អ្នក​ទោស​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា ​ទាមទារ​យុត្តិធម៌ ​លើ​បទ​ចោទ

ភ្នំពេញៈ នាង ផ្លុង ស្រីរ៉ាន់ អាយុ ២២​ឆ្នាំ ជា​ឧទាហរណ៍​នៃ​ការ​អត់​ធន់​ ខណៈ​ដែល​នាង​ដើរ​ចុះ​ឡើង​នៅ​ទីធ្លា​ដី​ក្នុង​ពន្ធនាគារ ក្នុង​ឯក​សណ្ឋាន​ពន្ធនាគារ​ពណ៌​ខៀវ​លាយ​ស។ ភាព​នៅ​ដាច់​តែ​ឯង​របស់​នាង​បង្ហាញ​ពី​ភាព​សោកសៅ​ឬ​ក៏​ជា​ការ​ចុះ​ញ៉ម​នឹង​ ការ​ពិត​ ក៏ព្រោះ​តែ​នាង​ត្រូវ​នៅ​ជាប់​ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ​កន្លះ​បន្ត​ទៀត​ពី​បទ​រួម​ភេទ​ជាមួយ​មិត្ត​ស្រី​ជាទី​ស្រឡាញ់​របស់​ ខ្លួន។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​នេះ កម្ម​ការិនី​វ័យ​ក្មេង​រូប​នេះ ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​រំលោភ​មាត្រា​ ៤២ នៃ​ច្បាប់​ស្តីពី​ការ​បង្រ្កាប​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​កេង​ប្រវញ្ច​ ផ្លូវ​ភេទ ដោយ​សារ​នាង​បាន​រួម​ភេទ​ជាមួយ​នឹង​មិត្ត​ស្រី​នាង​ដែល​មាន​អាយុ​តិច ជាង​១៥ ឆ្នាំ​។ នាង​ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ៥ ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ៥០០​ដុល្លារ​អាមេរិក។

ប៉ុន្តែ​នាង ហ៊ត សុភឿន​ជា​អនីតិជន​ដែល​ត្រូវ​ជា​មិត្ត​ស្រី នាង ផ្លុង ស្រីរ៉ាន់ ត្រូវ​បាន​កាត់​ទោស​ពី​បទ​រួម​ភេទ​ជាមួយ​នាង​នោះ​ គឺ​អ្នក​ទាំង​ពីរ​ជួប​គ្នា​ខណៈ​ដែល​ពួក​គេ​ធ្វើ​ការ​នៅ​រោងចក្រ Ying Dong Shoe ជា​របស់​ជន​ជាតិ​ចិន​តៃវ៉ាន់​ក្នុង​ខេត្ត​កណ្តាល។

នាង ស្រីរ៉ាន់ បាន​អះអាង​ថា ការ​ចាប់​ខ្លួន​និង​ការ​ផ្តន្ទាទោស​នេះ ​គឺជា​គម្រោង​ការ​អាក្រក់​រៀបចំ​ឡើង​ដោយ​គ្រួសារ​មិត្ត​ស្រី​នាង ដែល​មិន​សប្បាយ​ចិត្ត​ចំពោះ​ទំនាក់​ទំនង​របស់​ពួក​គេ​ទាំង​ពីរ។

នាង ផ្លុង ស្រីរ៉ាន់ បាន​ពន្យល់​កាល​ពី​ម្សិលមិញ​ថា៖ «​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១១ ​បង​ប្រុស​មិត្ត​ខ្ញុំ​បាន​ដាក់​ពាក្យ​ប្តឹង​ថា​ខ្ញុំ​បង្ខាំង​នាង​ខុស ច្បាប់​។ ​នគរបាល​បាន​ចាប់​ខ្លួន​ខ្ញុំ ហើយ​ចោទ​ប្រកាន់​ខ្ញុំ ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​និង​ជួញ​ដូរ​មនុស្ស​»។

នាង​បាន​បន្ត​ថា៖ «​ខ្ញុំ​បាន​ប្រាប់​នគរបាល​ថា ខ្ញុំ​មិន​បាន​ជួញ​ដូរ​មនុស្ស​ទេ​ និងថា ពួក​យើង​ស្រឡាញ់​គ្នា។ ខ្ញុំ​មិន​យល់​ទេ ថា​តើ​មូល​ហេតុ​អ្វី​បង​ប្រុស​របស់​នាង​បាន​ដាក់​ពាក្យ​ប្តឹង​ខ្ញុំ»។

