អ្វីទៅយែនឌ័រ?​ តើវាមានទំនាក់ទំនងអ្វីជាមួយសង្គម?

មតិរបស់​មិត្តម្នាក់​ក្រេហ្សីឆ្លើយតបទៅលោកសខ្មៅ៖

ក្រេហ្សី៖
អត្តសញ្ញាណ៖ សញ្ញា ឬគ្រឿង ឬអ្វីៗសម្រាប់សម្គាល់អត្ត ឬអាត្មា ឬខ្លួន។
ទំនៀមទម្លាប់៖ អ្វីៗដែលទម្លាប់ធ្វើក្លាយជាថ្នឹក ជាធម្មតា។
វប្បធម៌៖ ការបណ្តុះ ការសាបព្រោះចំណេះដឹង និងប្រាជ្ញាស្មារតី។

ការស្រឡាញ់ភេទដូចគ្នា វាមិនមែនជាអត្តសញ្ញាណរបស់ជាតិណាមួយឡើយ វាជារឿងធម្មជាតិ ជារឿងសកល។ ដូច្នេះ ដូចជាមិនមានអ្វីគួរឲបារម្ភថា ការស្រឡាញ់ភេទដូចគ្នារបស់ជនជាតិខ្មែរមួយចំនួន ធ្វើឲអត្តសញ្ញាណខ្មែរប្រែទៅជាច្រឡំជាមួយ ឬក្លាយទៅជាអត្តសញ្ញាណជនជាតិណាមួយ ដូចជា យួន ចិន ថៃ អាមេរិក។ល។ នោះទេ។

លោកពូថា ការស្រឡាញ់គ្នាជារបស់គ្មានប្រយោជន៍។ ខ្ញុំគិត មានប្រយោជន៍ ឬអត់ប្រយោជន៍ គឺមិនប្រាកដជាមកពីស្រឡាញ់ភេទដូចគ្នា ឬផ្ទុយគ្នានោះទេ។ អ្នកស្រឡាញ់ភេទដូចគ្នាក៏ជាមនុស្ស អ្នកស្រឡាញ់ភេទផ្ទុយគ្នាក៏ជាមនុស្ស។ ដូច្នេះឲតែពួកគេជាមនុស្សដែលចង់ផ្ដល់នូវប្រយោជន៍ ពួកគេនៅតែអាចផ្តល់នូវប្រយោជន៍របស់មនុស្សបាន។ ហើយពេលខ្លះ ពួកគេងាយធ្វើនូវប្រយោជន៍ខ្លះដែលមនុស្សស្រឡាញ់ភេទផ្ទុយគ្នាពិបាកនឹងធ្វើបានផងដែរ។ ខ្ញុំសុំលើករឿងនិទានមួយ៖ កាលនោះ ក្នុងតំបន់ខ្សត់ទឹកមួយ មានកសិករម្នាក់ គាត់មានអាងស្ដុកទឹកចំនួនបី ដែលក្នុងនោះអាងទីមួយ និងទីពីរមានចេញទឹកដោយខ្លួនឯង។ កសិករនឹកគិតថា មានតែអាងទីមួយ និងទីពីរទេ ដែលជាអាងមានប្រយោជន៍ រីឯអាងទីបីគឺជាអាងឥតប្រយោជន៍ ព្រោះធ្វើយ៉ាងណាក៏វាមិនអាចចេញទឹកដោយខ្លួនឯងដែរ។ កសិករមិនយកចិត្តទុកដាក់ថែទាំអាងទីបីទេ ព្រោះវាជាអាងឥតប្រយោជន៍ ហើយអាចនោះក៏ចាស់ទ្រុឌទ្រោមទៅៗ។ រហូតដល់ថ្ងៃមួយ មានភាពចៃដន្យមួយកើតឡើង គឺអាងទីពីររបស់កសិករបានធ្លាយ ហើយជួសជុលយ៉ាងណាក៏មិនជិត។ ដូច្នេះទឹកក្នុងអាងទីពីរ ក៏ចេះតែហូរចោលរហូត។ ថ្ងៃមួយគាត់ក៏នឹកឃើញវិធីមួយ គឺត្រងទឹកដែលធ្លាយចេញនោះ យកទៅស្ដុកទុកក្នុងអាងផ្សេង។ ដំបូងគាត់មានបំណងយកទៅស្តុកទុកក្នុងអាងទីមួយ ប៉ុន្តែក្នុងអាងទីមួយមានទឹកពេញទៅហើយ ដូច្នេះមានតែស្តុកទុកក្នុងអាងទីបី។ ដូច្នេះតើអាងទីបីមានប្រយោជន៍ឬគ្មាន?

ម្យ៉ាងទៀត ទោះបីជាយ៉ាងណា ការអនុញ្ញាតឲមនុស្សអាចស្រឡាញ់ភេទដូចគ្នាបាន គឺមានប្រយោជន៍មួយចំពោះមនុស្សលោកដែលគ្មាននរណាអាចប្រកែកបាន។ នោះគឺសេចក្តីសុខរបស់ពួកគេ ក្នុងនាមជាមនុស្សនោះឯង។

