ភេទដូចគ្នា…តែរៀបការបាន​

សូមស្រមៃថា អ្នកកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងងប់ងុលជាមួយនរណាម្នាក់ ដែលអ្នកមានអារម្មណ៍ថា អាចផ្តល់នូវសុភមង្គល សម្រាប់ពេលវេលាដែលនៅសេសសល់នៃជីវិតរបស់អ្នក។ តែអ្នកមិនអាចរៀបការជាមួយពួកគេបានទេ ព្រោះប្រទេសដែលអ្នកកំពុងតែរស់នៅមិនអនុញ្ញាតឲ្យ។ សម្រាប់អ្នកដែលមានចំណងស្នេហ៍ជាមួយភេទផ្តុយគ្នារឿងនេះ ប្រហែលជាមិនអាចកើតឡើងទេ តែសម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា និងនៅក្នុងប្រទេសភាគច្រើននៅជុំវិញពិភពលោក វាជាការពិតដែលថា ពួកគេប្រឈមមុខ នៅពេលពួកគេចង់ធ្វើការតាំងចិត្តចំពោះដៃគូរបស់ពួកគេជាផ្លូវការ។

ក្នុងទសវត្សរ៍ចុងក្រោយនេះ អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលជាចំណងផ្លុវច្បាប់រវាងបុរសនិងបុរស ឬស្រីជាមួយស្រ្តី បានក្លាយទៅជាប្រធានបទប្រកែកតវ៉ាគ្នាទៅវិញទៅមក យ៉ាងក្តៅគគុក នៅក្នុងប្រទេស នៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើងជាច្រើនហើយ រួមទាំងមានការធ្វើបាតុកម្ម និងតវ៉ាដែលត្រុវបានរៀបចំឡើងពីសំណាក់ភាគីទាំងពីរដែលជាលទ្ធផលបណ្តាលឲ្យមានចេញច្បាប់អនុញ្ញាតឲ្យមានការរៀបការភេទដូចគ្នា ដោយស្របច្បាប់នៅតាមតំបន់មួយចំនួន និងមានការហាមប្រាមនៅកន្លែងដទៃទៀត។ ខណៈពេល ការទាមទារតវ៉ា ដើម្បីសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាកំពុងមានបម្រែបម្រួលក្នុងប្រទេសមួយចំនួន ដូចជាប្រទេសហូឡង់ ជាប្រទេសដំបូងគេ ដែលផ្តល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍ភេទដូចគ្នា កាលពីឆ្នាំ២០០១ និងប្រទេសអេស៉្បាញ ជាប្រទេសតែមួយគត់ ដែលការរៀបការរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានទទួលស្គាល់ក្រោមដំបូលច្បាប់តែមួយ ដូចជាការរៀបអាពាហ៍ពិពាហ៍មុនៗដែរ មានការប្រែប្រួលតិចតួចបំផុត ត្រូវបានធ្វើឡើង ដើម្បីបើកទ្វារឲ្យមានការរៀបការភេទដូចគ្នា នៅក្នុងប្រទេសកំពុងរីកចម្រើន និងអភិរក្សផ្នែកសង្គម ដូចជាប្រទេសកម្ពុជានោះ។

លោក ជាប យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា៖ «រហូតមកទល់ពេលនេះ យើងមានតែប្រពៃណីទំនៀមទម្លាប់បុរសការជាមួយស្រ្តី។ វាប្រសើរជាងចំពោះការដែលពុំមានច្បាប់អនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នាបែបនេះ ដូច្នេះទើបរដ្ឋាភិបាលអាចដោះស្រាយជាមួយច្បាប់ផ្សេងទៀតបាន។ រដ្ឋាភិបាលត្រូវតែផ្តោតលើការអភិវឌ្ឍប្រទេស មុនពេលពួកគេអាចចាប់ផ្តើមគិតអំពីច្បាប់រៀបការភេទដូចគ្នានេះ»។

