ទិវាមោទនភាព​មនុស្ស​ភេទ​ទីបី​នៅ​ឆ្នាំ​នេះ​នឹង​រៀបចំ​កាន់​តែ​ធំ​ដុំ​ជាង​ឆ្នាំ​មុនៗ

ភ្នំពេញៈ ​ទិវា​មោទនភាព​ក្រុម​មនុស្ស​ខ្ទើយ ឬ​ភេទ​ទី​បី​បាន​ប្រារព្ធ​ដំបូង​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​នា​ឆ្នាំ​ ២០០៤ និង​បន្ត​មក​នៅ​ឆ្នាំ​២០០៩ ក្រោម​ការ​គាំទ្រ​ពី​សំណាក់​ក្រុម​សកម្ម​ជន​ពួក​គេ​។ ដោយ​ឡែក​នៅ​ឆ្នាំ​នេះ ព្រឹត្តិការណ៍​នេះ​នឹង​ប្រារព្ធ​ម្តង​ទៀត​ដើម្បី​បន្ត​គោលដៅ​របស់​ខ្លួន​ ដែល​ស្តី​ពី​ការ​យល់​ដឹង​សុខ​ភាព​ផ្លូវ​ភេទ ដោយ​មាន​ការ​ចូល​រួមពី​ក្រុម​មនុស្ស​ស្រលាញ់ភេទដូចគ្នា។ ទិវា​នៅ​ឆ្នាំ​នេះ​មាន​លក្ខណៈ​ធំ​ដុំ​ជាង​មុន។

ស្រ៊ុន ស្រ៊ន អ្នក​រៀបចំ​កម្មវិធី និង​ជា​អ្នក​បម្រើ​ការ​ងារ​នៅ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​សហគមន៍​ឥន្ទធនូ​កម្ពុជា​និយាយ​ថា៖«​ការ​រៀបចំ​លើក​ដំបូង យើង​មាន​សមាជិក​មនុស្ស​ស្រលាញ់ភេទដូចគ្នាត្រឹម​តែ​ ៤០ នាក់​ប៉ុណ្ណោះ​មក​ពី​បណ្តា​សហគមន៍​នានា​ទូទាំង​ប្រទេស។ បន្ទាប់​ពី​បាន​ជួប​ទំនាក់​ទំនង​គ្នា​មក​ យើង​សង្ឃឹម​ថា នឹង​ចូល​រួម​ចែក​រំលែក​នូវ​បទពិសោធ​គ្នា​ពី​ការ​យល់​ដឹង​នេះ​នៅ​ក្នុង​សហគមន៍​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន»។

នៅ​ថ្ងៃ​ទី ១២ ដល់​ទី ២០ ខែ​ឧសភា​នេះ ទិវា​មោទនភាព​មនុស្ស​ស្រលាញ់ភេទដូចគ្នានឹង​រៀបចំ​ឲ្យ​មាន​កម្មវិធី​ធំ​ជាង​មុនៗ ដោយ​មាន​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត ការ​តាំង​ពិព័រណ៍​សិល្បៈ និង​ការ​បើក​សិក្ខា​សាលា​តស៊ូ​មតិ​​នានា​ផង​ដែរ​នៅ​រាជធានី​ភ្នំពេញ។

គួរ​បញ្ជាក់​ថា ការ​រៀបចំ​នៅ​ឆ្នាំ​នេះ​ក៏​មាន​ការ​បញ្ចូល​សកម្មភាព​ប្រកួត​យាន​ជំនិះ​ តុកតុក​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​ដែរ។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​អ្នក​ចូល​រួម​ មាន​ឱកាស​ស្គាល់ យល់​ដឹង និង​បង្កើត​ចំណង​មិត្ត​ភាព​ជាមួយ​ក្រុម​មនុស្ស​ខ្ទើយ​កាន់​តែ​ប្រសើរ​ជាង​ មុន​នៅ​ក្នុង​សង្គម​។

