បណ្ណសារ

ប៉ុបពី ក្លាយ​ជា​វីរជន​ក្នុង​ក្រសែ​ភ្នែក​ក្រុម​ស្រីស្រស់​ភេទទី​៣​នៅ​ប្រទេស​កម្ពុជា


ភ្នំពេញ : ខណៈអង្គុយរង់ចាំនៅឯការិយាល័យនៃបណ្តាញព័ត៌មានស្រ្តីសម្រាប់សហគមន៍ដោយភាពអត់ធ្មត់ដើម្បីផ្តល់ការចែករំលែកព័ត៌មាននានាដល់ ប្រជាពលរដ្ឋកម្ពុជា នាង ទូច ស្រីល័ក្ខ ដែលជាមនុស្សភេទទីបីដែរនោះ បាននិយាយថា៖ «ឈប់រើសអើងនឹងពួកយើងជាភេទទីបីទៅ!ព្រោះថាការរើសអើងនេះក៏ជា មូលហេតុនៃការបង្ខំពួកយើងឈានទៅចាប់យកការងារបម្រើផ្លូវភេទដើម្បីចិញ្ចឹមជីវិតដែរ»។

ក្រោយពីសភាពស្ងៀមស្ងាត់ នាង ទូច ស្រីល័ក្ខ បានថ្លែងក្នុងអារម្មណ៍ស្រស់ស្រាយបន្តិចឡើងវិញថា នាងជឿជាក់ថា ប្រសិនជាមនុស្សទូទៅបានយល់ពីអារម្មណ៍របស់នាង ពួកគេនឹងមានការប្តូរឥរិយាបថខ្លះជាមិនខាន។

នាង ទូច ស្រីល័ក្ខ ដែលមានវ័យ ២៤ឆ្នាំមកពីខេត្តកណ្តាលនោះបានបន្តថា៖ «ព្រោះតែមានការរើសអើងភេទទីបីនេះហើយ ទើបបានបង្ខំចិត្តខ្ញុំទៅចាប់យកការងារបម្រើផ្លូវភេទនេះ»។

តាមរយៈការស្ទង់មតិ ក្រុមភេទទី៣ (ប្រុសដែលតុបតែងខ្លួនជាស្រី) នោះមិនចូលចិត្តឲ្យមនុស្សជុំវិញខ្លួនប្រើពាក្យថា «ខ្ទើយ» ដើម្បីសំដៅលើភេទរបស់ខ្លួននោះទេ។ ពួកនាងចូលចិត្តឲ្យអ្នកដទៃហៅថា «ស្រីស្រស់»។

ស្រីល័ក្ខ បានថ្លែងពីការប្តូរឥរិយាបថរបស់ខ្លួនថា៖ «ខ្ញុំបានចាប់ផ្តើមស្លៀកពាក់ជាមនុស្សស្រីចាប់ពីនៅអាយុ ១៦ឆ្នាំ ព្រោះពេលនោះ ខ្ញុំគិតវាជាផ្នែកទាក់ទាញមួយដល់មនុស្សប្រុស»។

ស្រីល័ក្ខ ដែលនាងបានផ្លាស់មកនៅភ្នំពេញក្នុងវ័យ១៨ឆ្នាំនោះបានរំឭកទៀត ថា៖ «ពេលខ្ញុំមកដល់ភ្នំពេញ ខ្ញុំមិនស្គាល់អ្នកណាឡើយ តែនៅថ្ងៃដំបូងបានជួបស្រីស្រស់ម្នាក់ បាននាំនាងខ្ញុំទៅស្នាក់នៅជាមួយគេ»។

បន្ទាប់មកនាងត្រូវស្រីស្រស់នោះណែនាំឲ្យទៅរៀនតុបតែងខ្លួន និងកែសម្ផស្ស។ ថ្លែងបណ្ដើរសើចបណ្ដើរ ស្រីល័ក្ខ និយាយទៀតថា៖«ពួកគេតែងតែសរសើរពីសម្រស់របស់យើង»។

មូលហេតុដែល ទូច ស្រីល័ក្ខ មកបម្រើការងារខាងផ្លូវភេទនេះ ក៏ព្រោះតែនាងមិនអាចរកការងារណាមួយអាចធ្វើបាន តែនាងជឿជាក់ថា នៅភ្នំពេញការមាក់ងាយភេទទីបីចាប់ផ្ដើមមានភាពធូរស្រាលបន្តិចហើយ បន្ទាប់ពីមនុស្សកាន់តែច្រើនបានស្វែងយល់ពីស្ថានភាពរបស់ ក្រុមស្រីស្រស់ទាំងនោះ។ នាងបានលើកយក តួអង្គជាវីរជនសំខាន់ពួកគេគឺតារាសម្តែងកែភេទ ប៉ុបពី មកបង្ហាញផងដែរ។

ស្រីល័ក្ខ បានបន្តទៀតថា៖ «ប៉ុបពី គឺជានិមិត្តរូបមួយនៃក្រុមស្រីស្រស់របស់ពួកយើង។ គាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការវះកាត់ដូរភេទ និងធ្វើរូបរាងកាយដូចជាមនុស្សស្រីបេះបិទ។ មិនតែប៉ុណ្ណោះ គាត់ក៏មានឱកាសទទួលបានជីវិតដ៏ប្រសើរផងដែរ»។

ចំណែក ទូច ស្រីល័ក្ខ ត្រូវទទួលបន្ទុកក្នុងការរកប្រាក់ដើម្បីជួយផ្គត់ផ្គង់គ្រួសារ។ នាងបានវិលត្រឡប់ទៅផ្ទះម្តងមួយខែ ដោយនាំប្រាក់ចំនួន៥០ដុល្លារទៅឲ្យឪពុកម្តាយ ទោះបីជាក្រុមគ្រួសារនៅតែពុំអាចទទួលយកបាននូវស្ថានជាភេទទី៣ របស់នាងក៏ដោយ។

នាងលើកឡើងថា៖«ខ្ញុំចង់ផ្តល់ជូនពួកគាត់ច្រើនជាងនេះ តែការរស់នៅឯភ្នំពេញរបស់ខ្ញុំត្រូវចំណាយច្រើន ដោយសាររបស់របរប្រើប្រាស់ថ្លៃ»។

ជាទូទៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ភេទទី៣ ជួនកាលក៏ក្លាយជាជនរងគ្រោះនៃបញ្ហាសង្គមផ្សេងៗផងដែរ។

ដល់ចំណុចនេះ នាង ស្រីល័ក្ខ បានលើកយកបទចម្រៀង «ទឹកភ្នែកខ្ទើយ» របស់លោក អាន វិសាល ដែលហាក់ស្ដែងចេញស្ថានភាពស្រីស្រស់ភេទទី៣ត្រូវប្រុសព្រានបោក ធ្វើបាបចិត្ត។

ស្រីល័ក្ខ បាននិយាយទៀត៖ «បទនេះល្បីណាស់ ហើយវាជាដំបូន្មានដ៏ល្អសម្រាប់ពួកយើង។ តែទោះជាយ៉ាងណា ស្រីស្រស់ទាំងឡាយត្រូវមិត្តប្រុស និងស្វាមីពួកគេបោកប្រាសដដែល។ ពួកគេច្រើនតែជាមិត្តប្រុសបណ្តោះអាសន្នប៉ុណ្ណោះ។ ចំពោះខ្ញុំមិនចង់បានពួកគេមកធ្វើជាមិត្តប្រុសយូរអង្វែងឡើយ គឺវាគ្រោះថ្នាក់ណាស់»៕

Advertisements

ការបញ្ចូលបញ្ហា និងសិទ្ធិស៊ូជី (SOGI) ទៅក្នុងACSC/APF និងទៅក្នុងសេចក្តី​ថ្លែងការណ៍​ជាសាកល​នៃសិទ្ធិមនុស្ស​ ក្នុងតំបន់អាស៊ាន

កម្ពុជា៖ ការមកជួបប្រជុំគ្នាជាលើកទីពីរ នៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTIQ) ក្នុងតំបន់អាស៊ាន បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ដោយមិនមែនត្រឹមតែដើម្បីមកចែករំលែក និងសិក្សាពីភាពខុសគ្នាប៉ុណ្ណោះទេ តែថែមទាំងដើម្បីក្រើនរំឮកដល់រដ្ឋាភិបាល និងសមាជិកសង្គមស៊ីវិលទាំងអស់ ឲ្យបានដឹងថា ការទទួលស្គាល់ ការផ្សព្វផ្សាយ និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា គឺមិនទាន់យឺតពេលនៅឡើយ។

សម្រាប់ឆ្នាំទីពីរនេះ បញ្ហាដែលជាប់ទាក់ទិនទៅនឹងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ (SOGI) ត្រូវបានផ្តល់ឲ្យមានអាទិភាព និងការយកចិត្តទុកដាក់ដូចគ្នា ទៅនឹងបញ្ហាប្រឈមដទៃទៀតដែរ សម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន/វេទិកាពិភាក្សាប្រជាជនអាស៊ាន (ACSC/APF)។ ខណៈពេលដែលយើងពេញចិត្តនឹងការទទួលស្គាល់ និងឱកាសដែលយើងមាន យើងត្រូវការឲ្យ ACSC/APF បង្កើនសកម្មភាពរបស់ខ្លួនបន្ថែមទៀត កុំថាបានតែមាត់។