គ្មានហេតុផលណាមួយបញ្ជាក់ថា នឹងមានសង្រ្គាមរវាងភេទផ្ទុយគ្នា ដោយសារមានការស្រឡាញ់ភេទដូចគ្នានោះទេ។ ហេតុផលដែលអាចបញ្ជាក់បាននោះគឺមានតែថា មានសន្តិភាពរវាងមនុស្ស។ ទីមួយ៖ បើមានអ្នកស្រឡាញ់ភេទដូចគ្នាច្រើន នាំឲមានសង្គ្រាមរវាងភេទផ្ទុយគ្នាមែននោះ រាល់ថ្ងៃមានអ្នកស្រឡាញ់ភេទផ្ទុយគ្នាច្រើនណាស់ ហេតុអ្វីមិនមានសង្រ្គាមរវាងភេទដូចគ្នាផងទៅ។ ទីពីរ៖ ទាក់ទិននឹងប្រធានបទនេះ លោកពូគិតថា រវាងខ្ញុំ និងលោកពូ ជាមួយនឹងអ្នកដែលស្រឡាញ់ភេទដូចគ្នា តើអ្នកណាមួយ (ខ្ញុំ ឬពូ) ដែលអាចនឹងមានវិវាទជាមួយនឹងពួកគេ? ទីបី៖ បើខ្ញុំប្តូរការយល់ឃើញរបស់ខ្ញុំតាមលោកពូ តើអាចបញ្ចប់ការខ្វែងគ្នារវាងយើងទាំងបី ដែរឬទេ? ហើយបើលោកប្ដូរតាមការយល់ឃើញរបស់ខ្ញុំវិញ តើអាចបញ្ចប់ការខ្វែងគ្នាដែរឬទេ? នេះមិនមែនមានន័យថា ខ្ញុំអះអាងថាទស្សនៈរបស់ខ្ញុំត្រឹមត្រូវជាងរបស់លោកពូនោះទេ ខ្ញុំគ្រាន់តែចង់លើកអំពីមូលហេតុនៃសង្រ្គាមក្នុងបរិបទមួយនេះតែប៉ុណ្ណោះ។

មួយវិញទៀត អ្វីដែលខ្ញុំលើកឡើងទាំងប៉ុន្មាន មិនមែនមានន័យថា ខ្ញុំទាមទារឲមានការប្តូរពីការស្រឡាញ់ភេទផ្ទុយគ្នា មកស្រឡាញ់ភេទដូចគ្នានោះទេ។ ខ្ញុំគ្រាន់តែគិតថា វាជាសេរីភាពរបស់បុគ្គលម្នាក់ៗ នរណាឆ្ងាញ់នឹងសម្លណា ញ៉ាំសម្លនោះទៅប៉ុណ្ណោះ។

សខ្មៅ៖
ការស្រលាញ់ភេទដូចគ្នា ជាការបង្កើតបំរែបំរួលនៃអត្តសញ្ញាណជាតិយ៉ាងពិតប្រាកដ ប៉ុន្តែវាគ្រាន់តែមានអត្តសញ្ញាណផ្សេងៗទៀត ដែលអាចកំណត់បានអំពីលក្ខណជាតិសាស្រ្តមួយនៅឡើយ ។ ដូច្នេះ អ្នកអាចគិតថាវាមិនមែនជាការពិតដោយសារអ្នកមិនឃើញអ្វីកើតឡើងជាដុំកំភួន ។
ពាក្យចាស់បានពោលថា ឈើវៀចធ្វើកង់ ឈើត្រង់ធ្វើកាំ បានបញ្ជាក់យ៉ាងច្បាស់ថាពួកគាត់បានគិតគូរយ៉ាងច្បាស់រួចទៅហើយថា អ្វីដែលមានប្រយោជន៍ និងអ្វីដែលគ្មានប្រយោជន៍ ។ មកដល់ពេលនេះ អ្នកគិតថាមនុស្សស្រលាញ់ភេទដូចគ្នា មានប្រយោជន៍ណាមួយជាមិនខាន ។ នោះមានន័យថា ការគិតគូររបស់ចាស់បុរាណគឺខុសហើយមែនទេ ដែលមិនបណ្តោយអោយមានការស្រលាញ់ភេទដូចគ្នា ?
ការស្រលាញ់ភេទដូចគ្នា ជារឿងផ្ទាល់ខ្លួន គឺជាជំរើសរបស់មនុស្សម្នាក់ៗ វាជាការពិត ប៉ុន្តែអ្នកត្រូវដឹងថា រាល់ជំរើសរបស់អ្នក ជាទំនួលខុសត្រូវរបស់អ្នកទៅលើរឿងផ្សេងៗដទៃទៀត ដែលមិនមែនតែសំរាប់ខ្លួនឯងទេ ។ អ្នកប្រាកដជាដឹងហើយថា ទង្វើខាងលើអាចបង្កបញ្ហាដល់ទំនាក់ទំនងក្នុងគ្រួសារ ទំនាក់ទំនងក្នុងសង្គម បញ្ហាវប្បធម៌និងទំនៀមទំលាប់ និងរឿងជាច្រើនទៀត ប៉ុន្តែអ្នកជំនះធ្វើវា ។ អ្នកមិនគិតថា អ្នកជាមនុស្សអាត្មានិយមកំរិតណាទេឬ ? ប្រសិនបើអ្នកពិតជាមិនបានដឹងអំពីបញ្ហាខាងលើ ហើយធ្វើទាំងងឹតងងុល តើអ្នកជាមនុស្សគ្មានទំនួលខុសត្រូវកំរិតណា ?
បើទោះជាយ៉ាងណា សំដីខ្ញុំអាចបានត្រឹមតែនិយាយ ព្រោះពាក្យចាស់ពោលថា កុំពត់ស្រឡៅ ។

