នាយករដ្ឋមន្រ្តីកម្ពុជាៈ មិនត្រូវរើសអើង មនុស្សស្រឡាញ់ ភេទដូចគ្នា

កែបៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅ ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១២ថា មនុស្សប្រុស-ស្រី ដែល ស្រឡាញ់ភេទដូចគ្នានៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានចំនួនច្រើនគួរសមដែរ ហេតុនេះហើយមិនត្រូវរើសអើង ពួកគេទេ ព្រោះវាជាសិទ្ធិដែលគេចង់បាន។

នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនៅស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ថា ការស្រឡាញ់ភេទដូចគ្នា មានជាច្រើនប្រទេសនៅទូទាំងពិភពលោក ដូច្នេះមិនត្រូវរើសអើងអំពីបញ្ហាទាំងអស់នោះដែរ ធ្វើម៉េចបើវាសនា តម្រូវមកអីចឹងទៅហើយ។

សម្តេចតេជោបន្ថែមថា «សិទ្ធិមនុស្សពីម្សិលមិញ ហើយសិទ្ធិស្មើភាពគ្នា ដល់សិទ្ធិទទួលលុយខុសគ្នា ហើយ ម្សិលមិញនេះ ឃើញសិទ្ធិច្រើនណាស់ ហើយខាង CNC គេហៅអ្នកស្រឡាញ់ភេទដូចគ្នាទៅសម្ភាសន៍ទៀត គេទាមទារសិទ្ធិឲ្យរដ្ឋាភិបាលទទួលស្គាល់ អីណាអ្នកស្រឡាញ់ភេទដូចគ្នា ប្រភេទទីបី ប្រភេទអីណាហ្ន៎។ អា ហ្នឹង! ចាប់ផ្តើមមានគ្រប់ប្រទេសហ្នឹង»។

បុរសម្នាក់ដែលជាអ្នកស្រឡាញ់ភេទដូចគ្នា បម្រើការក្នុងស្ថាប័នឯកជនមួយកន្លែង នៅរាជធានីភ្នំពេញ បានអប អរសាទរ ចំពោះប្រសាសន៍របស់សម្តេចនាយក រដ្ឋមន្រ្តី ប៉ុន្តែថា ក៏មិនត្រូវលើកតម្កើងពួកគេឲ្យហួសហេតុពេកដែរ ដែលអាចជាហេតុធ្វើឲ្យអាប់ឱនដល់កិត្តិយសគ្រួសារ ដែលមិនអាចទទួលយកពួកគេបាន។

បុរសរូបនេះបន្ថែមថា «វាជាការល្អប្រសើរដែលសម្តេចមិនឲ្យមានការរើសអើងមនុស្សស្រឡាញ់ភេទដូចគ្នា ព្រោះ ថា នេះជាធម្មជាតិដែលបង្កើតពួកគេមក ដោយគ្មានអ្នកណាម្នាក់ចង់ឲ្យសង្គមរើសអើងនោះទេ ហេតុដូច្នេះឪពុក-ម្តាយគ្រប់រូប គួរតែយល់ ក៏ប៉ុន្តែមិនត្រូវបណ្តែតបណ្តោយពួកគេប្រព្រឹត្តអំពើខុស ឆ្គងនៅក្នុងសង្គមដែរ ដូចជាដើរ លេង សេពគប់មិត្តភក្កិមិនល្អ គ្រឿងញៀន ឬអាចឈានទៅដល់ការជួញដូរផ្លូវភេទជាដើម ជាក់ស្តែងដូចខ្ញុំ នេះ ស្រាប់»។

លោក នួន ស៊ីដារ៉ា នាយកប្រតិបត្តិអង្គការកញ្ញា ដែលធ្វើការទាក់ទងនឹងអ្នកស្រឡាញ់ភេទដូចគ្នា មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ថា នេះជាប្រសាសន៍គាំទ្រដ៏ ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហើយលោកមានការរីករាយជាខ្លាំង ព្រោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នាពួកគេ ក៏ជា កោសិកា សង្គម និងបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមផងដែរ ។

លោកបន្ថែមថា «ខ្ញុំមានការរីករាយមែនទែន ដែលបានឮប្រសាសន៍របស់សម្តេចបែបនេះ ព្រោះសព្វថ្ងៃនេះ អង្គការខ្ញុំ ដែលធ្វើការទៅលើក្រុមបុរសស្រឡាញ់បុរស និងប្រុសតែងខ្លួនធ្វើជាស្រីស្រស់នោះ ពួកគាត់មានការ រើសអើងពីសង្គម និងការស្អប់ខ្ពើមពីអ្នកនៅជុំវិញខ្លួន ដែលជំរុញឲ្យខ្លួនឯងទៅរកស៊ីផ្លូវភេទ»។
លោកថា ទោះបីជាយ៉ាងណាក៏ដោយ ខាងអង្គការរបស់ លោកមិនទាន់បានស្រាវជ្រាវ និងមានតួលេខ ពិតប្រា កដ នៃមនុស្សប្រុសស្រឡាញ់ប្រុស ដូចគ្នានៅឡើយទេ។

កាលពីប៉ុន្មានឆ្នាំមុនអង្គការរបស់លោកមានទីតាំងនៅខេត្តកណ្តាល ដែលនាពេលនោះ សូម្បីតែអាជ្ញាធរមូលដ្ឋាន ក៏មានការរើសអើង ដោយពួកគេបានលើកឡើងថា តើបង្កើតអង្គការនេះធ្វើអ្វី មានប្រយោជន៍អ្វី ម៉េចបានជាមិន ធ្វើកាទាក់ទងទៅនឹងផ្នែកមនុស្សធម៌វិញ៕

by Tuesday, 11 December 2012 15:27 ដោយៈ ដើមអម្ពិល (DAP)-ID: 009

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s