​ស្រ៊ុន ស៊្រន បាន​បន្ត​ថា៖«​សូម​កុំ​មាន​ការ​ច្រឡំ និង​ការ​រើស​អើង​ចំពោះ​ក្រុម​សហគមន៍​មនុស្ស​ស្រលាញ់ភេទដូចគ្នាព្រោះ​ថា ​ពួក​គេ​ក៏​ជា​មនុស្ស​ដែរ​។ យើង​ជឿ​ថា ការ​គិត​របស់​មនុស្ស​អាច​ផ្លាស់​ប្តូរ​តាម​រយៈ​សកម្មភាព​ពួក​គេ​បាន​។ តាម​សកម្មភាព​បង្ហាញ​នៅ​ក្នុង​វិស័យ​សិល្បៈ និង​ខ្សែ​ភាព​យន្ត​នោះ​ឃើញ​ថា ពួក​គេ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​សង្គម​ដែរ​។ យើង​សង្ឃឹម​ថា សង្គម​ទាំង​មូលក៏​ដូចជា​បុគ្គល​នីមួយៗ​អាច​យល់​ពី​ទង្វើ​របស់​ពួក​គេ​ទាំង​ អស់​នោះ​បាន​»។

ការ​ប្រារព្ធ​ទិវា ដែល​មាន​រយៈ​ពេល​មួយ​សប្តាហ៍​នេះ នឹង​មាន​ការ​បង្ហាញ​នូវ​ស្នាដៃ​សិល្បៈ​នានា​របស់​ក្រុម​មនុស្ស​ខ្ទើយ​ពី​ វិចិត្រករ ឌីន បូរិន និង​វិចិត្រករ​កូន​កាត់​វៀតណាម-អាមេរិក វៀត លី រួម​នឹង​វិចិត្រ​ករ​ដទៃ​ទៀត​។ លើស​ពី​នេះ នឹង​មាន​ការ​ចាក់​បញ្ចាំង​ភាព​យន្ត​ឯកសារ​ចិន​រឿង «Queer China, និង​Comrade China» ដែល​មាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ឲ្យ​មើល​ផង​ដែរ​។

ខណៈ​ពេល​នោះ​ខ្សែ​ភាពយន្ត ទទួល​បាន​ការ​គាំទ្រ​លើ​ឆាក​អន្តរជាតិ​ឈ្មោះ Pusan International Film Festival ដែល​ស្តី​ពី​ប្រវត្តិ​ឆាក​ជីវិត​នៃ​ក្រុម​មនុស្ស​ស្រលាញ់ភេទដូចគ្នានៅ​ក្នុង​ប្រទេស​ចិន កំពុង​តែ​ទាមទារ​សិទ្ធិ​ស្មើ​នឹង​មនុស្ស​ធម្មតា​ដែរ។ ម៉្យាង​ទៀត​ពួក​គេ ក៏​ជា​ក្រុម​មនុស្ស​សម័យ​ទំនើប និង​មាន​លក្ខណៈ​ជា​សកល​។

កូលីត អូរ៉េងហ្គាន អ្នក​រៀបចំ​កម្មវិធី​ខាង​បញ្ចាំង​ខ្សែ​ភាពយន្ត បាន​និយាយ​ថា៖«​ចលនា​ទាមទារ​ការ​ស្មើ​ភាពថ្មី​ៗ​នៅ​ចិន​នោះ ក៏​មាន​ការ​ផុសផុល​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដែរ​។ ការ​ទស្សនា​ខ្សែ​ភាពយន្ត នឹង​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​អារម្មណ៍​ជា​បទពិសោធ​នានា តាម​រយៈ​តួ​អង្គ​ក្នុង​រឿង​តែ​ម្តង​»។

កូលីត អូរ៉េងហ្គាន បាន​បន្ត​ថា៖«​ការ​មើល​ខ្សែ​ភាពយន្ត​នៅ​អាស៊ី​ នឹង​ជួយ​ឲ្យ​ពួក​គេ​មាន​ការ​យល់​ដឹង​ក្នុង​លក្ខណៈ​ធម្មតា​ព្រោះ​តែ​ស្ថិត​នៅ ​អាស៊ី​ដូច​គ្នា។ សង្ឃឹម​ថា បទ​ពិសោធ​នេះ​នឹង​អាច​ផ្លាស់​ប្តូរ​សន្តាន​ចិត្ត និង​ចិត្ត​ឲ្យ​ទូលាយ​ចំពោះ​ក្រុម​មនុស្ស​ខ្ទើយ​ទាំង​អស់​»។

សម្រាប់​ព័ត៌មាន​លម្អិត​នៃ​ទិវា​មោទនភាព ក្រុម​មនុស្សស្រលាញ់ភេទដូចគ្នា​នេះ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ http://www.facebook.com/cambodiapride ឬ​អាច​អាន​អត្ថ​បទ​ចុះ​ផ្សាយ​របស់​ទស្សនា​វដ្តី 7Days នៃ​សារព័ត៌មាន​ភ្នំពេញ​ ប៉ុស្តិ៍​ផង​ដែរ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s