ក្រេហ្ស៊ី
ខ្ញុំហាក់ដូចជាមានអារម្មណ៍ថាបានកើតមាននូវការសោក​ស្ដាយ​ជា​ទីបំផុតមួយនៅក្នុងចិត្តរបស់ បន្ទាប់ពីខ្ញុំបានអាន​ពាក្យពេចន៍របស់អ្នករួច។ ប៉ុន្តែ ទោះបីជាយ៉ាងណា ឲខ្ញុំសុំទោស ប្រសិនបើមតិរបស់ខ្ញុំមុននោះមានត្រង់ណា ធ្វើឲអ្នកមានអារម្មណ៍ថា មិនគួរជាទីពេញចិត្តនោះ។ រាល់មតិដែលខ្ញុំបញ្ចេញ គឺក្នុងបំណងគ្រាន់តែចង់បង្ហាញអំពីការយល់ឃើញមួយជ្រុងតូចប៉ុណ្ណោះ ហើយខ្ញុំមិនអះអាងថា វាជាការយល់ឃើញដែលត្រឹមត្រូវ ឬមិនត្រឹមត្រូវនោះដែរ ដូច្នេះខ្ញុំមិនបានប្រាថ្នាឲបុគ្គលណាម្នាក់ត្រូវតែគិតដូចខ្ញុំនោះដែរ ព្រោះខ្ញុំតែងមានជំនឿមួយថា អ្វីៗទាំងអស់នៅក្នុងលោកនេះ គឺមានចំណុចខ្មៅ និងស ហើយចំណុចនេះខ្ញុំគិតថា អ្នកយល់ច្បាស់ជាងខ្ញុំមិនខាន យោងតាមឈ្មោះរបស់អ្នកនៅទីនេះ។ ម្យ៉ាងទៀត ហេតុដែលធ្វើឲខ្ញុំមានអារម្មណ៍ថាសោកស្ដាយនោះគឺនៅត្រង់ថា៖
១. នៅទីនេះ អ្នកធ្វើការអះអាង ដោយមិនបានបញ្ជាក់អំពីហេតុផលថា ហេតុអ្វីអ្នកហ៊ានអះអាងថា ការស្រឡាញ់ភេទផ្ទុយគ្នា ឬការស្រឡាញ់ភេទខុសគ្នា គឺជាអត្តសញ្ញាណរបស់ជាតិមួយ។
២. អ្នកលើកពាក្យចាស់មកនិយាយ ហើយអ្នកចោទសួរខ្ញុំថា អីចឹងតើខ្ញុំយល់ឃើញថា ពាក្យចាស់គឺខុសឬ? នៅទីនេះ ខ្ញុំសូមមិនទាន់ធ្វើការបកស្រាយថាយ៉ាងណាៗនោះទេ។ តែសូមអ្នកជួយផ្ដល់អំណះអំណាងផងថា តើមានពាក្យចាស់មួយណាដែលបង្ហាញន័យថា ការស្រឡាញ់ភេទផ្ទុយ ឬការស្រឡាញ់ភេទដូចគ្នា ជាអត្តសញ្ញាណជាតិដែរឬទេ? ខ្ញុំយល់ថា សម្រាប់ពាក្យចាស់ដែលអ្នកលើកយកមកនិយាយមួយឃ្លានេះ ប្រហែលជាអ្នកពុំទាន់យល់ន័យរបស់វាច្បាស់ផង ទើបបានជាអ្នកលើកយកមកនិយាយក្នុងបរិបទនេះបែបនេះ។ ប្រសិនបើខ្ញុំនិយាយត្រូវ នោះសូមអ្នកធ្វើការស្វែងយល់អំពីពាក្យចាស់មួយឃ្លានេះបន្ថែមទៀត។
៣. អ្នកហាក់ដូចជាគិតថា ខ្ញុំជាមនុស្សស្រឡាញ់ភេទដូចគ្នា។ ចំណុចនេះ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំគឺជាបុរសម្នាក់ដែលស្រឡាញ់តែមនុស្សស្រី ជាពិសេសចូលចិត្តរើសយកតែស្រីស្អាត ហើយសូម្បីតែសាច់ញាតិបងប្អូន បូករួមទាំងមិត្តភ័ក្តរបស់ខ្ញុំគឺមិនមាននរណាម្នាក់ជាមនុស្សស្រឡាញ់ភេទដូចគ្នាទេ។ អ្វីដែលខ្ញុំនិយាយមិនមែន ដើម្បីប្រយោជន៍របស់ក្រុមខ្ញុំនោះឡើយ។

ពេលដែលខ្ញុំកំពុងសរសេរនេះ ខ្ញុំបានមើលឃើញ របស់ម្យ៉ាង ហើយខ្ញុំចង់ឲអ្នកសាកល្បងសង្កេតមើលវាផងដែរ នោះគឺឈ្មោះរបស់អ្នក “ស ខ្មៅ” ។ វាជាឈ្មោះមួយដ៏ល្អ ហើយវាក៏បានឆ្លុះបញ្ចាំងប្រាប់យើងផងដែរអំពីអ្វីដែលយើងកំពុងនិយាយគ្នានេះ។ ជាទូទៅ យើងតែងមានការសន្មត់ ស និងខ្មៅ គឺសភាពពីរដែលផ្ទុយគ្នាស្រឡះ ហើយ ស ជាសភាពមួយដែលល្អ ដូចជា ចិត្តស្មោះស ជាដើម រីឯ ខ្មៅ ជាសភាពមួយ មិនល្អ ដូចជា ពាក្យថា ចិត្តខ្មៅជាដើម។ ប៉ុន្តែ ពេលខ្ញុំសំឡឹងមើលទៅឈ្មោះរបស់អ្នក ខ្ញុំឃើញថា ប្រសិនបើពុំមានផ្ទាំងខ្មៅពាសពីលើទេ នោះប្រហែលជា មើលមិនឃើញ អក្សរ ស ច្បាស់បែបនេះទេ។ “ពន្លឺពេលថ្ងៃ ធ្វើឲយើងមើលឃើញវត្ថុផ្សេងៗ ទាំងស្រស់ស្អាត ទាំងមិនស្រស់ស្អាត។ រីឯអន្ធកាលពេលរាត្រីក៏មិនមែនជាអាក្រក់ទាំងស្រុងនោះដែរ ពីព្រោះដោយសារវាទើបយើងអាចមើលហ្វូងតារាដ៏ស្រស់ត្រកាល នារាត្រីនោះ។”

