ប៉ុបពី ក្លាយ​ជា​វីរជន​ក្នុង​ក្រសែ​ភ្នែក​ក្រុម​ស្រីស្រស់​ភេទទី​៣​នៅ​ប្រទេស​កម្ពុជា


ភ្នំពេញ : ខណៈអង្គុយរង់ចាំនៅឯការិយាល័យនៃបណ្តាញព័ត៌មានស្រ្តីសម្រាប់សហគមន៍ដោយភាពអត់ធ្មត់ដើម្បីផ្តល់ការចែករំលែកព័ត៌មាននានាដល់ ប្រជាពលរដ្ឋកម្ពុជា នាង ទូច ស្រីល័ក្ខ ដែលជាមនុស្សភេទទីបីដែរនោះ បាននិយាយថា៖ «ឈប់រើសអើងនឹងពួកយើងជាភេទទីបីទៅ!ព្រោះថាការរើសអើងនេះក៏ជា មូលហេតុនៃការបង្ខំពួកយើងឈានទៅចាប់យកការងារបម្រើផ្លូវភេទដើម្បីចិញ្ចឹមជីវិតដែរ»។

ក្រោយពីសភាពស្ងៀមស្ងាត់ នាង ទូច ស្រីល័ក្ខ បានថ្លែងក្នុងអារម្មណ៍ស្រស់ស្រាយបន្តិចឡើងវិញថា នាងជឿជាក់ថា ប្រសិនជាមនុស្សទូទៅបានយល់ពីអារម្មណ៍របស់នាង ពួកគេនឹងមានការប្តូរឥរិយាបថខ្លះជាមិនខាន។

នាង ទូច ស្រីល័ក្ខ ដែលមានវ័យ ២៤ឆ្នាំមកពីខេត្តកណ្តាលនោះបានបន្តថា៖ «ព្រោះតែមានការរើសអើងភេទទីបីនេះហើយ ទើបបានបង្ខំចិត្តខ្ញុំទៅចាប់យកការងារបម្រើផ្លូវភេទនេះ»។

តាមរយៈការស្ទង់មតិ ក្រុមភេទទី៣ (ប្រុសដែលតុបតែងខ្លួនជាស្រី) នោះមិនចូលចិត្តឲ្យមនុស្សជុំវិញខ្លួនប្រើពាក្យថា «ខ្ទើយ» ដើម្បីសំដៅលើភេទរបស់ខ្លួននោះទេ។ ពួកនាងចូលចិត្តឲ្យអ្នកដទៃហៅថា «ស្រីស្រស់»។

ស្រីល័ក្ខ បានថ្លែងពីការប្តូរឥរិយាបថរបស់ខ្លួនថា៖ «ខ្ញុំបានចាប់ផ្តើមស្លៀកពាក់ជាមនុស្សស្រីចាប់ពីនៅអាយុ ១៦ឆ្នាំ ព្រោះពេលនោះ ខ្ញុំគិតវាជាផ្នែកទាក់ទាញមួយដល់មនុស្សប្រុស»។

ស្រីល័ក្ខ ដែលនាងបានផ្លាស់មកនៅភ្នំពេញក្នុងវ័យ១៨ឆ្នាំនោះបានរំឭកទៀត ថា៖ «ពេលខ្ញុំមកដល់ភ្នំពេញ ខ្ញុំមិនស្គាល់អ្នកណាឡើយ តែនៅថ្ងៃដំបូងបានជួបស្រីស្រស់ម្នាក់ បាននាំនាងខ្ញុំទៅស្នាក់នៅជាមួយគេ»។

បន្ទាប់មកនាងត្រូវស្រីស្រស់នោះណែនាំឲ្យទៅរៀនតុបតែងខ្លួន និងកែសម្ផស្ស។ ថ្លែងបណ្ដើរសើចបណ្ដើរ ស្រីល័ក្ខ និយាយទៀតថា៖«ពួកគេតែងតែសរសើរពីសម្រស់របស់យើង»។

មូលហេតុដែល ទូច ស្រីល័ក្ខ មកបម្រើការងារខាងផ្លូវភេទនេះ ក៏ព្រោះតែនាងមិនអាចរកការងារណាមួយអាចធ្វើបាន តែនាងជឿជាក់ថា នៅភ្នំពេញការមាក់ងាយភេទទីបីចាប់ផ្ដើមមានភាពធូរស្រាលបន្តិចហើយ បន្ទាប់ពីមនុស្សកាន់តែច្រើនបានស្វែងយល់ពីស្ថានភាពរបស់ ក្រុមស្រីស្រស់ទាំងនោះ។ នាងបានលើកយក តួអង្គជាវីរជនសំខាន់ពួកគេគឺតារាសម្តែងកែភេទ ប៉ុបពី មកបង្ហាញផងដែរ។

ស្រីល័ក្ខ បានបន្តទៀតថា៖ «ប៉ុបពី គឺជានិមិត្តរូបមួយនៃក្រុមស្រីស្រស់របស់ពួកយើង។ គាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការវះកាត់ដូរភេទ និងធ្វើរូបរាងកាយដូចជាមនុស្សស្រីបេះបិទ។ មិនតែប៉ុណ្ណោះ គាត់ក៏មានឱកាសទទួលបានជីវិតដ៏ប្រសើរផងដែរ»។

ចំណែក ទូច ស្រីល័ក្ខ ត្រូវទទួលបន្ទុកក្នុងការរកប្រាក់ដើម្បីជួយផ្គត់ផ្គង់គ្រួសារ។ នាងបានវិលត្រឡប់ទៅផ្ទះម្តងមួយខែ ដោយនាំប្រាក់ចំនួន៥០ដុល្លារទៅឲ្យឪពុកម្តាយ ទោះបីជាក្រុមគ្រួសារនៅតែពុំអាចទទួលយកបាននូវស្ថានជាភេទទី៣ របស់នាងក៏ដោយ។

នាងលើកឡើងថា៖«ខ្ញុំចង់ផ្តល់ជូនពួកគាត់ច្រើនជាងនេះ តែការរស់នៅឯភ្នំពេញរបស់ខ្ញុំត្រូវចំណាយច្រើន ដោយសាររបស់របរប្រើប្រាស់ថ្លៃ»។

ជាទូទៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ភេទទី៣ ជួនកាលក៏ក្លាយជាជនរងគ្រោះនៃបញ្ហាសង្គមផ្សេងៗផងដែរ។

ដល់ចំណុចនេះ នាង ស្រីល័ក្ខ បានលើកយកបទចម្រៀង «ទឹកភ្នែកខ្ទើយ» របស់លោក អាន វិសាល ដែលហាក់ស្ដែងចេញស្ថានភាពស្រីស្រស់ភេទទី៣ត្រូវប្រុសព្រានបោក ធ្វើបាបចិត្ត។

ស្រីល័ក្ខ បាននិយាយទៀត៖ «បទនេះល្បីណាស់ ហើយវាជាដំបូន្មានដ៏ល្អសម្រាប់ពួកយើង។ តែទោះជាយ៉ាងណា ស្រីស្រស់ទាំងឡាយត្រូវមិត្តប្រុស និងស្វាមីពួកគេបោកប្រាសដដែល។ ពួកគេច្រើនតែជាមិត្តប្រុសបណ្តោះអាសន្នប៉ុណ្ណោះ។ ចំពោះខ្ញុំមិនចង់បានពួកគេមកធ្វើជាមិត្តប្រុសយូរអង្វែងឡើយ គឺវាគ្រោះថ្នាក់ណាស់»៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s