ទោះបីជាការពិត ដែលថាអង្គការរបស់លោកគាំទ្រសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជាក្តី លោក អំ សំអាត មន្ត្រីគ្រប់គ្រងបច្ចេកទេសនៃអង្គការលីកាដូ បានឯកភាពថា បច្ចុប្បន្នអាចមិនមែនជាពេលវេលាសម្រាប់ធ្វើការកែប្រែបែបនោះទៅលើរចនាសម្ព័ន្ធសង្គមនៃប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថា៖ «ច្បាប់បែបនោះ អាចបង្កឲ្យមានការរើសអើង និងជម្លោះកាន់តែច្រើននៅក្នុងសង្គម»។ លោកបានពន្យល់ថា ប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍ មិនមែនជាប្រទេសអភិវឌ្ឍជឿនលឿននៅឡើយទេ ដូច្នេះការផ្លាស់ប្តូរ ត្រុវតែធ្វើឡើង ជាជំហានៗ។

ទោះបីជាការទទួលស្គាល់អាពាហ៍ពិពាហ៍ខ្ទើយ ដោយស្របច្បាប់ អាចមិនមែនជាការពិតក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នក្តី វាមិនបានបញ្ឈប់ដៃគូខ្ទើយជាច្រើនគូ មិនឲ្យរួមរស់នៅជាមួយគ្នា ដូចជាប្តីប្រពន្ធនោះទេ។ កញ្ញាអ៊ុក ដារ៉េត ងាយុ២៩ឆ្នាំ ដែលជាស្ត្រីកែភេទ និងស្វាមីនាងឈ្មោះ ចំរើន បានរស់នៅជាមួយគ្នាអស់រយៈពេលជិត៨ឆ្នាំមកហើយ។ នាងបានប្រាប់ឲ្យដឹងថា៖ «ទោះបីយើងមិនមែនកើតមកជាស្រីក្តី យើងក៏ត្រូវការសិទ្ធិ ដើម្បីរៀបការដូចមនុស្សដទៃទៀតដែរ»។

សំឡេងទាមទារសិទ្ធិភេទដូចគ្នា គួរឲ្យកត់សម្គាល់បំផុតមួយ គឺរឿងរបស់ប៉ុបពី ដែលជាតារាសម្តែងភេទដូចគ្នាដ៏ល្បីឈ្មោះម្នាក់ ដេលបានទទួលឈ្មោះបោះសំឡេងកាន់តែខ្លាំងឡើង តាមរយៈការសម្តែងរបស់នាង ក្នុងកម្មវិធីទូរទស្សន៍ និងឈុតឆាកកំប្លែងនានា។ នាងបានប្រាប់ទស្សនាវដ្តីLift ក្នុងកិច្ចសម្ភាសន៍មួយថា៖ «យើងរស់នៅក្នុងសង្គមប្រជាធិបតេយ្យមួយ។ យើងមានសិទ្ធិរៀបការជាមួយនរណាម្នាក់ ដេលយើងស្រឡាញ់ លើកលែងតែយើងបង្កឲ្យខូចខាត ឬបែកបាក់សង្គម។ វាជាបញ្ហាសិទ្ធិរបស់មនុស្ស។ មនុស្សភេទដូចគ្នា  អាចធ្វើការ និងធ្វើអ្វីផ្សេងគ្រប់យ៉ាងបាន។ យើងគួរតែទទួលបានសិទ្ធិ ដើម្បីរៀបអាពាហ៍ពិពាហ៍»។

សូម្បីតែសម្តេចឪ នរោត្តមសីហនុ នៅជិតចុងបញ្ចប់នៃអាណត្តិគ្រងរាជ្យរបស់ទ្រង់ កាលពីឆ្នាំ២០០៤ ក៏បានប្រកាសថា ព្រះអង្គឈ្វេងយល់ថា អាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នា គួរតែទទួលបានការអនុញ្ញាត នៅក្នុងប្រទេសកម្ពុជា។ ទ្រង់មានបន្ទូលថា ជាប្រទេសដែលមានលក្ខណៈសេរីប្រជាធិបតេយ្យព្រះរាជាណាចក្រនេះ គួរតែអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍រវាងបុរស និងបុរស ឬរវាងស្រ្តី និងស្រ្តី បើសិនជាពួកគេចង់ការ។

