ពណ៌មួយនៃឥន្ទធនូ៖ «នេះជារឿងខ្ញុំ!»


by Ah Pov on Saturday, June 2, 2012 at 12:45pm ·

ទឹកភ្នែក ដោយហេតុតែគ្រួសារមិនទទួលស្គាល់ខ្ញុំ។
ទឹកភ្នែក ដោយហេតុតែសង្គមរើសអើងខ្ញុំ។
ទឹកភ្នែក ដោយហេតុតែគ្រួសារបំបែកបំបាក់ស្នេហាខ្ញុំ។
ខ្ញុំគ្រាន់តែជាមនុស្សស្រីដែលស្រលាញ់ភេទដូចគ្នាដ៏សាមញ្ញម្នាក់។ ខ្ញុំចាប់ដឹងខ្លួន ថាបែបនេះ ចាប់ពីពេលដែលខ្ញុំមានបញ្ហាជាមួយនឹងមិត្តម្នាក់។ ពេលនោះ ខ្ញុំរៀនថ្នាក់ទី៧។
ពេលដែលខ្ញុំរៀនថ្នាក់ទី៨ ម្តាយខ្ញុំចង់ផ្លាស់ខ្ញុំ ឲ្យមករៀនតាមខេត្ត មកនៅបាត់ដំបងជាមួយនឹងគាត់។ ដូច្នេះ គាត់ក៏ប្តូរសាលាឲ្យខ្ញុំ។ ខ្ញុំបានមករៀននៅបាត់ដំបង ថ្នាក់ទី៩។ ខ្ញុំចាំបានថា ពេលនោះ មានបទចម្រៀងខ្មែរមួយបទ ដែលធ្វើឲ្យខ្ញុំកាន់តែដឹងខ្លួនឯងច្បាស់ ដោយបទនោះមានចំនងជើងថា «បេះដូងឆ្កួត» ដែលនិយាយអំពីស្រីស្រលាញ់ស្រីដូចគ្នា។
បើនិយាយអំពីទំនាក់ទំនងស្នេហាភេទដូចគ្នា គឺវាបានចាប់ផ្តើម នៅពេលដែលខ្ញុំឧស្សាហ៍និយាយទូរសព្ទជាមួយនឹងមិត្តភក្តិស្រីខ្ញុំម្នាក់។ ខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំបារម្ភ និងយកចិត្តទុកដាក់លើនាងយ៉ាងខ្លាំង ដោយមិនដឹងមូលហេតុ។ តែពេលនោះ ខ្ញុំមិនទាន់ដឹងខ្លួនថា ខ្ញុំជាមនុស្សស្រីស្រលាញ់ស្រីគ្នាឯងចឹងនោះទេ។
ក្រោយមក នាងក៏បានសុំខ្ញុំ ធ្វើជាសង្សាររបស់នាង។ ខ្ញុំពិតជាសប្បាយចិត្តណាស់ មិនដឹងថារកពាក្យអ្វី នឹងយកមកពិពណ៌នា។ ក្នុងចិត្តរបស់ខ្ញុំ មាននាងហើយ! ខ្ញុំបានស្រលាញ់នាងហើយ!
វាជាពេលវេលាដែលខ្ញុំសប្បាយចិត្តបំផុត រីករាយបំផុត ចំពោះរឿងស្នេហា។ គ្មានការឈឺចាប់ គ្មានការខ្វាយខ្វល់។ សប្បាយចិត្តៗ អណ្តែតអណ្តូងៗ។ ម៉្យាងគ្រួសារខ្ញុំ មិនទាន់មាននរណាម្នាក់ដឹងរឿងខ្ញុំនៅឡើយ។ ពួកគាត់ គ្រាន់តែដឹងតែម៉្យាងថា ខ្ញុំជាស្រី។
មួយឆ្នាំ ពីរឆ្នាំ អ្វីៗហាក់ដូចជាក្រលាប់ចាក់អស់ ពេលដែលខ្ញុំរៀនថ្នាក់ទី១២។ បញ្ហា និងភាពឈឺចាប់ ក៏ចាប់ផ្តើមរត់មកក្រសោបបេះដូងរបស់ខ្ញុំ យ៉ាងអួលណែន។ ម្តាយខ្ញុំចាប់ដឹងថា ខ្ញុំជាស្រីស្រលាញ់ស្រី។ គាត់រុះរើខោអាវរបស់ខ្ញុំ ឆែកឆេរទូរសព្ទរបស់ខ្ញុំ ហើយនិយាយសម្តីមួយម៉ាត់ ទាំងទឹកភ្នែក ស្ទើរតែឲ្យខ្ញុំគាំង៖ «ម៉ាក់សង្ឃឹមថា កូនមិនមែនជាមនុស្សស្រីស្រលាញ់ស្រី»។
ចាប់ពីថ្ងៃនោះមក ម្តាយខ្ញុំព្យាយាមស្វែងរកវិធីគ្រប់យ៉ាង ដើម្បីផ្លាស់ប្តូររូបខ្ញុំ ឲ្យទៅជាមនុស្សស្រីធម្មតាដូចគេដូចឯង។ គាត់ធ្វើឲ្យខ្ញុំឈឺចាប់។ គាត់យកខោអាវខ្ញុំ ទៅក្រវាត់ចោល។ គាត់តេទៅមិត្តខ្ញុំទាំងអស់ ឲ្យឈប់ទាក់ទងនឹងខ្ញុំទៀត។ គាត់មិនឲ្យខ្ញុំចេញទៅណា ក្រៅពីផ្ទះមួយជំហាន ហើយទូរសព្ទក៏លែងឲ្យប្រើ។