មិនដឹងជាខុស ឬត្រូវនោះទេ បើតាមខ្ញុំ ពាក្យចាស់ដែលលើកយកមិននិយាយទីនេះ គឺចង់បង្ហាញថា អ្វីៗគ្រប់យ៉ាងតែងមានប្រយោជន៍របស់វា អាស្រ័យទៅលើអ្នកប្រើប្រាស់។ “ឈើវៀច ខុសពីឈើត្រង់ក៏មិនមែន ហើយឈើវៀចគឺមិនស្អាត ដូចឈើត្រង់ទេ ដូច្នេះកូនហ្អើយ! កូនអាចគិតថា វាមិនគួរជាទីចូលចិត្តនោះទេ។ ប៉ុន្តែចូរកូនចងចាំថា ឈើវៀចក៏មិនអត់ប្រយោជន៍នោះដែរ គឺឈើវៀចកូនអាចយកមកធ្វើជាកង់ រីឯឈើណាត្រង់ៗ កូនអាចយកមកធ្វើជាកាំបានណាកូនណា!” ប្រសិនបើពួកគាត់នៅរស់ ប្រហែលជាគាត់នឹងពន្យល់បែបនេះ។

សូមជម្រាបលាត្រឹមណេះចុះ ព្រោះខ្ញុំអស់ពេលហើយ រវល់បន្តិច។ នៅមានរឿងមួយទៀត ខ្ញុំក៏គិតថា ល្អផងដែរ គឺ រឿងនគរមនុស្សខ្វាក់។ មិនដឹងថា ស ខ្មៅ ធ្លាប់ស្ដាប់ហើយឬនៅទេ? ចាំមានពេលខ្ញុំ នឹងលើកមកនិយាយជាសង្ចេបនៅទីនេះ នៅពេលក្រោយ។

សូមជម្រាបលា!
សម្រាប់ខ្ញុំ ខ្ញុំតែងស្វែងរកចំណុច ស នៅក្នុងរបស់ដែលខ្មៅ។
ខ្ញុំរង់ចាំ ការទិះទានជានិច្ច ហើយខ្ញុំនឹងទទួលយកនូវអ្វីៗដែលផ្អែកលើអំណះអំណាងសមហេតុផល។ ខ្ញុំមិនមែនជាស្រឡៅទេ!

សខ្មៅ
ខ្ញុំ​ចូល​ចិត្ត​មតិ​របស់​អ្នក (ក្រេហ្ស៊ី) ! វាប្រកប​ដោយ​ការ​គិត​វែង​ឆ្ងាយ និង​សុទិដ្ឋិនិយម !

ខ្ញុំ​បាន​ដាក់​ឈ្មោះ​ខ្លួន​ឯង​សខ្មៅ គឺ​មិន​មែន​មាន​ន័យ​ថា​អោយ​អ្នក​អាន​ស្វែង​រក​អាក្រក់​ល្អ គុណ​ទោសអោយ​បាន​ត្រឹម​ត្រូវ​នោះទេ ។ ជា​ធម្មតាល្អ​ជា​គូ​នឹង​អាក្រក់ បើ​គ្មាន​ណាមួយ​ទេ ម្ខាង​ទៀត​ក៏​គ្មាន​ដែរ ។ យ៉ាង​ណា​មិញ ការ​គិត​គូរ ឬ​គំនិត​ក៏​ដូចគ្នា​ដែរ ប្រសិនបើ​អ្នក​ប្រកាន់​ខ្លួន​យក​គំនិត​ខ្លួន​ថា​ត្រឹម​ត្រូវ​ជា​និច្ច អ្នក​នឹង​រក​ភាព​ត្រឹម​ត្រូវ​មិន​ឃើញ​ទេ ។ ដូច្នេះ​ហើយ​ការ​ដឹក​នាំ​ប្រទេស​តែង​ទាមទារ​បក្ស​ប្រឆាំងអោយ​បញ្ចេញ​មតិ មិនមែន​លុប​បំបាត់​ពួក​គេ​នោះ​ឡើយ ។