អំឡុងACSC/APF លើកទី៨ នៅទីក្រុងចាកាតា នៃប្រទេសឥណ្ឌូនេស៊ី កិច្ចប្រជុំស្តីពីអ្នកស្រឡាញ់ភេទដូចគ្នា បានបង្ហាញឲ្យឃើញជាក់ស្តែង នូវការរំលោភបំពានលើសិទ្ធិមនុស្ស និងការរងសំពាធទាំងផ្លូវចិត្ត ទាំងផ្លូវកាយ នៃអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងតំបន់អាស៊ាន។ ដូច្នេះ យើងមានការខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំង ដោយការមិនបានបញ្ចូលបញ្ហាSOGI ទៅក្នុងសេចក្តីថ្លែងការណ៍សិទ្ធិមនុស្សតំបន់អាស៊ាន ដែលនេះជាការសម្តែងឲ្យឃើញ ពីការរើសអើង ប្រឆាំងនឹងអ្នកដែលស្រឡាញ់ភេទដូចគ្នា ដោយគ្មានការលាក់លៀម។

នៅក្នុងតំបន់អាស៊ាន អ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានគេចាត់ទុកថា ជាជនថ្នាក់ទីពីរ ដែលជាពួកបង្កចលាចល បង្កបទល្មើស និងជាជនដែលខុសពីមនុស្សម្នាទាំងឡាយ ហើយក្នុងករណីខ្លះ សូម្បីតែត្រឹមភាពជាមនុស្សហ្នឹងគេ ក៏គេមិនបានឲ្យតម្លៃផង។ យើងត្រូវបានកើតមក ឲ្យមានជីវិតរស់នៅ ក្នុងភាពលាក់លៀម និងមានភាពអាម៉ាស់ ចំពោះធាតុពិតរបស់ខ្លួន។ យើងត្រូវបានគេចោទប្រកាន់ ដាក់ទោសទណ្ឌ ចំអកឡកឡឺយ នាំយកទៅព្យាបាលដោយយើងមិនបានឈឺ និងធ្វើការរំលោភបំពានយើងតាមវិធីផ្សេងៗទៀត យ៉ាងព្រៃផ្សៃ។ ការរើសអើង និងអំពើហិង្សាដែលកើតមាន មិនមែនត្រឹមតែកើតចេញពីរង្វង់គ្រួសារ មិត្តភក្តិ សហគមន៍ និងនិយោជកប៉ុណ្ណោះទេ គឺថែមទាំងកើតចេញពីស្ថាប័នរដ្ឋ ពីអ្នកដែលមានតួនាទីជាមន្ត្រីរាជការ ជាពិសេសជាងគេ គឺប៉ូលីស និងមេដឹកនាំសាសនា។ ថ្វីត្បិតតែយើងប្រឈមមុខទៅនឹងការរើសអើង និងអំពើហិង្សាក៏ដោយ ក៏ពួករដ្ឋាភិបាលមិនដែលអើពើ ធ្វើការគាំទ្រ និងការពារសិទ្ធិជាមូលដ្ឋានរបស់យើងដែរ។

នៅប្រទេសព្រុយនេ ភូមា ម៉ាលេស្យា និងសិង្ហបុរី ច្បាប់អាណានិគមដ៏ចាស់គំរិល ដែលធ្វើការប្រឆាំងនឹងSOGI ថាវាជាបទទោសទណ្ឌ គឺនៅតែបន្តប្រើប្រាស់ នៅក្នុងប្រទេសទាំងនោះ។ នៅព្រុយនេ ភូមា និងម៉ាលេស្យា ច្បាប់ទាំងនេះ ត្រូវបានគេយកមកអនុវត្ត ដើម្បីធ្វើការវាយប្រហារ ទារជំរិតប្រាក់ បង្ខំឲ្យរួមភេទ ចាប់ខ្លួន ឃុំខ្លួន និងធ្វើទុក្ខបុកម្នេញ ចំពោះអ្នកដែលស្រឡាញ់ភេទដូចគ្នា។ នៅភីលីពីន និងឥណ្ឌូនេស៊ី ច្បាប់ប្រឆាំងទៅនឹងការជួញដូរផ្លូវភេទ ឬច្បាប់រួមភេទ ត្រូវបានគេយកទៅប្រើប្រាស់ ដើម្បីធ្វើការអុកឡុក គំរាមកំហែង នៅតាមអង្គភាពរបស់ក្រុមបុរសស្រឡាញ់បុរស និងធ្វើការចាប់ខ្លួនអ្នកដែលស្រឡាញ់ភេទដូចគ្នា។ ច្បាប់ប្រឆាំងនឹងការចាប់ជំរិត នៅក្នុងប្រទេសភីលីពីន ត្រូវបានគេយកមកប្រើប្រាស់ ដើម្បីបំបែកបំបាក់គូស្នេហ៍ស្រ្តីស្រឡាញ់ស្រ្តីដូចគ្នា ក្នុងបទគ្មានទំនាក់ទំនងស្របច្បាប់ និងគ្មានកិច្ចសន្យា។ នៅប្រទេសកម្ពុជា ស្រីស្រឡាញ់ស្រីម្នាក់ ត្រូវបានជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ ដោយសារតែឪពុកម្តាយខាងស្រីបានដាក់ពាក្យបណ្តឹង មិនពេញចិត្ត ចំពោះទំនាក់ទំនងស្នេហាភេទដូចគ្នារបស់ពួកគេទាំងពីរ។ នៅប្រទេសថៃ ការធ្វេសប្រហែសមិនអើពើរបស់រដ្ឋ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីការច្រានចោល មិនឲ្យមានការស៊ើបអង្កេត ទៅលើរឿងក្តីសម្លាប់ស្រ្តីស្រឡាញ់ស្រ្តី និងស្រ្តីប្តូរភេទចំនួន១៥នាក់។ វត្តមាននៃច្បាប់រួមភេទ ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបញ្ចូល SOGI ថាជារឿងអាសអាភាសមិនសមទំនងនោះ ត្រូវបានអ្នកផ្គត់ផ្គង់សេវាអ៊ីនធើណេតបីបួន ធ្វើការបិទវ៉ិបសាយរបស់អង្គការស្របច្បាប់ដែលគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នាចោល ដូចជាវ៉ិបសាយរបស់គណៈកម្មាធិការគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាអន្តរជាតិ(IGHLRC) និងរបស់សមាគមអ្នកស្រឡាញ់ភេទដូចគ្នាអន្តរជាតិ(ILGA)ដទៃផ្សេងទៀត។ នៅប្រទេសម៉ាលេស្យា សេកស្យួលីធី មែដឺកា (Seksualiti Merdeka) ដែលជាពិធីបុណ្យភេទប្រចាំឆ្នា ត្រូវបានប៉ូលីសចូលមកអុកឡុក និងរុះរើ ដោយអាងថា វាជាបុណ្យធ្វើឲ្យខូចសណ្តាប់ធ្នាប់ និងសន្តិសុខជាតិ។

សិទ្ធិមូលដ្ឋានរបស់មនុស្ស ដូចជាសិទ្ធិក្នុងការទទួលបានតំហែទាំសុខភាព សិទ្ធិទីលំនៅ និងសិទ្ធិអប់រំ មិនត្រូវបានគេទទួលស្គាល់ ដោយសារតែនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ (SOGI) របស់យើង។ ការមិនទទួលស្គាល់នេះហើយ វាបានចូលរួមធ្វើឲ្យកំណើនអត្រាឆ្លងមេរោគអេដស៍ កាន់តែកើនឡើង ក្នុងចំណោមក្រុមងាយរងគ្រោះជាងគេ គឺក្រុមបុរសស្រឡាញ់បុរស និងក្រុមអ្នកប្តូរភេទ។ លើសពីនេះ ច្បាប់ដ៏ចាស់គំរិលដែលធ្វើការប្រឆាំងនឹងSOGI រឹតតែដាក់គំនាបឲ្យស្ថានភាពនោះ កាន់តែមានសភាពធ្ងន់ធ្ងរថែមទៀត និងពិបាកជួយធ្វើអន្តរាគមន៍ជួយសង្គ្រោះ ដល់ក្រុមងាយរងគ្រោះទាំងនោះ។

ជាមួយនឹងរនាំង និងបញ្ហាប្រឈមទាំងអស់ ដែលចលនាអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងតំបន់អាស៊ី បានប្រឈមមុខ ក៏វាមិនអាចរារាំងនូវសំទុះ និងភាពខ្លាំងរបស់យើង ដែលចេះតែកើនឡើងឥតឈប់ឈរបានឡើយ។ យើងបានមកដល់តំណាក់កាលមួយ ដែលយើងតស៊ូ ដើម្បីទទួលបាននូវសមភាព និងការគោរព ហើយយើងនឹងមិនត្រូវការនូវការរើសអើង ការរំលោភបំពាន និងអំពើហិង្សា ដើម្បីបដិសេធ និងលុបបំបាត់សិទ្ធិ និងភាពជាមនុស្សរបស់យើងឡើយ។

ក្នុងន័យមោទនភាព និងសាមគ្គីភាពជាធ្លុងមួយ យើងសូមធ្វើការទាមទារនូវសិទ្ធិរបស់យើងដែលខ្វះចន្លោះ នៅក្នុងប្រទេស នៅក្នុងតំបន់ដែលយើងគោរព និងទាមទារឲ្យរដ្ឋាភិបាលរបស់យើង៖