សិស្ស និស្សិតសាកលវិទ្យាល័យជាច្រើន ក៏ហាក់ដូចជាមានគំនិតសេរី ស្តីពីអាពាហ៍ពិពាហ៍ផងដែរ ដោយពួកគេបានស្រង់ពុទ្ធឱវាទនៃការទទួលយកធ្វើជាមូលហេតុ សម្រាប់ការទទួលយកច្បាប់នេះ។ លោក ថុង ចន្ទធីម អាយុ២២ឆ្នាំ ដែលជានិស្សិតឆ្នាំទី៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានថ្លែងថា លោកគាំទ្រយ៉ាងខ្លាំង ចមពោះការអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយស្របច្បាស់ ព្រោះតាមទ្រឹស្តីប្រជាជនកម្ពុជាភាគច្រន គោរព និងអនុវត្តតាមព្រះពុទ្ធសាសនា ដូច្នេះហើយការផ្តល់សិទ្ធិស្មើភាពគ្នា ដល់មនុស្សស្រឡាញ់ភេទដូចគ្នា នឹងជួយឲ្យពួកគេរស់នៅ ដោយបើកចំហ និងកាត់បន្ថយការរើសអើង ដែលពួកគេបានប្រឈមមុខ។

លោក ងួន ណូរ៉ាមី និស្សិតវ័យ២០ឆ្នាំ សិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យកម្ពុជា បានយល់ស្របថា ការខ្ពើមរអើម និងស្ពប់ការស្រឡាញ់ភេទដូចគ្នា នឹងចុះអន់ថយ បើពួកគេទទួលបានសិទ្ធិរៀបការនោះ។ លោកថ្លែងឲ្យដឹងថា៖ «យើងមិនអាចបន្ទោសពួកគេ ចំពោះការគ្រាន់តែស្រឡាញ់អ្នកណាម្នាក់ ដែលមានភេទដូចគ្នានោះទេ ព្រោះវាគឺជាធម្មជាតិរបស់ពួកគេ។ វាមិនខុសពីស្រ្តីស្រលាញ់បុរសនោះទេ។ បើយើងមិនបង្កើតច្បាប់នោះទេ ពួកគេអាចនឹងធ្វើអត្តឃាត ឬធ្វើអ្វីឆ្កួតៗចំពោះសង្គម»។

ការព្រួយបារម្ភថា ការស្រឡាញ់ភេទដូចគ្នា អាចនាំទៅរកការធ្វើអត្តឃាត បើសិនចាសង្គមមិនទទួលយកពួកគេ គឺជាគំនិតមួយ ដែលទទួលឥទ្ធិពល ដោយរឿងឆ្នាំ២០០៩មួយ ដែលមានចំណងជើងថា «ខ្ញុំជានរណា?» ដែលត្រូវបានសរសេរ និងដឹកនាំរៀងដោយ អ្នកស្រី ពាន់ ភួងបុប្ផា និងដែលត្រូវបានចាក់ផ្សាយជាច្រើនលើកតាមកញ្ចក់ទូរទស្សន៍ CTN  ដែលជាទូរទស្សន៍មានគេនិយមទស្សនាច្រើនជាងគេបំផុត។ ខ្សែភាពយន្តនោះនិយាយអំពីក្តីស្នេហារវាងស្ត្រីពីរនាក់ ដែលរងនូវការបំបែកបំបាក់គ្នា ពីសំណាក់ឪពុកម្តាយទាំងសងខាង ដែលជំទាស់មិនឯកភាព និងស្នេហារបស់ពួកគេ។ កុននោះ បញ្ចប់ជាមួយនឹងឈុតឆាកធ្វើអត្តឃាត ដោយតួស្ត្រីទាំងពីររូប បានស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់។