តាម​លិខិត​ទាក់ទង​រវាង​ស្រ្តី​ទាំង​ពីរ ហាក់​ដូច​ជា​គាំទ្រ​ការ​អះអាង​ទាំង​នេះ។ ក្នុង​លិខិត​គ្មាន​ថ្ងៃ-ខែ ​មួយ​ពី​នាង ហ៊ត សុភឿន​ផ្ញើ​ទៅ​នាង ផ្លុង ស្រីរ៉ាន់ នាង សុភឿន  សរសេរ​ថា ៖ «បង​ប្រុស​របស់​ខ្ញុំ បង្ខំ​ខ្ញុំ​ឲ្យ​ឈប់​ទាក់ទង​អ្នក ប៉ុន្តែ ខ្ញុំ​ត្រូវ​តែ​ជម្នះ …អ្នក​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ខ្លាំង​ណាស់​»។

នាង ផ្លុង ស្រីរ៉ាន់ បាន​ឲ្យ​ដឹង​ថា នាង​មិន​បាន​ដឹង​ថា​ មិត្ត​ស្រី​របស់​នាង​ជា​ក្មេង​ស្រី​មិន​គ្រប់​អាយុ​នោះ​ទេ។ នាង​អះអាង​ថា គ្រួសារ​របស់​នាង ហ៊ត សុភឿន បាន​កុហក​អាជ្ញាធរ​នៅ​ពេល​ពួក​គេ​ផ្តល់​ឯកសារ​​ ក្នុង​តុលា​ការ ដែល​បង្ហាញ​ថា  ហ៊ត សុភឿន ​មាន​អាយុ​តែ​១៥​ឆ្នាំ​ប៉ុណ្ណោះ ជា​ឯកសារ​ដែល​នាំ​ទៅ​រក​ការ​ផ្តន្ទាទោស​រូប​នាង។

នាង​បាន​លើក​ឡើង​ពី​ម្សិលមិញ​ថា ៖  «​គ្រួសារ​មិត្ត​ស្រី​របស់​ខ្ញុំ​កុហក​តុលាការ បើ​គេ​និយាយ​ថា​មិត្ត​ស្រី​ខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ​»។

ច្បាប់​ការងារ​ចែង​ថា កម្មករ​រោងចក្រ​ត្រូវ​មាន​អាយុ​លើស​ពី​១៨​ឆ្នាំ ​ដូច្នេះ បើ​ឯកសារ​ដែល​ផ្តល់​ឲ្យ​តុលាការ​ជា​ការ​ពិត ​នោះ​មាន​តែ​ រោង​ចក្រ Ying Dong Shoe ដែល​ជា​សមាជិក​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ជួល​ក្មេង​ស្រី​មិន​គ្រប់​អាយុ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​។ តែ​បើ​មិន​ពិត ​វា​មាន​ន័យ​ថា ​នាង​ ស្រីរ៉ាន់ ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ជិត​ ៥ ឆ្នាំ ​ទៀត ចំពោះ​បទ​ល្មើស​ដែល​នាង​មិន​បាន​ប្រព្រឹត្ត​។

លោក Lei Shi Ken មន្រ្តី​រដ្ឋ​បាល​នៅ​រោង​ចក្រ​បាន​បដិសេធ​ថា រោងចក្រ​មិន​បាន​ជួល​កម្មករ​មិន​គ្រប់​អាយុ​នោះ​ឡើយ។

លោក​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ​រោងចក្រ ​«ជួល​តែ​ក្មេង​ស្រី​  ដែល​មាន​អាយុ​១៨​ឆ្នាំ​លើស​ប៉ុណ្ណោះ» ដែល​បញ្ជាក់​ដោយ​សំបុត្រ​កំណើត អត្ត​សញ្ញាណ​ប័ណ្ណ និង​ថា រោងចក្រ​មិន​ដែល​មាន​បញ្ហា​​ទេ។

ជា​ការ​ពិត ច្បាប់​ចម្លង​សំបុត្រ​កំណើត​និង​សៀវភៅ​គ្រួសារ នាង ហ៊ត សុភឿន  ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​ពី​រោង​ចក្រ​បង្ហាញ​ថា នាង ហ៊ត សុភឿន កើត​នៅ​ថ្ងៃ​ទី៩ មីនា ១៩៩២ ​គឺ​នាង​មាន​អាយុ​១៩​ឆ្នាំ ពេល​ដែល​នាង ផ្លុង ស្រីរ៉ាន់ ត្រូវ​បាន​ចាប់​ខ្លួន​។​

លោក Lei Shi Ken ក៏​បាន​លើក​ឡើង​ដែរ​ថា អាជ្ញាធរ​មិន​បាន​ទាក់​ទង​លោក​សួរ​អំពី​កម្ម​ការិនី​ទាំង​ពីរ​នាក់​នេះ​ឡើយ។