  • បញ្ចូលលក្ខខណ្ឌនៃSOGIចូលទៅក្នុងសេចក្តីថ្លែងការណ៍របស់អាស៊ាន ក្រោមប្រធានបទសិទ្ធិមនុស្ស ដោយរួមបញ្ចូលយ៉ាងពិសេសនៃសេចក្តីព្រាង ទៅលើ «អត្តសញ្ញាណយេនឌ័រ» និង «និន្នាការផ្លូវភេទ» នៅក្នុងមាត្រា២។
  • លុបច្បាប់ដែលប្រឆាំងនឹងSOGI ជាបន្ទាន់ ទោះដោយប្រយោល និងដោយមិនប្រយោលក្តី ដោយទទួលស្គាល់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ជាសិទ្ធិមនុស្ស និងធ្វើឲ្យមានលក្ខណៈសមស្របទៅនឹងច្បាប់ជាតិ ហើយបង្កើតគោលការណ៍ និងការអនុវត្ត ដោយយោងតាមគោលការណ៍ច្បាប់យ៉កយ៉ាកាតា។
  • បង្កើតយន្តការថ្នាក់ជាតិ និងពិនិត្យឡើងវិញ នូវរាល់ឯកសារច្បាប់ ស្តីអំពីសិទ្ធិមនុស្សដែលមានរួច (ឧទា. AICHR, ACWC) ដើម្បីផ្សព្វផ្សាយ និងការពារ ឲ្យមានសិទ្ធិស្មើគ្នាចំពោះមនុស្សគ្រប់រូប ដោយមិនប្រកាន់និន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ (SOGI) ដោយភ្ជាប់បណ្តាញយ៉ាងជិតស្និទ្ធ ជាមួយនឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTIQ) ។
  • ដកចេញនូវអំណះអំណាងដែលថា អ្នកស្រឡាញ់ភេទដូចគ្នា ជាអ្នកជម្ងឺ និងធ្វើការលើកកម្ពស់សុខភាពផ្លូវចិត្ត ដល់ក្រុមSOGIផ្សេងទៀត ដោយយោងទៅតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក(WHO) និងធានាឲ្យមានសមភាព ទៅលើសេវាតំហែទាំសុខភាព និងសេវាសង្គម។

ហត្ថលេខីដោយ៖

  1. Arus Pelangi ប្រទេសឥណ្ឌូនេស៊ី
  2. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ប្រទេសកម្ពុជា
  3. សម្ព័ន្ធរួបរួមដើម្បីសិទ្ធិកុមារ – អាស៊ី
  4. HerLounge ប្រទេសឥណ្ឌូនេស៊ី
  5. ការអប់រំ និងព័ត៌មានស្តីអំពី សិទ្ធិមនុស្ស ក្នុងប្រទេសភូមា(HREIB) ប្រទេសភូមា
  6. ICS ប្រទេសវៀតណាម
  7. វិទ្យាស្ថានសិក្សាស្រាវជ្រាវសង្គម សេដ្ឋកិច្ច និងបរិស្ថាន(iSEE) ប្រទេសវៀតណាម
  8. iSee ប្រទេសវៀតណាម
  9. ចំណេះដឹង និងសិទ្ធិអនីតិជនតាមរយៈលំហសុវត្ថិភាព (KRYSS) ប្រទេសម៉ាលេស្យា
  10. Mplus ប្រទេសថៃ
  11. Rainbow Sky Association of Thailand
  12. Seksualiti Merdeka ប្រទេសម៉ាលេស្យា
  13. សហគមន៍ឥន្ទធនូកម្ពុជា(RoCK) ប្រទេសកម្ពុជា

គាំទ្រដោយ៖

  • គណៈកម្មាធិការគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាអន្តរជាតិ(IGHLRC– កម្មវិធីអាស៊ី)
  • សមាគមអ្នកស្រឡាញ់ភេទដូចគ្នាអន្តរជាតិ (ILGA-អាស៊ី)

ឯកភាពដោយ៖

  1. Aliansi Remaja Independent (សម្ព័ន្ធអនីតិជនឯករាជ្យ) ប្រទេសឥណ្ឌូនេស៊ី
  2. Alternative ASEAN Network on Burma (ALTSEAN Burma) ប្រទេសភូមា
  3. GAYa NUSANTARA ប្រទេសឥណ្ឌូនេស៊ី
  4. Harry Benjamin’s Syndrome ប្រទេសឥណ្ឌូនេស៊ី
  5. Labrys ប្រទេសKyrgyzstan
  6. Lesbian Activism Project (LeAP!), Inc. ប្រទេសភីលីពីន
  7. Oogachaga Counselling and Support ប្រទេសសិង្ហបុរី
  8. People Like Us (PLUS) ប្រទេសសិង្ហបុរី
  9. Perkumpulan Keluarga Berencana ប្រទេសឥណ្ឌូនេស៊ី
  10. Philippines Alliance of Human Rights Advocates (PAHRA) ប្រទេសភីលីពីន
  11. Rainbow Rights Project (R-Rights), Inc. ប្រទេសភីលីពីន
  12. Sayoni ប្រទេសសិង្ហបុរី
  13. SGRainbow ប្រទេសសិង្ហបុរី
  14. Women’s Aid Organisation (WAO) ប្រទេសម៉ាលេស្យា
  15. Youth Interfaith Forum on Sexuality ប្រទេសឥណ្ឌូនេស៊ី

ទំនាក់ទំនង៖

___________________________________

បកប្រែពី៖ ILGA-Asia

កាលបរិច្ឆេទ៖ ២ មេសា ២០១២

ភេទដូចគ្នា…តែរៀបការបាន​

សូមស្រមៃថា អ្នកកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងងប់ងុលជាមួយនរណាម្នាក់ ដែលអ្នកមានអារម្មណ៍ថា អាចផ្តល់នូវសុភមង្គល សម្រាប់ពេលវេលាដែលនៅសេសសល់នៃជីវិតរបស់អ្នក។ តែអ្នកមិនអាចរៀបការជាមួយពួកគេបានទេ ព្រោះប្រទេសដែលអ្នកកំពុងតែរស់នៅមិនអនុញ្ញាតឲ្យ។ សម្រាប់អ្នកដែលមានចំណងស្នេហ៍ជាមួយភេទផ្តុយគ្នារឿងនេះ ប្រហែលជាមិនអាចកើតឡើងទេ តែសម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា និងនៅក្នុងប្រទេសភាគច្រើននៅជុំវិញពិភពលោក វាជាការពិតដែលថា ពួកគេប្រឈមមុខ នៅពេលពួកគេចង់ធ្វើការតាំងចិត្តចំពោះដៃគូរបស់ពួកគេជាផ្លូវការ។

ក្នុងទសវត្សរ៍ចុងក្រោយនេះ អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលជាចំណងផ្លុវច្បាប់រវាងបុរសនិងបុរស ឬស្រីជាមួយស្រ្តី បានក្លាយទៅជាប្រធានបទប្រកែកតវ៉ាគ្នាទៅវិញទៅមក យ៉ាងក្តៅគគុក នៅក្នុងប្រទេស នៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើងជាច្រើនហើយ រួមទាំងមានការធ្វើបាតុកម្ម និងតវ៉ាដែលត្រុវបានរៀបចំឡើងពីសំណាក់ភាគីទាំងពីរដែលជាលទ្ធផលបណ្តាលឲ្យមានចេញច្បាប់អនុញ្ញាតឲ្យមានការរៀបការភេទដូចគ្នា ដោយស្របច្បាប់នៅតាមតំបន់មួយចំនួន និងមានការហាមប្រាមនៅកន្លែងដទៃទៀត។ ខណៈពេល ការទាមទារតវ៉ា ដើម្បីសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាកំពុងមានបម្រែបម្រួលក្នុងប្រទេសមួយចំនួន ដូចជាប្រទេសហូឡង់ ជាប្រទេសដំបូងគេ ដែលផ្តល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍ភេទដូចគ្នា កាលពីឆ្នាំ២០០១ និងប្រទេសអេស៉្បាញ ជាប្រទេសតែមួយគត់ ដែលការរៀបការរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានទទួលស្គាល់ក្រោមដំបូលច្បាប់តែមួយ ដូចជាការរៀបអាពាហ៍ពិពាហ៍មុនៗដែរ មានការប្រែប្រួលតិចតួចបំផុត ត្រូវបានធ្វើឡើង ដើម្បីបើកទ្វារឲ្យមានការរៀបការភេទដូចគ្នា នៅក្នុងប្រទេសកំពុងរីកចម្រើន និងអភិរក្សផ្នែកសង្គម ដូចជាប្រទេសកម្ពុជានោះ។

លោក ជាប យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា៖ «រហូតមកទល់ពេលនេះ យើងមានតែប្រពៃណីទំនៀមទម្លាប់បុរសការជាមួយស្រ្តី។ វាប្រសើរជាងចំពោះការដែលពុំមានច្បាប់អនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នាបែបនេះ ដូច្នេះទើបរដ្ឋាភិបាលអាចដោះស្រាយជាមួយច្បាប់ផ្សេងទៀតបាន។ រដ្ឋាភិបាលត្រូវតែផ្តោតលើការអភិវឌ្ឍប្រទេស មុនពេលពួកគេអាចចាប់ផ្តើមគិតអំពីច្បាប់រៀបការភេទដូចគ្នានេះ»។

ទោះបីជាការពិត ដែលថាអង្គការរបស់លោកគាំទ្រសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជាក្តី លោក អំ សំអាត មន្ត្រីគ្រប់គ្រងបច្ចេកទេសនៃអង្គការលីកាដូ បានឯកភាពថា បច្ចុប្បន្នអាចមិនមែនជាពេលវេលាសម្រាប់ធ្វើការកែប្រែបែបនោះទៅលើរចនាសម្ព័ន្ធសង្គមនៃប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថា៖ «ច្បាប់បែបនោះ អាចបង្កឲ្យមានការរើសអើង និងជម្លោះកាន់តែច្រើននៅក្នុងសង្គម»។ លោកបានពន្យល់ថា ប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍ មិនមែនជាប្រទេសអភិវឌ្ឍជឿនលឿននៅឡើយទេ ដូច្នេះការផ្លាស់ប្តូរ ត្រុវតែធ្វើឡើង ជាជំហានៗ។

