អ្នកជាមនុស្ស អ្នកស្រឡាញ់ភេទដូចគ្នាក៏ជាមនុស្ស

រូបភាពដកស្រង់ចេញពីខ្សែភាពយន្តថៃ ស្តីពីស្ត្រីស្រឡាញ់ស្ត្រីដូចគ្នា “Yes or No”

មនុស្សគ្រប់ៗរូបកើតមក មានភាពស្នើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចៗគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និងស្ថានភាពឯទៀតឡើយ។ តែទោះបីជានៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិនានា បានចែងពីសេចក្តីនេះ និងហាមឃាត់កុំឲ្យមានការរើសអើងមនុស្សដូចគ្នាក៏ដោយ ក៏នៅកម្ពុជា ឬនៅជុំវិញពិភពលោក ការរើសអើង និងការរំលោភបំពានទៅលើសិទ្ធិ និងសេរីភាពរបស់មនុស្ស ក៏ចេះតែបន្តកើតមានជាហូរហែ។

ខណៈពេលដែលបញ្ហាការរើសអើងជនជាតិស្បែកខ្មៅ និងនារី កំពុងតែធ្វើដំណើរសន្សឹមៗរបស់ខ្លួន ទៅរកចំនុចសូន្យ បញ្ហានៃការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នា ក៏បានផ្ទុះឡើង និងមានសភាពគួរឲ្យភ័យព្រួយ ស្របពេលដែលយុវវ័យដែលស្រឡាញ់ភេទដូចគ្នា ហ៊ានបង្ហាញមុខជាចំហរ ថាខ្លួនជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា ច្រើនទៅៗ។

មនុស្សភាគច្រើនយល់ថា អ្នកដែលស្រឡាញ់ភេទដូចគ្នា គឺមានជម្ងឺ គួរឲ្យខ្ពើមរអើម និងធ្វើអ្វីឆ្កួតៗ ខុសពីច្បាប់ក្រិតក្រមធម្មជាតិ។ ពួកគេជាកូនអកត្តញ្ញូ មិនដើរតាមគន្លង និងកំពុងតែធ្វើឲ្យពិភពលោកនេះ ច្របូកច្របល់ និងឈានទៅដល់ការដាច់ពូជរបស់មនុស្សជាតិ។ នេះជាការយល់ច្រលំ និងការមិនយល់របស់ពួកគេ។ ត្រូវយល់ថា គ្មាននរណាម្នាក់ ចង់កើតមកអ៊ីចឹងនោះទេ។ តើនរណាចង់កើតមក ឲ្យគេដៀលថា អាខ្ទើយ មីខ្ទើយនោះ?

ស្នេហា មិនប្រាកដថា ឲ្យតែអ្នកមានភេទដូចគ្នា មិនអាចស្រឡាញ់គ្នាបាននោះឡើយ។ ស្នេហាមិនប្រកាន់អ្វីទាំងអស់ សូម្បីតែភេទ។ ពេលដែលវាមកដល់ វាពិបាកនឹងទប់ជាប់ណាស់។ មិនថាជារបស់អ្នកស្រឡាញ់ភេទដូចគ្នា ឬផ្ទុយគ្នា ស្នេហា វាសុទ្ធតែមានចំនុចដូចគ្នា។ វាកើតចេញមកពីការទាក់ទាញ ការចូលចិត្ត ការមានចំណង់ចំណូលចិត្ត ឬចិត្តគំនិតត្រូវគ្នា ការគោរព ការឲ្យតម្លៃ និងការមានជំនឿទុកចិត្តលើគ្នាទៅវិញទៅមក។ បើមិនមានចំនុចទាំងនេះ នោះពួកគេមិនអាចជួបប្រសព្វគ្នាឡើយ។ ម៉្យាងស្នេហា និងការរួមរស់នៅជាមួយគ្នា មិនប្រាកដថាឲ្យតែមានកូនដែលជារបស់ខ្លួន មានសុភមង្គលនោះទេ។