ដល់ពេលដែលយាយ និងអ៊ំខ្ញុំដឹងរឿង និងខ្លាចព្រួយបារម្ភថា ខ្ញុំចង់គិតខ្លី ចង់សម្លាប់ខ្លួន ពួកគាត់ក៏យកខ្ញុំចេញពីម្តាយខ្ញុំ មកនៅភ្នំពេញវិញ។ តែយាយខ្ញុំ និងអ៊ំខ្ញុំ ពួកគាត់នៅតែព្យាយាមផ្លាស់ប្រែខ្ញុំ។ គ្រាន់តែខុសគ្នាត្រង់ថា ម្តាយខ្ញុំ គាត់ប្រើធម៌ក្តៅ តែពួកគាត់ប្រើវិធីធម៌ត្រជាក់។
ក្រោយមក យូរណាស់ ទម្រាំតែម្តាយខ្ញុំ ដាច់ចិត្តឲ្យខ្ញុំប្រើទូរសព្ទម្តងទៀត។ ពេលដែលបានទូរសព្ទ ខ្ញុំពិតជាអរសប្បាយណាស់ ដោយខ្ញុំអាចបានស្តាប់ចម្រៀង តេទៅលេងមិត្តភក្តិ និងមនុស្សស្រីដែលខ្ញុំស្រលាញ់។ ដោយខ្លាចអ្នកផ្ទះខ្ញុំដឹង និងលែងឲ្យខ្ញុំប្រើទូរសព្ទទៀត ខ្ញុំត្រូវប្រយ័ត្ន និងគិតរាល់ជំហានដែលខ្ញុំចង់ធ្វើ។
ខ្ញុំក៏ចាប់ផ្តើមចេះលេងហ្វេសប៊ុក។ ខ្ញុំចូលចិត្តលេងវា នៅពេលខ្ញុំនៅផ្ទះតែម្នាក់ឯង។ មានពេលមួយនោះ ខ្ញុំឃើញបុរសម្នាក់ បានសរសេរនេះ សរសេរនោះ ក្នុងហ្វេសប៊ុក ទាក់ទងទៅនឹងមនុស្សស្រីស្រលាញ់ស្រីដូចគ្នា។ ខ្ញុំខឹងឆេវ ថាប្រុសស្អីចេះ ចូលចិត្តដឹងលូកលាន់រឿងស្រីស្រលាញ់ស្រីអីគេដែរ។ តែមានម្តងនោះ ខ្ញុំបានអានអ្វីដែលគាត់សរសេរនោះ គួរឲ្យចាប់អារម្មណ៍ និងមានដាក់លេខទូរសព្ទឲ្យទាក់ទង ខ្ញុំក៏តេទៅគាត់ និយាយជាមួយគាត់។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះដឹងថា គាត់អាចជួយ ឲ្យខ្ញុំរស់នៅក្នុងជីវិតដែលជាធាតុពិតរបស់ខ្លួនឯង។ គាត់ឲ្យខ្ញុំចេញមកជួបគាត់។ និយាយពីរឿងចង់ចេញទៅជួបគាត់ ពិតជាពិបាកមែនទែន។ ខ្ញុំខំរកលេសនិយាយ ទម្រាំតែកុហកយាយខ្ញុំចេញមកក្រៅបាន។ មិនដឹងជាធ្លាក់នរកប៉ុន្មានជាន់ទេខ្ញុំ!
តែក៏សប្បាយចិត្ត ព្រោះខ្ញុំអាចស្វែងយល់ពីជីវិតខ្លួនឯង។ គាត់បានប្រាប់ឲ្យខ្ញុំដឹងថា ខ្ញុំមិនខុស។ មិនខុស ដែលស្រលាញ់ភេទដូចគ្នា។ ចាប់ពីនោះមក ខ្ញុំក៏ព្យាយាមឧស្សាហ៍ទាក់ទងទៅគាត់ រហូតមកដល់ឥឡូវ។ គាត់តែងតែជួយយកអាសារខ្ញុំជានិច្ច។
ពេលនេះ ខ្ញុំចង់ប្រាប់ថា ខ្ញុំពិតជាស្រលាញ់សង្សាររបស់ខ្ញុំណាស់។ ថ្វីត្បិតតែពេលខ្ញុំមានរឿងជាមួយអ្នកផ្ទះ គាត់មិនអាចជួយអីខ្ញុំបាន តែខ្ញុំនៅតែចង់និយាយពាក្យថា អរគុណ សម្រាប់ការបារម្ភ និងការលើកទឹកចិត្ត។ ខ្ញុំស្រលាញ់នាង!
សព្វថ្ងៃ ខ្ញុំរៀននៅខេត្ត តែមិនមែនបាត់ដំបងទៀតទេ។ ខ្ញុំរៀននៅសៀមរាប។
មិត្តភក្តិខ្ញុំខ្លះ ពេលដែលដឹងថា ខ្ញុំជាស្រីស្រលាញ់ស្រីដូចគ្នា ពួកគេនិយាយថា អត់ន័យ អត់អនាគត បំភ្លេចចោលទៅ។ រីឯអ្នកផ្ទះខ្ញុំ នៅតែមិនយល់ដដែល ពីជីវិត និងស្នេហារបស់ខ្ញុំ ដោយតែងនិយាយថា អ្នកដែលស្រលាញ់ភេទដូចគ្នា គឺខុសធម្មជាតិ សង្គមមិនទទួលស្គាល់។
ខ្ញុំក៏ជាមនុស្ស ខ្ញុំក៏ចេះឈឺចាប់។ ខ្ញុំមិនអាចរស់នៅ ដោយបង្ហាញពីធាតុពិតរបស់ខ្ញុំ។ ខ្ញុំមិនអាចស្រលាញ់មនុស្ស ដែលខ្ញុំស្រលាញ់។ តើពេលណាទៅ ទើបមនុស្សរាល់គ្នា យល់ពីស្នេហាបែបនេះ ជីវិតបែបនេះ? តើនរណាខុស? តើនរណាត្រូវ? តើនរណាសម្លាប់ខ្ញុំ?