ទោះបីជាការទទួលស្គាល់អាពាហ៍ពិពាហ៍ខ្ទើយ ដោយស្របច្បាប់ អាចមិនមែនជាការពិតក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នក្តី វាមិនបានបញ្ឈប់ដៃគូខ្ទើយជាច្រើនគូ មិនឲ្យរួមរស់នៅជាមួយគ្នា ដូចជាប្តីប្រពន្ធនោះទេ។ កញ្ញាអ៊ុក ដារ៉េត ងាយុ២៩ឆ្នាំ ដែលជាស្ត្រីកែភេទ និងស្វាមីនាងឈ្មោះ ចំរើន បានរស់នៅជាមួយគ្នាអស់រយៈពេលជិត៨ឆ្នាំមកហើយ។ នាងបានប្រាប់ឲ្យដឹងថា៖ «ទោះបីយើងមិនមែនកើតមកជាស្រីក្តី យើងក៏ត្រូវការសិទ្ធិ ដើម្បីរៀបការដូចមនុស្សដទៃទៀតដែរ»។

សំឡេងទាមទារសិទ្ធិភេទដូចគ្នា គួរឲ្យកត់សម្គាល់បំផុតមួយ គឺរឿងរបស់ប៉ុបពី ដែលជាតារាសម្តែងភេទដូចគ្នាដ៏ល្បីឈ្មោះម្នាក់ ដេលបានទទួលឈ្មោះបោះសំឡេងកាន់តែខ្លាំងឡើង តាមរយៈការសម្តែងរបស់នាង ក្នុងកម្មវិធីទូរទស្សន៍ និងឈុតឆាកកំប្លែងនានា។ នាងបានប្រាប់ទស្សនាវដ្តីLift ក្នុងកិច្ចសម្ភាសន៍មួយថា៖ «យើងរស់នៅក្នុងសង្គមប្រជាធិបតេយ្យមួយ។ យើងមានសិទ្ធិរៀបការជាមួយនរណាម្នាក់ ដេលយើងស្រឡាញ់ លើកលែងតែយើងបង្កឲ្យខូចខាត ឬបែកបាក់សង្គម។ វាជាបញ្ហាសិទ្ធិរបស់មនុស្ស។ មនុស្សភេទដូចគ្នា  អាចធ្វើការ និងធ្វើអ្វីផ្សេងគ្រប់យ៉ាងបាន។ យើងគួរតែទទួលបានសិទ្ធិ ដើម្បីរៀបអាពាហ៍ពិពាហ៍»។

សូម្បីតែសម្តេចឪ នរោត្តមសីហនុ នៅជិតចុងបញ្ចប់នៃអាណត្តិគ្រងរាជ្យរបស់ទ្រង់ កាលពីឆ្នាំ២០០៤ ក៏បានប្រកាសថា ព្រះអង្គឈ្វេងយល់ថា អាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នា គួរតែទទួលបានការអនុញ្ញាត នៅក្នុងប្រទេសកម្ពុជា។ ទ្រង់មានបន្ទូលថា ជាប្រទេសដែលមានលក្ខណៈសេរីប្រជាធិបតេយ្យព្រះរាជាណាចក្រនេះ គួរតែអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍រវាងបុរស និងបុរស ឬរវាងស្រ្តី និងស្រ្តី បើសិនជាពួកគេចង់ការ។

សិស្ស និស្សិតសាកលវិទ្យាល័យជាច្រើន ក៏ហាក់ដូចជាមានគំនិតសេរី ស្តីពីអាពាហ៍ពិពាហ៍ផងដែរ ដោយពួកគេបានស្រង់ពុទ្ធឱវាទនៃការទទួលយកធ្វើជាមូលហេតុ សម្រាប់ការទទួលយកច្បាប់នេះ។ លោក ថុង ចន្ទធីម អាយុ២២ឆ្នាំ ដែលជានិស្សិតឆ្នាំទី៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានថ្លែងថា លោកគាំទ្រយ៉ាងខ្លាំង ចមពោះការអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយស្របច្បាស់ ព្រោះតាមទ្រឹស្តីប្រជាជនកម្ពុជាភាគច្រន គោរព និងអនុវត្តតាមព្រះពុទ្ធសាសនា ដូច្នេះហើយការផ្តល់សិទ្ធិស្មើភាពគ្នា ដល់មនុស្សស្រឡាញ់ភេទដូចគ្នា នឹងជួយឲ្យពួកគេរស់នៅ ដោយបើកចំហ និងកាត់បន្ថយការរើសអើង ដែលពួកគេបានប្រឈមមុខ។

លោក ងួន ណូរ៉ាមី និស្សិតវ័យ២០ឆ្នាំ សិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យកម្ពុជា បានយល់ស្របថា ការខ្ពើមរអើម និងស្ពប់ការស្រឡាញ់ភេទដូចគ្នា នឹងចុះអន់ថយ បើពួកគេទទួលបានសិទ្ធិរៀបការនោះ។ លោកថ្លែងឲ្យដឹងថា៖ «យើងមិនអាចបន្ទោសពួកគេ ចំពោះការគ្រាន់តែស្រឡាញ់អ្នកណាម្នាក់ ដែលមានភេទដូចគ្នានោះទេ ព្រោះវាគឺជាធម្មជាតិរបស់ពួកគេ។ វាមិនខុសពីស្រ្តីស្រលាញ់បុរសនោះទេ។ បើយើងមិនបង្កើតច្បាប់នោះទេ ពួកគេអាចនឹងធ្វើអត្តឃាត ឬធ្វើអ្វីឆ្កួតៗចំពោះសង្គម»។

ការព្រួយបារម្ភថា ការស្រឡាញ់ភេទដូចគ្នា អាចនាំទៅរកការធ្វើអត្តឃាត បើសិនចាសង្គមមិនទទួលយកពួកគេ គឺជាគំនិតមួយ ដែលទទួលឥទ្ធិពល ដោយរឿងឆ្នាំ២០០៩មួយ ដែលមានចំណងជើងថា «ខ្ញុំជានរណា?» ដែលត្រូវបានសរសេរ និងដឹកនាំរៀងដោយ អ្នកស្រី ពាន់ ភួងបុប្ផា និងដែលត្រូវបានចាក់ផ្សាយជាច្រើនលើកតាមកញ្ចក់ទូរទស្សន៍ CTN  ដែលជាទូរទស្សន៍មានគេនិយមទស្សនាច្រើនជាងគេបំផុត។ ខ្សែភាពយន្តនោះនិយាយអំពីក្តីស្នេហារវាងស្ត្រីពីរនាក់ ដែលរងនូវការបំបែកបំបាក់គ្នា ពីសំណាក់ឪពុកម្តាយទាំងសងខាង ដែលជំទាស់មិនឯកភាព និងស្នេហារបស់ពួកគេ។ កុននោះ បញ្ចប់ជាមួយនឹងឈុតឆាកធ្វើអត្តឃាត ដោយតួស្ត្រីទាំងពីររូប បានស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់។

ខណៈពេលវាហាក់ដូចជាស្នេហាភេទដូចគ្នា កំពុងទទួលបានការទទួលស្គាល់ នៅក្នុងប្រទេសនេះ វាមានតំរុយតិចតួចណាស់ អំពីចលនារីករាលដាលឆ្ពោះទៅរកការទាមទារសិទ្ធិស្មើភាពគ្នា សម្រាប់មនុស្សដែលជាខ្ទើយ ដោយបើកចំហភាគច្រើន ប្រើតែដូចដែលបានលើកឡើងពីឧទាហរណ៍នៃភាពយន្តខាងដើម វាមិនមែនជារដ្ឋាភិបាលទេ គឺគ្រួសារ ដែលបានរារាំងកូនៗរបស់ពួកគេ មិនឲ្យដែគូដែលមានភេទដូចគ្នា រួមរស់នៅជាមួយគ្នា។ វាមានមនុស្សស្រឡាញ់ភេទដូចគ្នាជាច្រើនករណី ដែលបានរៀបការជាមួយនឹងមនុស្សភេទផ្ទុយគ្នា ដើម្បីផ្គាប់ចិត្តឪពុកម្តាយរបស់ពួកគេ តែបានរស់នៅជាមួយនឹងដៃគូភេទដូចគ្នារបស់ពួកគេ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសមរង្ស៊ី ដែលជាបក្សប្រឆាំង ក្នុងប្រទេសកម្ពុជាមួយ បានថ្លែងប្រាប់ទស្សនាវដ្តីLiftថា ប្រទេសកម្ពុជាពុំមានប្រពៃណី ឬទំនៀមទម្លាប់ទទួលយក ដូចប្រទេសលោកខាងលិចទេ ហើយមនុស្សដែលស្រលាញ់ភេទដូចគ្នា ខ្លួនពួកគេនៅមិនទាន់បានធ្វើការទាមទារជាផ្លូវការឲ្យមានភាពស្របច្បាប់ ចំពោះការរៀបការភេទដូចគ្នា ទៅរដ្ឋាភិបាលដែរ។ លោកមានប្រសាសន៍ថា៖ «យើងអាច និងធ្វើការពិចារណា បើសិនបើមានសំណូមពរណាមួយពីក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា»។

