ​ពួក​បុរស។ គាត់​និយាយ​​ថា គាត់​ចាត់​ទុក​រូប​នាង​ដូច​ប្អូន​ស្រី​ច្រើន​ជាង។ នាង​ហាក់​​យល់​ពី​​បញ្ហា​នេះ ប៉ុន្តែ​នាង​មិន​បាន​លាក់​បាំង​ពី​ការ​ភ័យ​ខ្លាច​នោះ​ឡើយ។

ពួក​ឈ្លប​ខ្មែរ​ក្រហម​ មាន​បេសកកម្ម​ឃ្លាំ​មើល​ប្តី​ប្រពន្ធ​ថ្មី ដោយ​​ពួន​​នៅ​ក្រោម​​បន្ទប់​ពួក​គេ ដើម្បី​ច្បាស់​ថា​ពួកគេ​បាន​នៅ​ជាមួយ​គ្នា។

សុធាវី​​និយាយ​លម្អិត​ថា៖ «ដោយសារ​ខ្ញុំ​មិន​បាន​ប៉ះ​ពាល់​ប្រពន្ធ​នៅ​យប់​ទី​១ ពួក​ឈ្លប​បាន​នាំ​រឿង​ពួក​យើង​ទៅ​ប្រាប់​ប្រធាន​ឃុំ។​ ប្រធាន​ឃុំ​បាន​ព្រមាន​ថា បើ​ខ្ញុំ​មិន​ប៉ះ​ពាល់​ប្រពន្ធ​ខ្ញុំ ហើយ​មិន​ធ្វើ​អោយ​នាង​មាន​កូន​ទេ ខ្ញុំ​នឹង​ត្រូវ​នាំ​​ទៅ​​កសាង បាន​ន័យ​ថា​សម្លាប់​ចោល។ ដូច្នេះ ខ្ញុំ​ត្រូវ​សម្រប​តាម ហើយ​​ប្រពន្ធ​ខ្ញុំ​ក៏​មាន​​កូន។ ពួក​យើង​មាន​កូន​ប្រុស​ម្នាក់»។ សុធាវី ​បាន​​ចែក​ផ្លូវ​ជាមួយ​​ប្រពន្ធ​​គាត់​ក្រោយ​របប​ខ្មែរ​ក្រហម។

ក្រោយ​គាត់​រៀបការ មន្ទិល​សង្ស័យ និង​​ពាក្យ​ចចាម​អារា​ម​ជុំវិញ​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​របស់​គាត់​ ក៏​ត្រូវ​បញ្ចប់។ ប៉ុន្តែ​សុធាវី​មិន​បាន​បោះ​បង់​ចោល​ធម្មជាតិ​របស់​ខ្លួន​ឯង​ទេ។ គាត់​បាន​បន្ត​​ទាក់​ទង​​ប្រុស​ ដោយ​សារ​ចំណង់​របស់​គាត់ និង​ដោយ​សារ​ភាព​ចាំ​បាច់ ដើម្បី​បាន​ទទួល​របប​អង្ករ​បន្ថែម។ វា​ជា​ល្បែង​ដ៏​គ្រោះ​ថ្នាក់​មួយ។ នៅ​ទី​បំផុត គាត់​ត្រូវ​​គេ​ចាប់​បាន។ គាត់​ក៏​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរ​ឃុំ​ឃាំង។ គាត់​ប្រហែល​​ត្រូវ​អស់​ជីវិត​នៅ​ក្នុង​គុក​នោះ ប្រសិន​​បើ​ប្រធាន​គុក​ឈ្មោះ​សន មិន​បាន​ការពារ​​គាត់​​ទេ​​នោះ។ «គាត់​​​ស្រឡាញ់​ខ្ញុំ​ចង់​ឆ្កួត ហើយ​បាន​ជួយ​​ខ្ញុំ​គ្រប់​ពេល​​ដែល​​ខ្ញុំ​ត្រូវ​ជាប់​ឃុំ។ នៅ​ដំណាច់​ឆ្នាំ​១៩៧៨ ពួក​យើង​បាន​រត់​គេច​​ទៅ​ដល់​​ប្រទេស​​វៀត​​ណាម ប៉ុន្តែ​គាត់​ត្រូវ​គេ​សម្លាប់​នៅ​តាម​ផ្លូវ។ មក​ដល់​ពេល​នេះ ខ្ញុំ​នៅ​តែ​យំ​​ ដោយ​សារ​មរណភាព​របស់​គាត់…» សុធាវី​បង្ហើប​អោយ​ដឹង​ដូច្នេះ ហើយ​រង្វង់​​ភ្នែក​ដ៏​ស្រស់​ស្អាត​របស់​គាត់​ក៏​ស្រាប់​តែ​ពោរ​ពេញ​ទៅ​ដោយ​ទឹក​ភ្នែក។