នៅពេលដែលយើងសាកល្បង និងព្យាយាមធ្វើជាមិត្តរបស់ពួកគេ រៀនស្វែងយល់ពីពួកគេ នោះយើងនឹងដឹងថា ពួកគេក៏មិនខុសពីយើង។ ពួកគេក៏មានសមត្ថភាព បំណងប្រាថ្នា និងក្តីសុបិនដូចជាយើងរាល់គ្នា ហើយក៏ចង់ឲ្យជីវិតរបស់ខ្លួនមានក្តីសុខ ប្រកបដោយភាពរីករាយ និងមានន័យ។ ពួកគេក៏មានការងារ និងមានរបៀបរបបរស់នៅ ដែលជារបស់ខ្លួន ដែលមិនខុសគ្នាពីអ្នកដទៃ។ ពេលខ្លះ មិនប្រាកដថា បុរសដែលស្រឡាញ់បុរស ត្រូវតែចេះចម្អិនម្ហូបអាហារ ធ្វើការងារផ្ទះ ស្លៀកពាក់ តែងខ្លួន និងធ្វើឬកពាម្ញ៉ិកម៉្ញក់ដូចស្ត្រី ហើយក៏មិនប្រាកដថា ស្រ្តីដែលស្រឡាញ់ស្ត្រី ត្រូវតែមានសក់ខ្លី ស្លៀកពាក់ ឬក៏ធ្វើដំណើរ ធ្វើឬកពាឲ្យដូចជាបុរស។ មិនត្រឹមតែប៉ុណ្ណោះ មិនប្រាកដថា ឲ្យតែពួកក្រុមបុរសស្រឡាញ់បុរស សុទ្ធតែជាក្រុមដែលរកស៊ីផ្លូវភេទ ដើរចម្លងរោគឲ្យអ្នកដទៃ ហើយក៏មិនប្រាកដថា ឲ្យតែក្រុមស្ត្រីស្រឡាញ់ស្ត្រី សុទ្ធតែជាក្រុមក្មេងទំនើង ដើរពង្វក់កូនក្រមុំគេដែរ។ អ្នកដែលស្រឡាញ់ភេទដូចគ្នា មិនថាបុរសស្រឡាញ់បុរស ស្រ្តីស្រឡាញ់ស្ត្រី អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ក៏ជាក្រុមមនុស្សដែលមានច្រើនប្រភេទ និងច្រើនសណ្ឋាន ដូចជាមនុស្សដែលស្រឡាញ់ភេទផ្ទុយគ្នាអ៊ីចឹងដែរ។

អ្នកជាមនុស្ស អ្នកស្រឡាញ់ភេទដូចគ្នា ក៏ជាមនុស្ស។ មនុស្សម្នាក់ៗ មានដំណើរជីវិតផ្សេងៗពីគ្នា។ តម្រូវការជីវិត គឺមិនដូចគ្នាឡើយ។ រឿងស្នេហា គឺជារឿងរបស់បុគ្គល ហើយក៏ជាបញ្ហាសម្រេច និងទំនួលខុសត្រូវរបស់បុគ្គលផងដែរ។ បើគ្រាន់តែរឿងស្នេហា ដែលជារឿងរបស់បុគ្គល មិនមែនជារឿងសាធារណ៍ យើងបែរជានាំគ្នាបដិសេធគាត់ រើសអើងពួកគាត់ និងហាមផ្តាច់ពួកគាត់ ជាពិសេសយកអំពើហិង្សា និងការបំបិទសិទ្ធិមកធ្វើជារនាំង នោះវានឹងមិនខុសគ្នា ពីសង្គ្រាមរើសអើង រវាងជនជាតិស្បែកស និងស្បែកខ្មៅ ឬរវាងបុរស និងនារីឡើយ៕

________________

អត្ថបទ៖ អាពៅ

កាលបរិច្ឆេទ៖ ៨ មីនា ២០១២ 

2 thoughts on “អ្នកជាមនុស្ស អ្នកស្រឡាញ់ភេទដូចគ្នាក៏ជាមនុស្ស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s