លោក ឡេង មុនីនាថ ដែលជាអ្នកសម្របសម្រួលថ្នាក់ជាតិ របស់បណ្តាញបុរសរួមភេទបុរស (MSM) បានគាំទ្រ ចំពោះការធ្វើឲ្យស្របច្បាប់នូវអាពាហ៍ពិពាហ៍ភេទដូចគ្នា តែបានសារភាពថា ចលនានេះ ត្រូវតែធ្វើឡើងដោយសន្សឹមៗ ហើយការទំនាក់តំនងណាមួយ ជាមួយរដ្ឋសភាចាំបាច់ត្រូវមានភាពឡូហ្សីក បើមិនអ៊ីចឹងទេ វាអាចនឹងបំផ្លាញដំណើរការដែលបង្កើតឡើងក្រុមMSM  និងអង្គការសិទ្ធិនានា។

លោកបានថ្លែងបន្តថា៖ « MSM  មាននៅក្នុងសង្គមខ្មែរជាយូរមកហើយ តែពួកគេពុំហ៊ានរស់នៅ ដោយចេញមុខឡើយ។ ឥឡូវនៅពេលយើងជួយត៉វាឲ្យពួកគេ ពួកគេពុំខ្លាច និងបង្ហាញសាធារណជនថា ពួកគេជានរណាទេ»។

ដោយពុំគិតអំពីច្បាប់ លោក មៀច ប៉ុណ្ណ ទីប្រឹក្សានៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតកម្ពុជា មានប្រសាសន៍ថា អ្នកស្រឡាញ់ភេទដូចគ្នា អាចធ្វើការសម្រេចចិត្ត ដោយខ្លួនគេ។ លោកមានប្រសាសន៍ថា៖ «បើអ្នកខ្លះ មិនចូលចិត្តច្បាប់នេះ ពួកគេអាចមិនអើពើនឹងវាបាន។ បើមិនអ៊ីចឹងទេ ពួកគេអាចបង្ខំចិត្តខ្លួនឯង ដើម្បីទទួលវា»៕

____________________________

  • ប្រភព៖ LIFT
  • អត្ថបទ៖ គាំ ទិវា & ម៉េងហួង
  • កាលបរិច្ឆេទ៖ ២២ កញ្ញា ២០១០

 

អ្នកជាមនុស្ស អ្នកស្រឡាញ់ភេទដូចគ្នាក៏ជាមនុស្ស

រូបភាពដកស្រង់ចេញពីខ្សែភាពយន្តថៃ ស្តីពីស្ត្រីស្រឡាញ់ស្ត្រីដូចគ្នា “Yes or No”

មនុស្សគ្រប់ៗរូបកើតមក មានភាពស្នើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចៗគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និងស្ថានភាពឯទៀតឡើយ។ តែទោះបីជានៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិនានា បានចែងពីសេចក្តីនេះ និងហាមឃាត់កុំឲ្យមានការរើសអើងមនុស្សដូចគ្នាក៏ដោយ ក៏នៅកម្ពុជា ឬនៅជុំវិញពិភពលោក ការរើសអើង និងការរំលោភបំពានទៅលើសិទ្ធិ និងសេរីភាពរបស់មនុស្ស ក៏ចេះតែបន្តកើតមានជាហូរហែ។

ខណៈពេលដែលបញ្ហាការរើសអើងជនជាតិស្បែកខ្មៅ និងនារី កំពុងតែធ្វើដំណើរសន្សឹមៗរបស់ខ្លួន ទៅរកចំនុចសូន្យ បញ្ហានៃការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នា ក៏បានផ្ទុះឡើង និងមានសភាពគួរឲ្យភ័យព្រួយ ស្របពេលដែលយុវវ័យដែលស្រឡាញ់ភេទដូចគ្នា ហ៊ានបង្ហាញមុខជាចំហរ ថាខ្លួនជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា ច្រើនទៅៗ។

មនុស្សភាគច្រើនយល់ថា អ្នកដែលស្រឡាញ់ភេទដូចគ្នា គឺមានជម្ងឺ គួរឲ្យខ្ពើមរអើម និងធ្វើអ្វីឆ្កួតៗ ខុសពីច្បាប់ក្រិតក្រមធម្មជាតិ។ ពួកគេជាកូនអកត្តញ្ញូ មិនដើរតាមគន្លង និងកំពុងតែធ្វើឲ្យពិភពលោកនេះ ច្របូកច្របល់ និងឈានទៅដល់ការដាច់ពូជរបស់មនុស្សជាតិ។ នេះជាការយល់ច្រលំ និងការមិនយល់របស់ពួកគេ។ ត្រូវយល់ថា គ្មាននរណាម្នាក់ ចង់កើតមកអ៊ីចឹងនោះទេ។ តើនរណាចង់កើតមក ឲ្យគេដៀលថា អាខ្ទើយ មីខ្ទើយនោះ?

ស្នេហា មិនប្រាកដថា ឲ្យតែអ្នកមានភេទដូចគ្នា មិនអាចស្រឡាញ់គ្នាបាននោះឡើយ។ ស្នេហាមិនប្រកាន់អ្វីទាំងអស់ សូម្បីតែភេទ។ ពេលដែលវាមកដល់ វាពិបាកនឹងទប់ជាប់ណាស់។ មិនថាជារបស់អ្នកស្រឡាញ់ភេទដូចគ្នា ឬផ្ទុយគ្នា ស្នេហា វាសុទ្ធតែមានចំនុចដូចគ្នា។ វាកើតចេញមកពីការទាក់ទាញ ការចូលចិត្ត ការមានចំណង់ចំណូលចិត្ត ឬចិត្តគំនិតត្រូវគ្នា ការគោរព ការឲ្យតម្លៃ និងការមានជំនឿទុកចិត្តលើគ្នាទៅវិញទៅមក។ បើមិនមានចំនុចទាំងនេះ នោះពួកគេមិនអាចជួបប្រសព្វគ្នាឡើយ។ ម៉្យាងស្នេហា និងការរួមរស់នៅជាមួយគ្នា មិនប្រាកដថាឲ្យតែមានកូនដែលជារបស់ខ្លួន មានសុភមង្គលនោះទេ។

នៅពេលដែលយើងសាកល្បង និងព្យាយាមធ្វើជាមិត្តរបស់ពួកគេ រៀនស្វែងយល់ពីពួកគេ នោះយើងនឹងដឹងថា ពួកគេក៏មិនខុសពីយើង។ ពួកគេក៏មានសមត្ថភាព បំណងប្រាថ្នា និងក្តីសុបិនដូចជាយើងរាល់គ្នា ហើយក៏ចង់ឲ្យជីវិតរបស់ខ្លួនមានក្តីសុខ ប្រកបដោយភាពរីករាយ និងមានន័យ។ ពួកគេក៏មានការងារ និងមានរបៀបរបបរស់នៅ ដែលជារបស់ខ្លួន ដែលមិនខុសគ្នាពីអ្នកដទៃ។ ពេលខ្លះ មិនប្រាកដថា បុរសដែលស្រឡាញ់បុរស ត្រូវតែចេះចម្អិនម្ហូបអាហារ ធ្វើការងារផ្ទះ ស្លៀកពាក់ តែងខ្លួន និងធ្វើឬកពាម្ញ៉ិកម៉្ញក់ដូចស្ត្រី ហើយក៏មិនប្រាកដថា ស្រ្តីដែលស្រឡាញ់ស្ត្រី ត្រូវតែមានសក់ខ្លី ស្លៀកពាក់ ឬក៏ធ្វើដំណើរ ធ្វើឬកពាឲ្យដូចជាបុរស។ មិនត្រឹមតែប៉ុណ្ណោះ មិនប្រាកដថា ឲ្យតែពួកក្រុមបុរសស្រឡាញ់បុរស សុទ្ធតែជាក្រុមដែលរកស៊ីផ្លូវភេទ ដើរចម្លងរោគឲ្យអ្នកដទៃ ហើយក៏មិនប្រាកដថា ឲ្យតែក្រុមស្ត្រីស្រឡាញ់ស្ត្រី សុទ្ធតែជាក្រុមក្មេងទំនើង ដើរពង្វក់កូនក្រមុំគេដែរ។ អ្នកដែលស្រឡាញ់ភេទដូចគ្នា មិនថាបុរសស្រឡាញ់បុរស ស្រ្តីស្រឡាញ់ស្ត្រី អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ក៏ជាក្រុមមនុស្សដែលមានច្រើនប្រភេទ និងច្រើនសណ្ឋាន ដូចជាមនុស្សដែលស្រឡាញ់ភេទផ្ទុយគ្នាអ៊ីចឹងដែរ។

អ្នកជាមនុស្ស អ្នកស្រឡាញ់ភេទដូចគ្នា ក៏ជាមនុស្ស។ មនុស្សម្នាក់ៗ មានដំណើរជីវិតផ្សេងៗពីគ្នា។ តម្រូវការជីវិត គឺមិនដូចគ្នាឡើយ។ រឿងស្នេហា គឺជារឿងរបស់បុគ្គល ហើយក៏ជាបញ្ហាសម្រេច និងទំនួលខុសត្រូវរបស់បុគ្គលផងដែរ។ បើគ្រាន់តែរឿងស្នេហា ដែលជារឿងរបស់បុគ្គល មិនមែនជារឿងសាធារណ៍ យើងបែរជានាំគ្នាបដិសេធគាត់ រើសអើងពួកគាត់ និងហាមផ្តាច់ពួកគាត់ ជាពិសេសយកអំពើហិង្សា និងការបំបិទសិទ្ធិមកធ្វើជារនាំង នោះវានឹងមិនខុសគ្នា ពីសង្គ្រាមរើសអើង រវាងជនជាតិស្បែកស និងស្បែកខ្មៅ ឬរវាងបុរស និងនារីឡើយ៕