One thought on “ពណ៌មួយនៃឥន្ទធនូ៖ «នេះជារឿងខ្ញុំ!»

  1. ពិតជាធ្វើអោយខ្ញុំភ្ញាក់ផ្អើលខ្លំាងណាស់ពេលបានប្រទៈឃើញ website នេះ
    មិននឹកស្មានថាមាននោះទេព្រោះខ្ញុំធ្លាប់តែមើលតាម website នានា
    ដែលមានជាភាសាថៃ។ក្រោយពីអានហើយខ្ញុំពិតជាពិតជាសសើរអ្នកខ្លំាងណាស់ដែលបានដឹងខ្លួនថាស្រលាញ់ស្រីដូចគ្នា :))
    មកទល់ពេលនេះអាយុ២២ឆ្នំាហើយ ខ្ញុំនៅតែមិនដឹងថាខ្ញុំស្រលាញ់ “ស្រី” ឬ “ប្រុស” នោះទេ(ខ្ញុំជាស្រី) >< (អត់មានអ្នកណាសួរទេ)
    Okkkkk
    ចុងក្រោយ ខ្ញុំចង់ប្រាប់ថា មិនថាអ្នកជាអ្វីក៏ដោយ មកពីណា ស្រលាញ់អ្នកណា សូមអោយអ្នកចំាទុកថា ”ស្នេហាគឺមិនមានភេទនោះទេ វាស្ថិតនៅលើ​ថា​យើងមានការតំាង
    ចិត្តខ្លំាងប៉ុនណា ហ៊ានពុះពារជាមួយមនុស្សដែលយើងស្រលាញ់បានច្រើនប៉ុនណា។
    បើគេសំលាប់យើងដោយសារតែយើងស្រលាញ់ភេទដូចគ្នា អ៊ឹចឹងធ្វើអោយគេដឹងទៅថាសូម្បីតែការស្លាប់ក៏មិនអាចបំបែកពួកយើងបាននោះឡើយ”

    Good Night :))
    Por

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s