ខណៈពេលវាហាក់ដូចជាស្នេហាភេទដូចគ្នា កំពុងទទួលបានការទទួលស្គាល់ នៅក្នុងប្រទេសនេះ វាមានតំរុយតិចតួចណាស់ អំពីចលនារីករាលដាលឆ្ពោះទៅរកការទាមទារសិទ្ធិស្មើភាពគ្នា សម្រាប់មនុស្សដែលជាខ្ទើយ ដោយបើកចំហភាគច្រើន ប្រើតែដូចដែលបានលើកឡើងពីឧទាហរណ៍នៃភាពយន្តខាងដើម វាមិនមែនជារដ្ឋាភិបាលទេ គឺគ្រួសារ ដែលបានរារាំងកូនៗរបស់ពួកគេ មិនឲ្យដែគូដែលមានភេទដូចគ្នា រួមរស់នៅជាមួយគ្នា។ វាមានមនុស្សស្រឡាញ់ភេទដូចគ្នាជាច្រើនករណី ដែលបានរៀបការជាមួយនឹងមនុស្សភេទផ្ទុយគ្នា ដើម្បីផ្គាប់ចិត្តឪពុកម្តាយរបស់ពួកគេ តែបានរស់នៅជាមួយនឹងដៃគូភេទដូចគ្នារបស់ពួកគេ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសមរង្ស៊ី ដែលជាបក្សប្រឆាំង ក្នុងប្រទេសកម្ពុជាមួយ បានថ្លែងប្រាប់ទស្សនាវដ្តីLiftថា ប្រទេសកម្ពុជាពុំមានប្រពៃណី ឬទំនៀមទម្លាប់ទទួលយក ដូចប្រទេសលោកខាងលិចទេ ហើយមនុស្សដែលស្រលាញ់ភេទដូចគ្នា ខ្លួនពួកគេនៅមិនទាន់បានធ្វើការទាមទារជាផ្លូវការឲ្យមានភាពស្របច្បាប់ ចំពោះការរៀបការភេទដូចគ្នា ទៅរដ្ឋាភិបាលដែរ។ លោកមានប្រសាសន៍ថា៖ «យើងអាច និងធ្វើការពិចារណា បើសិនបើមានសំណូមពរណាមួយពីក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា»។

លោក ឡេង មុនីនាថ ដែលជាអ្នកសម្របសម្រួលថ្នាក់ជាតិ របស់បណ្តាញបុរសរួមភេទបុរស (MSM) បានគាំទ្រ ចំពោះការធ្វើឲ្យស្របច្បាប់នូវអាពាហ៍ពិពាហ៍ភេទដូចគ្នា តែបានសារភាពថា ចលនានេះ ត្រូវតែធ្វើឡើងដោយសន្សឹមៗ ហើយការទំនាក់តំនងណាមួយ ជាមួយរដ្ឋសភាចាំបាច់ត្រូវមានភាពឡូហ្សីក បើមិនអ៊ីចឹងទេ វាអាចនឹងបំផ្លាញដំណើរការដែលបង្កើតឡើងក្រុមMSM  និងអង្គការសិទ្ធិនានា។

លោកបានថ្លែងបន្តថា៖ « MSM  មាននៅក្នុងសង្គមខ្មែរជាយូរមកហើយ តែពួកគេពុំហ៊ានរស់នៅ ដោយចេញមុខឡើយ។ ឥឡូវនៅពេលយើងជួយត៉វាឲ្យពួកគេ ពួកគេពុំខ្លាច និងបង្ហាញសាធារណជនថា ពួកគេជានរណាទេ»។

ដោយពុំគិតអំពីច្បាប់ លោក មៀច ប៉ុណ្ណ ទីប្រឹក្សានៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតកម្ពុជា មានប្រសាសន៍ថា អ្នកស្រឡាញ់ភេទដូចគ្នា អាចធ្វើការសម្រេចចិត្ត ដោយខ្លួនគេ។ លោកមានប្រសាសន៍ថា៖ «បើអ្នកខ្លះ មិនចូលចិត្តច្បាប់នេះ ពួកគេអាចមិនអើពើនឹងវាបាន។ បើមិនអ៊ីចឹងទេ ពួកគេអាចបង្ខំចិត្តខ្លួនឯង ដើម្បីទទួលវា»៕

____________________________

  • ប្រភព៖ LIFT
  • អត្ថបទ៖ គាំ ទិវា & ម៉េងហួង
  • កាលបរិច្ឆេទ៖ ២២ កញ្ញា ២០១០

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s