________________

អត្ថបទ៖ អាពៅ

កាលបរិច្ឆេទ៖ ៨ មីនា ២០១២ 

ស៊ូ សុធាវី & សុថា​៖ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ នៅ​សម័យ​ខ្មែរ​ក្រហម

ស៊ូ សុធាវី អាយុ៦៨ឆ្នាំ បុរសស្រឡាញ់ភេទ ដូចគ្នា ត្រូវបានចាប់បង្ខំអោយរៀបការនៅ ក្រោមរបប ខ្មែរក្រហម។ នៅអំឡុងសម័យកាល នោះ សុធាវីអាចរក្សាទំនាក់ទំនងផ្លូវភេទ ជាមួយបុរសៗ ជួនកាលគាត់ធ្វើ តាមសេចក្តី ត្រូវការរបស់ខ្លួន និងជួនកាល ដើម្បីភាពចាំបាច់។

នៅ​ប្រទេស​កម្ពុជា អ្នក​​ស្រឡាញ់​ភេទ​ដូច​គ្នា​កម្រ​រង​ការ​ឈឺ​ចាប់​ដោយ​សារ​ការ​ស្អប់​ខ្ពើម​ពី​សំណាក់​ប្រជាជន​ខ្មែរ​ដោយ​បើក​ចំហ​ណាស់ ប៉ុន្តែ​ដោយ​សារ​​គំនាប​គ្រួសារ​បាន​បង្ខំ​​ពួក​គេ​ឲ្យ​គោរព​តាមច្បាប់​សង្គម។ ជានិច្ចកាល​ ពួក​គេ​តែង​តែ​រៀបការ​ជាមួយ​ភេទ​​​ផ្ទុយ​គ្នា​ ហើយ​កសាង​គ្រួសារ​​មួយ។ ប៉ុន្តែ​បើ​ទោះ​ជា​ពួក​គេ​តែង​តែ​ព្យាយាម​លាក់​បាំង​​អត្តសញ្ញាណ​ភេទ​របស់​ខ្លួន​ក៏​ដោយ ក៏​អ្នក​មួយ​ចំនួន​មិន​អាច​បិទ​បាំង​​ធាតុ​ពិត​របស់​​ខ្លួន​​បាន​ឡើយ។​ តើ​អ្នក​ទាំង​នេះ រស់​នៅ​យ៉ាង​ដូចម្តេច​នៅ​ក្រោម​របប​ខ្មែរ​ក្រហម? តើ​របប​កម្ពុជា​ប្រជាធិបតេយ្យ​គិត​យ៉ាង​ណា​​ចំពោះ​ពួក​គេ? ព្រោះ​ថា​របប​នេះ មាន​មហិច្ឆតា​ធ្វើ​ឲ្យ​ជនជាតិ​កម្ពុជា​ទាំង​អស់​ដូចៗគ្នា លុប​បំបាត់​ឲ្យ​អស់​នូវ​គម្លាត​ខុសគ្នា និង​ដាក់​បង្ខំ​ឲ្យ​អនុវត្ត​សីលធម៌​ និង​បែប​ផែន​នៃ​ជីវិត​មួយ​សឹង​តែ​ដូច​ព្រះ​សង្ឃ។​

ឋានៈ​សង្គម​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មុន​សម័យ​ខ្មែរ​ក្រហម

អ្នក​ស្រី ​ភួង ថាន់ នរវិទូ​​ជនជាតិ​​កម្ពុជា​ ពន្យល់​ថា៖ «គេ​មិន​​អាច​​និយាយ​ថា​​សង្គម​​កម្ពុជា​ព្រម​​ទទួល​​យក​​ [មុន​​​ការ​​ឡើង​​កាន់​​អំណាច​​របស់​​ពួក​​ខ្មែរ​ក្រហម] ទំនាក់​​ទំនង​​ស្នេហា​​​រវា​ង​អ្នក​​មាន​​ភេទ​​​ដូច​​គ្នា​​នោះ​​ទេ ប៉ុន្តែ​​គេ​​អនុ​គ្រោះ​​​ដល់​​ការ​​ផ្សង​​ព្រេង​​​​​គ្មាន​​​កោះ​​ត្រើយ​​រវាង​មនុស្ស​​ស្រឡាញ់​​ភេទ​​ដូច​គ្នា​»។ អ្នកស្រី​​ភួង ថាន់ បាន​​សម្រេច​​​​​ការ​សិក្សា​​ស្រាវជ្រាវ​​មួយ​មាន​​ចំណង​​ជើង​ថា «ជាតិ​ពន្ធុសាស្រ្ត​​នៃ​​ទំនាក់​ទំនង​​​ផ្លូវភេទ​​រវាង​បុរស​​និង​​បុរស​​នៅ​​កម្ពុជា»​ អោយ​​អង្គការ​​យូណេស្កូ។

អ្នកស្រី​​ស៊ូ សុធាវី (តាម​ពិត​​គាត់​ជា​បុរស) ដែល​អាយុ៦០​ឆ្នាំ​​ផ្លាយ ត្រូវ​​បាន​​ក្រុម​​គ្រួសារ​​កាត់​កាល់​​​ចោល​​នៅ​ពេល​​ដែល​ពួកគេ​បាន​​ដឹង​ ប្រវត្តិ​ស្នេហា​​របស់​គាត់​​ជាមួយ​​ប្រុស​​ម្នាក់​​ទៀត​។ រឿង​រ៉ាវ​​​បាន​​កើត​ឡើង​អំឡុង​​ឆ្នាំ១៩៧០។ កាល​ណោះ​ គាត់​​មាន​​អាយុ​​ទើប​​តែ​១៤​ឆ្នាំ​ប៉ុណ្ណោះ។ គាត់​​ដើរ​​រំពៃ​​តាម​ដង​​ផ្លូវ​​នៅក្នុង​​ទីក្រុង​​ភ្នំពេញ​ ដើម្បី​លក់​​ខ្លួន​​អោយ​​ជន​​បរទេស​ យក​​ប្រាក់​​ផ្គត់​​ផ្គង់​​ការ​សិក្សា។ គាត់​​រម្លឹក​ថា៖ «នៅ​សម័យ​​នោះ មនុស្ស​​ម្នា​មិន​​ចូល​ចិត្ត​​ពួក​ប្រុស​​ស្រឡាញ់​ភេទ​​ដូចគ្នា​​ទេ។ ប៉ុន្តែ ខ្ញុំ​​មិន​ដែល​​ជួប​​ការ​​រើស​អើង​ និង​​ការ​​គំរាម​កំហែង​ខ្លាំង​​​ដូច​​នៅ​ក្រោម​​របប​​​ប៉ុល ពត​ នោះ​ឡើយ»។

ការ​​បង្ខំ​​ចិត្ត​​​ធ្វើ​​ខ្លួន​​​ជា​​បុរស

សុធាវី ​ឈប់​​​ស្លៀក​សារ៉ុង​ ដោយ​សារ​​​ពួក​​ខ្មែរ​ក្រហម​​បង្ខំ​​អោយ​​ស្លៀក​​ខោ ​កាត់​​សក់​​​ខ្លី និង​​ត្រូវ​​មាន​​ចរិត​ជា«ប្រុស»ពេញ​​លក្ខណៈ​។ មិត្តភក្តិ​​មួយ​ចំនួន ដែល​​រស់​នៅ​​​ក្នុង​​ខេត្ត​​តាកែវ​​ជាមួយ​​គាត់ ហើយ​​ជា​​បុរស​​ស្រឡាញ់​​ភេទ​​ដូចគ្នា​​ដែរ​​នោះ មិន​​បាន​​កែ​ប្រែ​​អាកប្បកិរិយា​​​អោយ​​បាន​​ឆាប់​ទេ​។ ពួកគេ​​ត្រូវ​​គេ​​ចាប់​​បាន«ក្នុង​ពេល​​ធ្វើ​​សកម្មភាព»។ ​សេចក្តី​​សម្រេច​​ដាក់​ទោស​បាន​​ចេញ​​ភ្លាម​ៗ​​មិន​​រង់​ចាំ​​យូរ​​ឡើយ​។ បុរស​​ស្រឡាញ់​​​ភេទ​​ដូចគ្នា​ជាង​​១០​គូ​​​ត្រូវ​​បាន​គេ​​ចាប់​ខ្លួន និង​​កម្ទេច​​ចោល​។ សុធាវី​​រៀបរាប់​​ថា៖ «ពួក​ខ្មែរ​​ក្រហម​​មិន​មែន​​មិន​ដឹង​ថា បុរស​​អាច​​ស្រឡាញ់​​គ្នា​​​បាន​​​នោះ​​ទេ ប៉ុន្តែ​​មិន​​ដឹង​ច្បាស់​​ថា​​តើ​​ពួកគេ​​ធ្វើ​​យ៉ាង​ម៉េច​​ក្នុង​ការ​​រួម​រ័ក្ស…។ នៅ​ដើម​​របប​​ខ្មែរ​ក្រហម​ ពួក​គេ​​បាន​​ធ្វើ​​ប្រតិបត្តិ​ការ​​លុប​​បំបាត់​អ្នក​​​ស្រឡាញ់​​ភេទ​ដូច​គ្នា។ ពួក​ខ្មែរ​ក្រហម​​មិន​មែន​​ត្រឹម​​តែ​ចាត់​​ទុក​​អ្នក​​ទាំង​​នេះ​​ថា​«គ្មាន​​បាន​ការ»​ ប៉ុណ្ណោះ​​ទេ គឺ​ថែម​​ទាំង​​ជា​​អ្នក​​បំផ្លាញ​​ដ៏ធំ​ដល់​​បដិវត្តន៍​​ទៀត​​ផង។ នេះ​ពិត​​​ជា​​​របប​​ផ្តាច់​​ការ​​​មួយ​។ កាល​ណា​​ពួក​ស្លៀកពាក់​​ឈុត​​ខ្មៅ​​​ចាប់​បាន​​ថា​ពួក​​យើង​​ធ្វើ​​កាយ​​វិការ​ ឬ​​ចរិត​​ដូច​​ស្រី ពួក​យើង​​ត្រូវ​​បំពាក់​​ឈ្មោះ​​​ថា​​ជា​សត្រូវ​​អង្គ​ការ​ [អង្គការ​​ជាន់​​ខ្ពស់​​​ដែល​មាន​​​ស្ថាប័ន​​ដឹកនាំ​​​របស់​គណបក្ស​​កុម្មុយ​និស្ត​​កម្ពុជា​​នៅ​​ពី​​ក្រោយ​​ខ្នង​] ហើយ​​​ត្រូវ​​ដាក់​​ទោស​​យក​​ទៅ​​សម្លាប់​ចោល​ភ្លាម»។ សុធាវី​​​នៅ​​តែ​​មាន​ស្នាម​​ដំបៅ​​​ដោយ​សារ​​ការងារ​​បង្ខិត​​​​បង្ខំ​​នៅ​​ចម្ការ​​ដែល​​គាត់​ត្រូវ​​បង្ខំ​​ចិត្ត​​​​​​​​​​​​​​​​​​​​​​​ធ្វើ​«បើ​​ទោះ​​ជា​ខ្ញុំ​​មាន​​​រាង​​​កាយ​ជា​ស្រ្តី​ទន់​ខ្សោយ​​ក៏​ដោយ»។​