សរុប​មក តើ​មតិ​សខ្មៅ​ដែល​លើក​ឡើង​ខាង​ដើម​ចង់​បង្ហាញ​អំពី​អ្វី ? បង្ហាញ​ពី​គំនិត​សខ្មៅ​លើ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា ? ទេ ! មិន​មែនទេ ! គឺ​ចង់​រំលឹក​អ្នក​អាន​ថា តើ​ការ​គិត​របស់​អ្នក​លើ​បញ្ហា​​​ស្រលាញ់​​ភេទ​ដូច​គ្នា មាន​វត្ត​មាន​គំនិត​បដិបក្ស​ឬទេ ? ប្រសិន​បើ​គ្មាន​ទេ ឬ​អ្នក​បាន​ព្យាយាម​យក​តែ​គំនិត​របស់​ខ្លួន​មក​បក​ស្រាយ អ្នក​មិន​ទាន់​រក​ភាព​ត្រឹម​ត្រូវ​ឃើញ​លើ​ការ​គិត​របស់​អ្នក​ឡើយ ។
ការ​អប់រំ​សម័យ​ថ្មី គេមិន​បង្ហាញ​មនុស្ស​អំពី​ផ្លូវ​ដែល​ត្រូវ​ដើរ​ទេ តែ​បង្រៀន​មនុស្ស​អោយ​ចេះ​រក​ផ្លូវ​ដើរ ហើយ​ដោយ​ផ្អែក​លើ​កត្តា​នេះ​ហើយ​ទើប​សខ្មៅ​មិន​បង្ហាញ​អំពី​ភស្តុតាង និង​រួម​ទាំង​មាន​គំនិត​ថា​វា​អាច​នឹង​បង្ក​ជំលោះ និងវិសម​ភាព​ក្នុង​សង្គម ។
សខ្មៅ​នៅ​តែ​បន្ត​រក​អំណះ​អំណាន​មក​បក​ស្រាយ​ប្រឆាំង​នឹង​អ្នក ដើម្បី​អោយ​អ្នក​មាន​គំនិត​ខ្លះ​ក្នុង​ការ​រក​តំរុយ​ធៀប​ថា តើ​ការ​​គិត​របស់​ខ្លួន​ឯង​ត្រឹម​ត្រូវ​ធៀប​នឹង​អ្វី ។ ធៀប​នឹង​ចំណង់​របស់​ខ្លួន​ឯង ធៀប​នឹង​សតិ​សម្បញ្ញនះ ឬ​ធៀប​នឹង​អ្វី​ផ្សេង ។

ដូច្នេះ វា​ហាក់ដូច​ជា​គ្មាន​អ្វី​ដែល​នឹង​ត្រូវ​អះអាង​បន្ត​ទេ ព្រោះ​ការ​សរុប​សេចក្តី​គឺ​នៅ​ត្រង់​នេះ​ឯង ។

ចំពោះ​រឿង «នគរ​មនុស្ស​ខ្វាក់» សខ្មៅ​នឹង​ស្វែង​រក​មក​សិក្សាបន្ថែម​តាម​​ការ​អោយ​យោបល់​របស់អ្នក ហើយ​​រំពឹង​ថានឹង​មាន​ចំនុច​សំខាន់​ណាមួយ​នឹង​ត្រូវ​បាន​ជជែក​​ពិភាគ្សា​​ជាមួយ​គ្នា​ទៀត​ជាមិន​ខាន ។

មតិចុង​ក្រោយ ៖ «ក្រេហ្ស៊ី» ឬ​ឆ្កួត ជា​គុណ​នាម​មួយ​ដែល​គេ​ដាក់​អោយ​​មនុស្ស​​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពីគេ ។ ប៉ុន្តែ​ចូរ​អ្នកគិត​មើល​ថា មនុស្ស​ឆ្កួតធៀប​នឹង​អ្នក​ជា ហើយ​ចុះ​បើ​អ្នក​ជា​ជាក់​ស្តែង​ជាមនុស្ស​ឆ្កួត តើ​ការ​អោយ​គុណ​នាម​ដល់​មនុស្ស​ឆ្កួតទៅជា​យ៉ាង​ណា​វិញ ?

ក្រេហ្ស៊ី
កាលពីខ្ញុំនៅអាយុប្រហែលជា ១៥-១៦ ឆ្នាំ ខ្ញុំចាប់ផ្ដើម​ចេះស្រឡា្ញញសៀវភៅ។ នៅថ្ងៃមួយពេលដើរទៅផ្សារ ខ្ញុំឃើញគេចាក់គរសៀវភៅចាស់ៗលក់ ហើយខ្ញុំក៏​បាន​ទិញ​សៀវភៅបួនប្រាំក្បាល ដែលក្នុងនោះ​មាន​សៀវភៅ​មួយ​មាន​ចំណងជើងថា “នគរមនុស្សខ្វាក់” ភាគពីរ។ សៀវភៅនោះចាស់ណាស់មានកន្លែងខ្លះត្រូវកណ្ដៀរស៊ីដុំៗទៅហើយ ហើយរកភាគមួយយ៉ាងណាក៏មិន​ឃើញ​ដែរ។ ខ្ញុំក៏សម្រេចទិញសៀវភៅនោះយកមកអាន ទោះបីជារកភាគមួយមិនឃើញក៏ដោយ។ នៅទីនេះ ដោយសៀវភៅនោះបានបាត់ទៅហើយ និងដោយខ្ញុំបានអានវាយូរមកហើយ នៅខាងក្រោមនេះ ខ្ញុំសុំលើកយកមកនិយាយតែគោលៗដែលខ្ញុំបានចាំទៅចុះ។

