អង្គការ​សិទ្ធិ​មនុស្ស​ចង់​​មាន​​ច្បាប់​ស្រឡាញ់​ភេទ​ដូច​គ្នា

អង្គការ​សិទ្ធិ​មនុស្ស​ចង់​​មាន​​ច្បាប់​ស្រឡាញ់​ភេទ​ដូច​គ្នា

Wednesday, 02 January 2013
ឆាយ ច័ន្ទនីដា

E-mail
Print

130102_05
អ្នក​នាង​ ប៉ុប ពី ​​​បាន​កែ​ភេទពី​បុរ​សមក​ជា​ស្ត្រី ព្រោះ​តែ​មាន​ចរិតធម្ម​ជាតិ​របស់​ខ្លួន​។ រូបថត ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​របាយការណ៍​នៅ​ចុង​ឆ្នាំ​២០១២ ផ្តល់​អនុសាសន៍​ដល់​រាជ​រដ្ឋាភិបាល​ធ្វើ​ការ​ដោះស្រាយ​ការ​រើសអើង​លើ​ក្រុម ស្ត្រី​ស្រឡាញ់​ស្ត្រី បុរស​ស្រឡាញ់​បុរស និង​អ្នក​ប្តូរ​ភេទ ព្រម​ទាំង​ជំរុញ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន និង​តាក់តែង​ច្បាប់​ថ្មី​ប្រឆាំង​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

នេះ ជា​របាយការណ៍​ទី​ពីរ​ មាន​ឈ្មោះ​ថា ៖ «ឥន្ទធនូខ្មែរៈ ប្រែ​ការ​រើសអើង​ទៅ​ជា​មោទនភាព» ចេញ​កាលពី​ថ្ងៃទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០១២ គឺ​ផ្តល់​អនុសាសន៍​តាម​ទិដ្ឋភាព​ច្បាប់​និង​មិនមែន​ច្បាប់​ ដើម្បី​ដោះស្រាយ​ការ​រើសអើង​នេះ។

របាយ​ការណ៍​ដំបូង ចុង​ឆ្នាំ​ ២០១០ ផ្តោត​ទៅ​លើ​ជន​ស្រឡាញ់​ភេទ​ដូច​គ្នា​ ៖ «ចេញ​ជា​ចំហ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា»។

ក្នុង​របាយការណ៍​ចេញ​ផ្សាយ​ចុង​ ខែ​ធ្នូ​កន្លង​ទៅ​នេះ មាន​កម្រាស់​៦៣​ទំព័រ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រក​ឃើញ​ថា នៅ​កម្ពុជា​មិន​ទាន់​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ដទៃ ដែល​បាន​ជំរុញ​តាម​រយៈ​សាសនា ឲ្យ​ស្អប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។យ៉ាង​ណា​ក៏​ដោយ​ជន​ទាំង​នេះ នៅ​តែ​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ ការ​រើសអើង និង​ការ​យាយី ជា​ដើម​ដែរ។

របាយការណ៍​នេះ បន្ត​ថា ៖ «ក្នុង​ជីវិត​គ្រួសារ នៅ​កម្ពុជា ម្តាយ​ឪពុក​ជា​ច្រើន​មិន​ហ៊ាន​គាំទ្រ​កូន​ចៅ​របស់​ខ្លួន​ជា​សាធារណៈ​ ដោយ​បារម្ភ​ពី​ការ​មាក់​ងាយ​ពី​សង្គម។ ពេល​ខ្លះ​ឪពុក​ម្តាយ​កាត់​កាល​កូន បន្ទាប់​ពី​ត្រូវ​បាន​ប្រាប់​ការ​ពិត​ ដោយ​កាត់​ផ្តាច់​ជន​ទាំង​នោះ​ចេញ​ពី​ការ​ផ្គត់​ផ្គង់​ជា​ស្មារតី​ សម្ភារ ឬ​ហិរញ្ញវត្ថុ​ជាដើម​ ហើយ​កត្តា​ទាំង​អស់​នោះ ក៏បាន​បណ្តាល​ឲ្យ​យុវវ័យ​ទាំង​នោះ​ ទៅ​រស់​នៅ​តាម​ចិញ្ចើម​ផ្លូវ ​ក្នុង​សភាព​អត់​ឃ្លាន​ និង​ងាយ​រង​គ្រោះ​ដោយ​សារ​ការ​បំពាន​ពី​អ្នក​មិន​ស្គាល់​ និង​មន្ត្រី​អនុវត្ត​ច្បាប់»។

របាយការណ៍​ក៏​បាន​ស្នើ​ថា រដ្ឋាភិបាល​គួរ​តាក់​តែង​ច្បាប់​ថ្មី​មួយ​ដែល​ទទួល​ស្គាល់​ពី សម្ព័ន្ធ​មេត្រី​ភាព​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ឬ​ក៏​អាច​ជា​អាពាហ៍ពិពាហ៍។