ធ្វើ​​​ជា​​ស្រ្តី​​រក​​ស៊ី​​ផ្លូវ​​ភេទ​ ដើម្បី​អង្ករ

បើ​ទោះ​​ជា​​មាន​​ការ​ដាក់​​កំហិត​​យ៉ាង​​តឹង​រឹង​​​ពី​​សំណាក់​​​របប​​ប៉ុល​ពត​​ក៏​ដោយ ក៏​​សុធាវី​នៅ​តែ​​អាច​​រក្សា​ទំនាក់​ទំនង​​ផ្លូវ​ភេទ​​ជាមួយ​​​បុរស​ផ្សេងៗ​ជា​ច្រើន​​ទៀត​​ដែរ។ គាត់​​បាន​​រៀប​​រាប់​​ដោយ​​គ្មាន​​ការ​​​លាក់​​បាំង​ថា​ ភាគ​ច្រើន​នៃ​​បុរស​ទាំង​នោះ​​សុទ្ធ​​សឹង​​តែ​ចេញ​​​មក​​ពី​​​ក្នុង​​ជួរ​​ខ្មែរ​ក្រហម។ សព្វថ្ងៃ សុធាវី​​អះអាង​ថា គាត់​​មិន​​អាច​​​ចាំ​​​បាន​​ថា​បុរស​​ទាំង​​នោះ​​​មាន​​ចំនួន​​ប៉ុន្មាន​​នាក់​នោះ​​ទេ ប៉ុន្តែ​គាត់​​បាន​​បន្ថែម​​ថា​​ គាត់​បាន​​«ជ្រើសរើស»​អ្នក​​ចង់​នៅ​ជាមួយ​​គាត់។ «ខ្ញុំ​​ចាប់​អារម្មណ៍​​តែ​​អ្នក​​ដែល​​ខ្ញុំ​​​​អាច​​បាន​​ផល​​តប​​ស្នង​​ខ្លះ​​សម្រាប់​​«សេវា​»​នេះ​។ ខ្ញុំ​​គ្មាន​​ជម្រើស​​ទេ។​ ខ្ញុំ​​ត្រូវ​ចិញ្ចឹម​​ម្តាយ​​​ចាស់​​ម្នាក់។ ក្នុង​​អំឡុង​ពេល​​ដ៏​លំបាក​​នោះ យើង​​ខិត​​ចូល​​ជិត​​គ្នា​​ជា​ថ្មី…។ ដូច្នេះ ខ្ញុំ​​ត្រូវ​​ចេះ​​យល់​ការ​​ណ៍​ជាមួយ​​នឹង​​ពួក​​ខ្មែរ​ក្រហម។​ អាកប្បកិរិយា​នេះ​​ពិត​ជា​បាន​​​ផល​។ អ្នក​​មួយ​ចំនួន​​ក្នុង​​ចំណោម​​ពួក​​ខ្មែរ​​ក្រហម​​ទាំង​​នោះ ​បាន​​បង្ហាញ​​មនោសញ្ចេតនា​ចំពោះ​​ខ្ញុំ ដោយ​​ពួក​គេ​​បាន​​អោយ​​អង្ករ​​ខ្ញុំ​ដើម្បី​​អោយ​ខ្ញុំ​​​កំដរ​​ពួក​គេ​»។

យ៉ាង​​ឆាប់​រហ័ស សុធាវី​​បាន​​អាច​​​ទំនាក់​ទំនង​​ជាមួយ​​ពួក​កម្មាភិបាល​​ខ្មែរ​ក្រហម ដែល​​មាន​​ចំណង់​​ដូច​​រូប​​គាត់​​ដែរ។ សុធាវី​​ថែម​ទាំង​ហ៊ាន​សារភាព​ថា គាត់​​ទទួល​​ទាំង​​ទាហាន​​ខ្មែរ​ក្រហម​​ក្មេងៗ​​​ទៀត​​ផង។ «ខ្ញុំ​​គ្មាន​​ការ​​លំបាក​​សូម្បី​តែ​បន្តិច​ទេ ​ក្នុង​​ការ​​​បញ្ចុះ​បញ្ចូល​​ពួកគេ។​ ពួក​គេ​​ក៏​​ភ័យ​​ខ្លាច​​ដូច​អ្នក​​ដទៃ​ទៀត​​ដែរ​ ​ក្នុង​ការ​​ប្រព្រឹត្តិ​​អំពើ​​ដែល​​អង្គការ​​ចាត់​ទុក​​ថា​​«អសីលធម៌»។ ខ្ញុំ​​បាន​ពន្យល់​​ពួក​គេ​ថា វា​​ជា​​ការ​​ងាយ​ស្រួល​ទេ​ ក្នុង​ការ​​​លាក់​​បាំង​ទំនាក់​​ទំនង​​ជាមួយ​​បុរស​​ ជាង​​ជាមួយ​​ស្រ្តី។ ដើម្បី​​ចូល​​ក្បែរ​​ពួក​គេ ខ្ញុំ​​និយាយ​​ពីនេះ​ពីនោះ​​គ្មាន​​បាន​​សាច់​ការណ៍​​៖ អាកាស​ធាតុ ធម្ម​ជាតិ… បន្តិច​ម្តង​ៗ ខ្ញុំ​​ចាប់​ផ្តើម​​​ទាក់​ទាញ​​ពួក​គេ ​តាម​​រយៈ​ការ​​ប៉ះពាល់​​​ធ្វើ​​​អោយ​​ពួក​គេ​​កើត​​ចំណង់» សុធាវី​​ធ្វើ​ការ​​​ពន្យល់​​យ៉ាង​ស្រួល​។ គុម្ពោធ​​ព្រៃ​ គឺ​ជា​​កន្លែង​រួម​​ស្នេហ៍​​របស់​គាត់​។

ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​អចេតនា​ពី​របប​ខ្មែរ​ក្រហម

មាន​តែ​ទំនាក់​ទំនង​តាម​រយៈ​អាពាហ៍​ពិពាហ៍​ប៉ុណ្ណោះ ដែល​​ត្រូវ​ពួក​ខ្មែរ​ក្រហម​ទទួលស្គាល់។ រាល់​ទំនាក់​ទំនង​ធ្វើ​ឡើង​ក្រៅ​អាពាហ៍​ពិពាហ៍​ត្រូវ​សម្លាប់​ចោល​ ដោយ​មិន​ចាំ​បាច់​វិនិច្ឆ័យ។ ប៉ុន្តែ​អ្នកស្រី​ភួង ថាន់ គូស​បញ្ជាក់​ថា «របបនេះ​​បាន​​​បង្កើត​មជ្ឈដ្ឋាន​​អនុគ្រោះ​មួយ​ដល់​ទំនាក់​ទំនង​របស់​​បុរស​ស្រឡាញ់​ភេទ​​ដូចគ្នា»។ បុរស និង​ស្រ្តី​ត្រូវ​បាន​ខ័ណ្ឌ​ចែក​នៅ​ក្នុង​ជំរំ​ផ្សេង​គ្នា ហើយ​ហាម​​មិន​អោយ​ពួក​គេ​ទាក់​ទង​គ្នា​ទេ សូម្បី​ជួប​គ្នា​ក៏​មិន​បាន​ដែរ។ នរវិទូ​រូប​នេះ​​បន្ថែម​ទៀត​ថា៖ «ពួក​ខ្មែរ​ក្រហម​មាន​បំណង​រៀប​ចំ​សង្គម​កម្ពុជា​ឡើង​វិញ តាម​រយៈ​ការ​បំផ្លាញ​កោសិកា​គ្រួសារ និង​តាម​​រយៈ​ការ​បែង​​ចែក​មនុស្ស​តាម​​ភេទ។ ជា​លទ្ធ​ផល មនុស្ស​ជា​ច្រើន ជា​ពិសេស​ទាហាន​​ក្មេង​ដែល​​គេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កេណ្ឌ​​ទៅ​សមរភូមិ មាន​ចំណង់​ផ្លូវ​ភេទ​យ៉ាង​ខ្លាំង ហើយ​ក៏​ត្រូវ​អូស​ទាញ​ដោយ​​ទំនាក់​​ទំនង​ជាមួយ​បុរស​ផ្សេង​ទៀត​ នៅ​ក្នុង​ជំរុំ​ ដោយ​អង្គការ​មិន​ដឹង»។