មានកាលមួយនោះ មានអ្នកឡើងភ្នំម្នាក់ (កីឡាករឡើងភ្នំ) គាត់បានឡើងទៅលើកំពូលភ្នំដ៏ខ្ពស់មួយ។ ចៃដន្យអី ពេលដែលគាត់ឡើងទៅដល់លើកំពូលភ្នំនោះហើយ គាត់ក៏រអិលជើងរមាលធ្លាក់ទៅជ្រលងម្ខាងទៀតរបស់ភ្នំ។ ពេលគាត់ដឹងខ្លួនឡើង គាត់ឃើញថា ខ្លួនគាត់កំពុង គេងលើគ្រែក្នុងផ្ទះរបស់គ្រួសារមួយ ដែលមានសមាជិក ទាំងអស់សុទ្ធសឹងជាមនុស្សខ្វាក់។ នៅពេលគាត់បានជាសះស្បើយ គាត់ចេញមកក្រៅផ្ទះ ទើបគាត់ដឹងថា នៅទីនោះមានសុទ្ធតែមនុស្សខ្វាក់ គ្មាននរណាមានភ្នែកទេ។ ពួកមនុស្សខ្វាក់ទាំងនោះមានរូបរាងសាតបាតដូចមនុស្សធម្មតាដែរ ខុសត្រង់ពួកគេគ្មានគ្រាប់ភ្នែក ដែលធ្វើឲនៅត្រង់ភ្នែករបស់ពួកគេមានរាងខូងចូលក្នុង។ គាត់និយាយថា ពួកគេរស់នៅក្នុងជីវភាពធម្មតាដូចមនុស្សមានភ្នែកដែរ ដោយគេមានមធ្យោបាយរបស់ពួកគេ ឬអាចហៅថា វប្បធម៌របស់ពួកគេ។ ឧទាហរណ៍ដូចជា ផ្លូវដែលពួកគេដើរគឺមានបង្កាន់ដៃ ហើយត្រចៀករបស់ពួកគេអាចស្ដាប់លឺចង្វាក់បេះដូងគ្នាទៅវិញទៅមក ដូច្នេះហើយពួកគេមិនដើរបុកគ្នាទេ។ និយាយពីបុរសអ្នកឡើងភ្នំនោះវិញ គាត់គិតថា “ទីនេះប្រាកដជានគរមនុស្សខ្វាក់ហើយ។” ហើយគាត់ក៏បែកគំនិតចង់ធ្វើស្ដេចនៅក្នុងនគរមនុស្សខ្វាក់នោះ ដោយគាត់គិតថា គេតែងមានពាក្យថា មនុស្សមានភ្នែកម្ខាង អាចធ្វើស្ដេចក្នុងនគរមនុស្សខ្វាក់បាន ដូច្នេះទម្រាំអីគាត់មានភ្នែកសងខាង រឿងអីមិនអាចក្លាយជាស្ដេចក្នុងនគរមនុស្សខ្វាក់នេះបាន។ ដូច្នេះគាត់នឹងអាចក្លាយជាស្ដេចក្នុងនគរមនុស្សខ្វាក់នេះយ៉ាងប្រាកដ។ ដូច្នេះដើម្បីឲពួកមនុស្សខ្វាក់លើកគាត់ធ្វើជាស្ដេចដឹកនាំក្នុងនគរមនុស្សខ្វាក់ គាត់ក៏ចាប់ផ្ដើមបង្ហាញថា គាត់ជាមនុស្សមានប្រាជ្ញា។ គាត់ប្រាប់គេថា គាត់ជាមនុស្សពិសេស ដោយគាត់មានភ្នែកអាចមើលឃើញអ្វីៗនៅជុំវិញបាន ពួកមនុស្សខ្វាក់សួរថា ស្អីទៅជាភ្នែក តើពាក្យថាមើលឃើញមានន័យយ៉ាងណា? ពួកគេមិនជឿ។ គាត់ថា មានថ្ងៃមានយប់ ហើយនៅពេលថ្ងៃមានពន្លឺ នៅពេលយប់ឥតពន្លឺ ពួកមនុស្សខ្វាក់សួរថា ស្អីទៅជាពន្លឺ? អ្នកឯងឆ្កួតទេឬ? ពួកគេមិនជឿ។ គាត់ថា នៅជុំវិញគឺជាភ្នំមានទេសភាពខៀវស្រងាត់ ពួកមនុស្សខ្វាក់ថា នៅជុំវិញមិនមែនភ្នំទេ វាគឺជាជញ្ជាំងផែនដី ហើយក៏គ្មានទេសភាព គ្មានពណ៌ស្អីដែរ អ្នកឯងឆ្កួតទេឬ? ពួកគេមិនជឿ។ ដូច្នេះមនុស្សខ្វាក់នាំគ្នាគិតថា អ្នកឡើងភ្នំនោះជាមនុស្សឆ្កួត ឯអ្នកឡើងភ្នំគិតថា ពួកមនុស្សខ្វាក់ឆ្កួត។ ក្រោយមកទៀត កូនស្រីរបស់មេកន្ត្រាញមនុស្សខ្វាក់ និងអ្នកឡើងភ្នំក៏បានបាក់ចិត្តស្រឡាញ់គ្នាទៅវិញទៅមក។ ពួកគេស្រឡាញ់គ្នាខ្លាំងណាស់។ បុរសជាអ្នកឡើងភ្នំនោះបានពិពណ៌នាអំពីសម្រស់ដ៏ស្អាតរបស់នាង និងថានាងមានគ្រាប់ភ្នែកដូចគាត់ដែរ ខុសត្រង់នាងមិនអាចមើលឃើញប៉ុណ្ណោះ។ នាងប្រើដៃស្ទាប រីឯគាត់ប្រើភ្នែកមើល។ គាត់ និងនាងស្រឡាញ់គ្នាខ្លាំងណាស់ ហើយក៏សុំឳពុកនាងរៀបការ។ ឳពុកនាងក៏មិនយល់ទាស់ដែរ ហើយមានចិត្តអាណិតកូនស្រីដែលស្រឡាញ់មនុស្សឆ្កួត។ ដូច្នេះគាត់ក៏បានស្វែងរកគ្រូពេទ្យ និងអ្នកពូកែៗមកជួបជុំគ្នា ដើម្បីពិនិត្យមើលថាតើ មានវិធីណាធ្វើឲបុរសនោះជាពីជម្ងឺឆ្កួត ដែលនាំឲបុរសនោះនិយាយផ្ដេសផ្ដាសថា មានពពក មានផ្ដាយ មានពណ៌ មានភ្នំ មានទេសភាព មានយប់ មានថ្ងៃ ។ល។ និង។ល។ ដែរឬទេ។ ក្រោយពីពិនិត្យរួច ពួកបណ្តាពេទ្យទាំងនោះនិយាយដូចគ្នាថា អាចមានវិធីព្យាបាលបាន ហើយប្រាកដជាអាចជាសះស្បើយបានមួយរយភាគរយ។ ពួកគេបានបញ្ជាក់ប្រាប់ឳពុកនាងថា បុរសនោះឆ្កួតដោយសារមានដុំសាច់ពីរដុះនៅលើមុខរបស់បុរសនោះ គឺនៅត្រង់កន្លែងដែលជាធម្មតាគឺខូង (គឺភ្នែកនោះឯង) ហើយក្រោយពីខ្វះដុំទាំងពីរនេះចេញ​ហើយ បុរសនោះប្រាកដជាជាសះស្បើយមិនខាន។ ដូច្នេះពួកគេក៏ទាមទារឲបុរសនោះធ្វើការព្យាបាល (គឺខ្វះគ្រាប់ភ្នែកចេញ)។ ពេលនេះបុរសគិតថាខ្លួនមាន​ជម្រើសតែពីរប៉ុណ្ណោះសម្រាប់ខ្លួន គឺទីមួយចាកចេញពីស្រីដែលខ្លួនស្រឡាញ់ស្មើជីវិត រត់គេចមកស្រុកដែលមានមនុស្សភ្នែកភ្លឺវិញ ដើម្បីរក្សាកែវភ្នែក (គឺលះបង់ស្រីដែលស្រឡាញ់ស្មើជីវិត ដើម្បីរក្សាកែវភ្នែក) ទីពីរ គឺបណ្ដោយឲគេខ្វះគ្រាប់ភ្នែកទាំងគូរដែលខ្លួនស្រឡាញ់ស្មើជីវិត ដើម្បីរក្សាស្រីដែលខ្លួនស្រឡាញ់ (គឺលះបង់គ្រាប់ភ្នែកដែលស្រឡាញ់ស្មើជីវិត ដើម្បីរក្សាស្រីដែលខ្លួនស្រឡាញ់)។