ធ្វើសក្ខីកម្មប្រឆាំងនឹងពួកខ្មែរក្រហម និងដើម្បីអ្នកស្រឡាញ់ភេទដូចគ្នា

សុធាវី​ប្រកាស​ដោយ​ការ​តាំង​ចិត្ត​ថា៖ «ខ្ញុំ​ចង់​ធ្វើ​ជា​​សាក្សី​នៅ​តុលាការ​​ អំពី​ការ​​ឈឺ​ចាប់​នៅ​ក្រោម​របប​ខ្មែរ​ក្រហម អំពី​ការ​កាប់​សម្លាប់​ដ៏​ឆ្កួត​លីលា​នេះ និង​​និយាយ​​ពី​ដៃ​គូ​ស្រឡាញ់​ភេទ​​ដូច​គ្នា​របស់​ខ្ញុំ ដែល​​ស្លាប់​ដោយ​សារ​តែ​​រឿង​​ចំណង់​​ផ្លូវ​ភេទ​របស់​ពួកគេ»។

គាត់​មិន​ខ្លាច​ទេ​ ពី​​ក្រសែ​ភ្នែក​រិះ​គន់ ឬ​មើល​ងាយ របស់​​ជន​រួម​ជាតិ​ឯ​ទៀត​ មក​លើ​រូប​គាត់​ប្រសិន​បើ​គាត់​ធ្វើ​ជា​សាក្សី​នោះ​ទេ។ គាត់​បាន​​បំពេញ​បែប​បទ​បណ្តឹង​រួច​ហើយ។ «ចម្លើយ​សាក្សី​របស់​ខ្ញុំ​អាច​​ចូល​រួម​ផ្លាស់​ប្តូរ​​ផ្នត់​​គំនិត និង​ជួយ​អោយ​កម្ពុជា​យល់​ទទួល​​ព្រម​ទទួល​​យក​អ្នក​ស្រឡាញ់​ភេទ​​ដូច​គ្នា​ដោយ​បើក​ចំហ»។ ដោយ​នៅ​តែ​បន្ត​​ធ្វើ​ជា​ស្រ្តី​រក​​ស៊ី​ផ្លូវ​ភេទ​​នៅ​ទី​ក្រុង​​ភ្នំពេញ បើ​ទោះ​ជា​អាយុ​គាត់​ច្រើន​ហើយ​ក្តី សុធាវី​មិន​មាន​ខ្មាស់​អៀន​ ក្នុង​​ការ​​បង្ហាញ​ពី​ភាព​ខុស​ប្លែក​របស់​គាត់​ទេ។ ការ​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ជា​អ្វី គឺ​ជា​​ការ​​តស៊ូ​មួយ​ នៅ​ក្នុង​ជីវិត។

__________________________________

  • អត្ថបទ៖ ឈាង បុប្ផា
  • ប្រភព៖ កាសែត
  • កាលបរិច្ឆេទ៖ ២ កក្កដា ២០០៨

3 thoughts on “ស៊ូ សុធាវី & សុថា​៖ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ នៅ​សម័យ​ខ្មែរ​ក្រហម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s