បុគ្គលិក​សិទិ្ធ​មនុស្ស​និង​ក្រុម គ្រួសារ​ដែល​ដឹង​អំពី​រឿង​ក្តី​នេះ បាន​ថ្លែង​ថា នេះ​ជា​ឧទាហរណ៍​អំពី​សមាជិក​គ្រួសារ ដែល​មិន​សប្បាយ​ចិត្ត​នឹង​ទំនាក់​ទំនង​ភេទ​ដូច​គ្នា​របស់​កូន​ស្រី ឬ​ប្អូន​ស្រី អាច​ប្រើ​តុលាការ​ដោយ​អយុតិ្ត​ធម៌ជា​អាវុធ​ដើម្បី​បញ្ចប់​ទំនាក់​ទំនង​នោះ និង​ដាក់​ទោស​អ្នក​ពាក់​ព័ន្ធ​ស្នេហា​ភេទ​ដូច​គ្នា​។​

លោក ហែម សុខលី ​​អ្នក​សម្រប​សម្រួល​គម្រោង​ភេទ​និង​អត្ត​សញ្ញាណ​យេនឌ័រ នៅ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា កាល​ពី​ម្សិលមិញ បាន​អំពាវ​នាវ​ឲ្យ​តុលាការ «​រក​យុតិ្តធម៌​»ឲ្យ​នាង ស្រីរ៉ាន់ ដែល​លោក​ជឿថា នាង​ជា​ «​ជន​រងគ្រោះ»។ ​ លោក​ថ្លែង​ថា៖«នាង​មិន​គួរ​ទទួល​ទោស​ ដោយ​សារ​មាន​ទំនាក់​ទំនង​ភេទ​ដូច​គ្នា​ទេ​»។ លោក​ក៏​ជំរុញ​ឲ្យ​មន្រ្តី «​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ពេញ​លេញ»។

នាង ផ្លុង ស្រីរ៉ាន់ ​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលា​ការ ប៉ុន្តែ​ រហូត​ដល់​ពេល​នោះ​នាង​ថា នាង​ព្រួយបារម្ភ​​អំពី​គ្រួសារ​របស់​នាង ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រាក់​ខែ​ចំនួន​៦១​ដុល្លារ​របស់​នាង។ ​​នាង​ថា៖ «ខ្ញុំ​ត្រូវ​ថែទាំ​និង​ឧបត្ថម្ភ​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​ជា​អ្នក​ឧបត្ថម្ភ​តែ​ម្នាក់​គត់ …​យើង​ក្រីក្រ​ណាស់»។

លោក ផ្លុង សុខា ឪពុក​របស់​នាង ស្រីរ៉ាន់ ​ដែល​ជា​អតីត​ទាហាន ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នេះ​ដែរ។

លោក ផ្លុង សុខា បាន​បញ្ជាក់​ថា ៖ «​រៀង​រាល់​ថ្ងៃ​ យើង​ពឹង​ផ្អែក​លើ​កូន​ស្រី​ម្នាក់​នេះ ដើម្បី​ឧបត្ថម្ភ​គ្រួសារ​យើង ព្រោះ​នាង​ធ្វើ​ការ​នៅ​រោងចក្រ​»។

ប៉ុន្តែ ម្តាយ​របស់​នាង​ ផ្លុង ស្រី​រ៉ាន់ បាន​ថ្លែង​ថា អ្នក​ស្រី​ព្រួយ​បារម្ភ​ពី​កូន​អ្នក​ស្រី​ច្រើន​ជាង។ អ្នក​ស្រី​ថ្លែង​ថា​៖ «នាង​សោក​សៅ​ណាស់ ក្នុង​ពន្ធនាគារ។ ខ្ញុំ​អាណិត​កូន​ស្រី​ខ្លាំង​ណាស់»។

លោក លីម សុគន្ថា ចៅក្រម​ជំនុំ​ជម្រះ​ក្នុង​រឿង​ក្តី​នេះមិន​អាច​ទាក់​ទង​សុំ​ការ​ អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ ចំណែក​ឯ​នាង ច័ន្ទ រាសីភក្រ្ត ​មេធាវី​តែង​តាំង​ដោយ​តុលាការ​សម្រាប់​នាង ផ្លុង​ ស្រីរ៉ាន់ បាន​ឲ្យ​ដឹង​ថា នាង​មិន​ពាក់​ព័ន្ធ​ក្នុង​រឿង​ក្តីនេះ​ទៀត​ទេ ហើយ​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថា​ធិប្បាយ​ទេ។

នាង ហ៊ត សុភឿន និង​គ្រួសារ​របស់​នាង​មិន​អាច​ទាក់​ទង​បាន​ទេ។ ​​អ្នក​ដែល​ដឹង​អំពី​ករណី​នេះ​ថ្លែង​ថា ហ៊ត សុភឿន កំពុង​ជាប់​ក្នុង​ផ្ទះ​ហើយ​លេខ​ទូរស័ព្ទ​ទាំង​អស់​ត្រូវ​កាត់​ផ្តាច់៕

___________________________________

3 thoughts on “អ្នក​ទោស​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា ​ទាមទារ​យុត្តិធម៌ ​លើ​បទ​ចោទ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s