សម្រាប់ខ្ញុំ រឿងនេះពេលអានចប់ហើយ ធ្វើឲខ្ញុំគិតម្យ៉ាងថា អាចមានអ្នកចេះនឹងអ្នកល្ងង់យ៉ាងពិតប្រាកដមែន។ ប៉ុន្តែតើមានអ្នកណាអាចប្រាប់បានថា ខ្ញុំចេះ ឬខ្ញុំល្ងង់ ខ្ញុំឆ្កួត ឬខ្ញុំជា។ បើខ្ញុំគិតថា ខ្ញុំត្រូវ តើខ្ញុំពិតជាត្រូវមែនឬទេ? ព្រោះប្រហែលខ្ញុំនេះដូចជា មនុស្សខ្វាក់ដូច្នេះដែរក៏មិនដឹង​ គឺកំពុងយល់ខុសថា ជាត្រូវ យល់ត្រូវថាជាខុស។ ម្យ៉ាងទៀតនោះគឺថា អាចបកស្រាយបានថា គ្មានអ្នកខុស គ្មានអ្នកត្រូវទេ។ ការយល់ឃើញរបស់មនុស្សខ្វាក់ គឺត្រូវតាមបរិបទរបស់ មនុស្សខ្វាក់ ហើយខុសសម្រាប់បរិបទរបស់មនុស្សភ្លឺ។ រីឯការយល់ឃើញរបស់មនុស្សភ្លឺគឺត្រូវតាមបរិបទរបស់ មនុស្សភ្លឺ ហើយខុសសម្រាប់បរិបទរបស់មនុស្សខ្វាក់។ ហើយបើត្រឹមតែប៉ុណ្ណេះ វាមិនកើតជារឿងអ្វីនោះទេ កុំឲតែឈានទៅដល់ការបៀតបៀនគ្នា។

មនុស្សសត្វដឹងអ្វីៗនៅជុំវិញរបស់ខ្លួនដោយសារញាណ(ប្រហែលជាពាក្យនេះមិនខុសទេ) ឬសរីរាង្គ គឺមនុស្សដឹងដោយ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត ស្បែក ជាដើមនេះ។ មនុស្សសត្វណាដែលខ្វះញាណណាមួយគឺមិនអាចយល់បានអំពីអត្ថិភាព ឬវត្តមាននៃអ្វីៗដែលត្រូវប្រើញាណនោះដើម្បីយល់ទេ ដូចជា វត្តមាននៃពណ៌ លុះត្រាយើងមានភ្នែកទើបយើងអាចយល់បាន។ ដូច្នេះមិនដឹងថា នៅមានអ្វីទៀតដែលមនុស្សយើងមិនអាចយល់បាន ដោយសារមនុស្សគ្មានញាណ ឬសរីរាង្គដែលអាចយល់បាន។