ចំពោះ​ច្បាប់​អាពាហ៍​ពិពាហ៍​និង​គ្រួសារ អាពាហ៍ពិពាហ៍​ត្រូវ​គេ​ឲ្យ​និយម​ន័យ​ តាម​មាត្រា​៤៥ នៃ​រដ្ឋ​ធម្មនុញ្ញ និង​មាត្រា​៣​នៃ​ច្បាប់​នេះ ថា​ជា​កិច្ច​ព្រមព្រៀង​ ឬកិច្ច​សន្យា​រវាង​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ ខណៈ​ដែល​អាពាហ៍​ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ត្រូវ​បាន​ហាម​ឃាត់​ជា​ពិសេស​ក្នុង​មាត្រា​៦នៃ​ច្បាប់​។ ឯ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ មិន​បាន​បញ្ចូល​និន្នាការ​ភេទ​និង​អត្តសញ្ញាណ​យេនឌ័រ​ ក្នុង​បញ្ញតិ្ត​សមភាព​របស់​ខ្លួន​ទេ គ្រាន់​តែ​ចែង​ក្នុង​មាត្រា​៣១​ ថា ពលរដ្ឋ​មាន​សិទ្ធិ​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ជាដើម។

លោក ថេង ណាន អ្នក​សម្រប​សម្រួល​គម្រោង​និន្នាការ​ភេទ​និង​អត្ត​សញ្ញាណ​យេនឌ័រ​នៃ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃ​ម្សិលមិញ​ថា មជ្ឈមណ្ឌល​នេះ ធ្លាប់​លើក​ពី​អនុសាសន៍​នៃ​ការ​គិត​គូរ​គោល​នយោបាយ​ពី​បញ្ហា​អ្នក​ ស្រឡាញ់​ភេទ​ដូច​គ្នា​ជាមួយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​កិច្ចការ​នារី។

លោក​បន្ត​ថា ៖ «​ក្រសួង​ថា​អត់​ប្រឆាំង ឬ​គេ​មិន​ជំទាស់​ទេ តែ​ការ​គិត​របស់​យើង​យល់​ថា នេះ​មិន​មែន​ជា​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល​ឡើយ»។

លោក ថា របាយការណ៍​ឆ្នាំ​២០១០ ត្រូវ​រដ្ឋាភិបាល​ជំទាស់ ដោយ​សារ​រដ្ឋាភិបាល​យល់​ថាមិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដូច្នេះ​មាន​ចំណុច​ខ្លះ​មិន​ពេញ​ចិត្ត ទាក់ទង​នឹង​ការ​សរសេរ​របាយការណ៍​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​កាត់​កាល់​កូន​ស្រី​ដែល​ស្រឡាញ់​ស្រី​ដូច​គ្នា។

ទោះ​យ៉ាង​ណា​លោក​ស្រី ជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ថ្លែង​ថា រដ្ឋាភិបាល​មិន​ដែល​មាន​គោល​នយោបាយ​ឲ្យ​មាន​ការ​រើសអើង​ក្រុម​មនុស្ស ស្រឡាញ់​ភេទ​ដូច​គ្នា​ឡើយ ប៉ុន្តែ​ចំពោះ​ការ​ធ្វើ​វិសោធន​កម្ម​លើ​ច្បាប់​មួយ​ចំនួន​គឺ​មិន​ទាន់​អាច​និយាយ​បាន​ទេ​នៅ​ក្នុង​ពេល​នេះ។

លោក ស្រី​មាន​ប្រសាសន៍​ថា៖« មិន​ខ្វះ​ទេ ស្ត្រីៗ​រស់​នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​នោះ​ឬ​ប្រុសៗ​អី តែ​យើង​មិន​ដែល​ថា​ឲ្យ ឬ​ចាប់​ចង​អី​ទេ។ តែ​ធម្មតា​ទេ ឪពុក​ម្តាយ ស្តាយ​កូន​វា​កើត​មក​មិន​ដូច​គេ​ឯង»។

ពេល​សួរ​ថា អាច​មាន​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ទេ លោក​ស្រី​បញ្ជាក់​ថា ៖ « ចាំ​ដល់​ថ្ងៃ​ណា ថ្ងៃ​ហ្នឹង​ទៅ តែ​អត់​និយាយ​រឿង​គាំទ្រ តែ​មិន​និយាយ​រឿង​លុប​បំបាត់​អី​ទេ។ ប្រទេស​យើង ក៏​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ស្រឡាញ់​គ្នា​ទាំង​នោះ​ដែរ»។

ប្រមុខ រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ក៏​ធ្លាប់​បាន​អំពាវនាវ​ជា​សាធារណៈ កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ​ដែរ ដោយ​សុំ​ឲ្យ​មាន​ការ​គោរព មិន​ឲ្យ​រើសអើង ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​ជា​សញ្ញាណ​មួយ​វិជ្ជមាន​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ ជំរុញ​ឲ្យ​ពួក​គេ​មាន​ការ​ទទួល​ស្គាល់​ជា​សាធារណៈ​ និង​ចេញ​មុខ​ចំហ​ក្នុង​សង្គម៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s