“ចលនារបស់ចករសាត់តាមខ្យល់ រីឯចលនារបស់មនុស្សក៏រសាត់តាមខ្យល់ដែរ ប្រសិនបើមនុស្សនោះមិនគ្រប់គ្រងវា។”
ចលនារបស់ចក=បម្លាស់ទីរបស់ចក
ចលនារបស់មនុស្ស=ទង្វើរបស់មនុស្ស
ខ្យល់ដែលមកប៉ះចកគឺប៉ះផ្ទៃខាងក្រៅរបស់ចក
ខ្យល់ដែលមកប៉ះមនុស្សគឺប៉ះផ្ទៃខាងក្នុងរបស់មនុស្ស (គឺចិត្ត)
ខ្យល់ដែលប៉ះចកគឺខ្យល់ពិតៗ
ខ្យល់ដែលមកប៉ះមនុស្សគឺ មនោគមវិជ្ជា ជំនឿ ទំនៀមទំលាប់ ប្រពៃណី ពាក្យសំដី និងរូបភាពពីខាងក្រៅមានអ្នកដទៃ ប្រព័ន្ធផ្សព្វផ្សាយ មកពីខាងក្រៅ។ល។

ស្ទើរតែជាទូទៅ យើងមានទំនោរទទួលយក ឬបដិសេធអ្វីមួយ​គឺអាស្រ័យទៅលើជំនឿគោលរបស់យើង។

ប៉ុន្តែតើធ្វើម្ដ៉េចដឹងថា ជំនឿគោលរបស់យើងត្រឹមត្រូវទៅ បើថាអ្វីៗដែលមនុស្សទូទៅនៅជុំវិញយើងប្រកាន់យកថាត្រឹមត្រូវគឺប្រាកដជាត្រូវនោះ ចុះបើយើងជាមនុស្សខ្វាក់ម្នាក់ ហើយកំពុងរស់នៅក្នុងនគរមនុស្សខ្វាក់ ហើយនាំគ្នាយល់ថាត្រូវ ដោយសារម្នាក់ៗយល់ថាត្រូវនោះ តើយ៉ាងម៉េចទៅវិញទៅ?

ខ្ញុំគិតថា “ចករសាត់ដោយសារខ្យល់ ហើយមនុស្សក៏រសាត់ដោយសារខ្យល់ដូចគ្នាដែរ។”
ដូច្នេះមនុស្សគួរមើលថា តើខ្យល់ដែលកំពុងបក់មកលើ ខ្លួនកំពុងនាំខ្លួនទៅតាមទិសដៅមួយណា ឆ្ពោះទៅរកអ្វី។

ណ្ហើយត្រឹមប៉ុណ្ណេះចុះ! សម្រាប់ខ្ញុំគឺសាមញ្ញទេ សក៏ត្រូវ ខ្មៅក៏ត្រូវ ឆ្កួតក៏ត្រូវ ជាក៏ត្រូវ មានក៏ត្រូវ ក្រក៏ត្រូវ ខុសក៏ត្រូវ ត្រូវក៏ត្រូវ ស្អាតក៏ត្រូវ អាក្រក់ក៏ត្រូវ អ្វីៗគឺត្រូវទាំងអស់ សុំកុំឲតែមានការបៀតបៀនគ្នា លើផ្លូវកាយ ឬផ្លូវចិត្ត។

អ្វីៗដែលរៀបរាប់ខាងលើគ្រាន់តែជាការបង្ហាញអំពីការយល់ឃើញរបស់ខ្ញុំ ក្នុងបំណងលាតត្រដាងឲឃើញថា ខ្ញុំជាមនុស្សយល់ឃើញយ៉ាងណាតែប៉ុណ្ណោះ សូមកុំគិត​ទៅរកអ្វីផ្សេងពីនេះ។ ខ្ញុំមិនមែនជាអាចារ្យទេ ខ្ញុំមិនមែនជាលោកសង្ឃទេ ខ្ញុំមិនមែនជាគ្រូទេ ខ្ញុំមិនមែនជាអ្នកចេះទេ ខ្ញុំក៏មិនបង្រៀននរណាម្នាក់ដែរ ព្រោះខ្ញុំមិនដឹងថាខ្ញុំខ្វាក់ ឬភ្លឺទេ និយាយរួមគឺ “អត់ដឹងខុស អត់ដឹងត្រូវ។” កើតមកហើយចេះតែរស់ទៅ ចង់រស់ឲមានប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់អ្នកដទៃ ពេលស្លាប់ទៅមិនអាចយកអ្វីទៅបានទេ លែងមានអ្វីជាប្រយោជន៍សម្រាប់ខ្លួនហើយ តែគ្រាន់តែចង់ធ្វើនូវប្រយោជន៍ដែលអាចបន្សល់ទុកឲសាច់ញាតិ ឲអ្នកដទៃ ឲមនុស្សសត្វ ឲផែនដីទៅតាមលទ្ធភាពដែលអាចធ្វើបានតែប៉ុណ្ណោះ។

ជម្រាបលា! សង្ឃឹមថា ស ខ្មៅ នឹងទទួលបាននូវ​សេចក្តី​សុខទាំងផ្លូវកាយ និងផ្លូវចិត្ត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s