ជា​ទូទៅ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​កើត​មាន​តែ​នឹង​ជាមួយ​ពួក​ខ្មែរ​ក្រហម និង​​«ប្រជាជន​វ័យ​ចំណាស់ៗ» ដែល​មាន​សេរីភាព​ច្រើន ក្នុង​ការងារ និង​ទទួល​​បាន​ការ​គោរព​ច្រើន​ជាង​«ប្រជាជន​ថ្មី» (អ្នក​មក​ពី​ទី​ក្រុង មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​របបចាស់ ហើយ​ត្រូវ​បាន​ចាត់​ទុក​ជា​សត្រូវ​របស់​អង្គការ)។ សុថា ស្រ្តី​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ក្រុង​ភ្នំពេញ ដែល​ឈាន​ចូល​វ័យ​៦០​ឆ្នាំ​ឆាប់ៗ​​ខាងមុខ​នេះ ក៏​បាន​ទាក់​ទាញ​ស្រ្តី​ខ្មែរ​ក្រហម​ជា​ច្រើន​ដែរ។ ដោយ​សារ​មាន​​ការ​ការពារ​ពី​ពួកគេ ទើប​គាត់​អាច​រួច​ផុត​ពី​ការ​ស្លាប់​ជា​ច្រើន​លើក។ សុថា​​រម្លឹក​ការ​ចង​ចាំ​ឡើង​វិញ​ថា៖ «ប្រជាជន​ថ្មី​រស់​នៅ​ក្នុង​ការ​ភ័យ​ខ្លាច ហើយ​មិន​​ប្រថុយ​សេព​គប់​ជាមួយ​ពួក​ខ្មែរ​ក្រហម​ទេ។ ប៉ុន្តែ ពួកយើង​ជា«ប្រជាជន​ចាស់» យើង​ធ្វើ​អី​តាម​ចិត្ត!»។ សុថា​មិន​មែន​មិន​ដឹង​ពី​ការ​​ទាក់​ទាញ​របស់​គាត់​​ ទៅ​​លើ​​មនុស្ស​ភេទ​ដូច​គាត់​ទេ ប៉ុន្តែ​គាត់​មិន​ធ្លាប់​ដែល​​បាន​ឮ​ពី​ការ​​ស្រឡាញ់​ភេទ​​ដូចគ្នា​ទេ នៅ​មុន​សម័យ​ខ្មែរ​ក្រហម។

សុថា​រៀប​រាប់​ថា៖ «ថ្ងៃ​មួយ ស្រ្តី​ម្នាក់​នៅ​ក្នុង​ភូមិ​ដែល​មាន​​បង​ប្អូន​ធ្វើ​ជា​​កម្មា​ភិបាលខ្មែរ​ក្រហម​ បាន​សុំ​អោយ​ខ្ញុំ​រស់​នៅ​ជាមួយ​នាង ដោយ​លួច​លាក់។ ដើម្បី​កុំ​អោយ​មាន​បញ្ហា ខ្ញុំ​ក៏​យល់​ព្រម​ឆ្លើយ​តប​ តាម​ការ​ចង់​បាន​របស់​នាង។ ខ្មែរ​ក្រហម​តូចៗ​នៅ​ក្នុង​ភូមិ​ មិន​ហ៊ាន​រិះ​គន់​ពួក​យើង​ទេ»។

នយោបាយ​ចាប់​បង្ខំ​អោយ​រៀប​អាពាហ៍​ពិពាហ៍

នៅ​ខែ​មីនា ឆ្នាំ​១៩៧៧ អ្នក​ភូមិ​ចំនួន​២០០​គូ បាន​​រៀបការ​នៅ​ខេត្ត​តាកែវ។ សុធាវី​គេច​មិន​ផុត​ពី​គោល​នយោបាយ​នេះ​ទេ។ គេ​បាន​រក​​ប្រពន្ធ​ម្នាក់​អោយ​​គាត់ ​ដែល​ត្រូវ​ជ្រើស​រើស​ដោយ​អង្គការ។ គាត់​មិន​អាច​គេច​ចេញ​ពី​ពិធី​នេះ​ទេ វា​នឹង​ធ្វើ​គាត់​បាត់​បង់​ជីវិត។ ដោយ​គ្មាន​ចាំ​យូរ ពេល​យប់​ចូល​មក​ដល់ គាត់​​សារ​ភាព​ប្រាប់​ប្រពន្ធ​គាត់​ ពី​ចំណូល​ចិត្ត​​របស់​គាត់​ទៅ​លើ​ពួក​បុរស។ គាត់​និយាយ​​ថា គាត់​ចាត់​ទុក​រូប​នាង​ដូច​ប្អូន​ស្រី​ច្រើន​ជាង។ នាង​ហាក់​​យល់​ពី​​បញ្ហា​នេះ ប៉ុន្តែ​នាង​មិន​បាន​លាក់​បាំង​ពី​ការ​ភ័យ​ខ្លាច​នោះ​ឡើយ។

ពួក​ឈ្លប​ខ្មែរ​ក្រហម​ មាន​បេសកកម្ម​ឃ្លាំ​មើល​ប្តី​ប្រពន្ធ​ថ្មី ដោយ​​ពួន​​នៅ​ក្រោម​​បន្ទប់​ពួក​គេ ដើម្បី​ច្បាស់​ថា​ពួកគេ​បាន​នៅ​ជាមួយ​គ្នា។

សុធាវី​​និយាយ​លម្អិត​ថា៖ «ដោយសារ​ខ្ញុំ​មិន​បាន​ប៉ះ​ពាល់​ប្រពន្ធ​នៅ​យប់​ទី​១ ពួក​ឈ្លប​បាន​នាំ​រឿង​ពួក​យើង​ទៅ​ប្រាប់​ប្រធាន​ឃុំ។​ ប្រធាន​ឃុំ​បាន​ព្រមាន​ថា បើ​ខ្ញុំ​មិន​ប៉ះ​ពាល់​ប្រពន្ធ​ខ្ញុំ ហើយ​មិន​ធ្វើ​អោយ​នាង​មាន​កូន​ទេ ខ្ញុំ​នឹង​ត្រូវ​នាំ​​ទៅ​​កសាង បាន​ន័យ​ថា​សម្លាប់​ចោល។ ដូច្នេះ ខ្ញុំ​ត្រូវ​សម្រប​តាម ហើយ​​ប្រពន្ធ​ខ្ញុំ​ក៏​មាន​​កូន។ ពួក​យើង​មាន​កូន​ប្រុស​ម្នាក់»។ សុធាវី ​បាន​​ចែក​ផ្លូវ​ជាមួយ​​ប្រពន្ធ​​គាត់​ក្រោយ​របប​ខ្មែរ​ក្រហម។

ក្រោយ​គាត់​រៀបការ មន្ទិល​សង្ស័យ និង​​ពាក្យ​ចចាម​អារា​ម​ជុំវិញ​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​របស់​គាត់​ ក៏​ត្រូវ​បញ្ចប់។ ប៉ុន្តែ​សុធាវី​មិន​បាន​បោះ​បង់​ចោល​ធម្មជាតិ​របស់​ខ្លួន​ឯង​ទេ។ គាត់​បាន​បន្ត​​ទាក់​ទង​​ប្រុស​ ដោយ​សារ​ចំណង់​របស់​គាត់ និង​ដោយ​សារ​ភាព​ចាំ​បាច់ ដើម្បី​បាន​ទទួល​របប​អង្ករ​បន្ថែម។ វា​ជា​ល្បែង​ដ៏​គ្រោះ​ថ្នាក់​មួយ។ នៅ​ទី​បំផុត គាត់​ត្រូវ​​គេ​ចាប់​បាន។ គាត់​ក៏​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរ​ឃុំ​ឃាំង។ គាត់​ប្រហែល​​ត្រូវ​អស់​ជីវិត​នៅ​ក្នុង​គុក​នោះ ប្រសិន​​បើ​ប្រធាន​គុក​ឈ្មោះ​សន មិន​បាន​ការពារ​​គាត់​​ទេ​​នោះ។ «គាត់​​​ស្រឡាញ់​ខ្ញុំ​ចង់​ឆ្កួត ហើយ​បាន​ជួយ​​ខ្ញុំ​គ្រប់​ពេល​​ដែល​​ខ្ញុំ​ត្រូវ​ជាប់​ឃុំ។ នៅ​ដំណាច់​ឆ្នាំ​១៩៧៨ ពួក​យើង​បាន​រត់​គេច​​ទៅ​ដល់​​ប្រទេស​​វៀត​​ណាម ប៉ុន្តែ​គាត់​ត្រូវ​គេ​សម្លាប់​នៅ​តាម​ផ្លូវ។ មក​ដល់​ពេល​នេះ ខ្ញុំ​នៅ​តែ​យំ​​ ដោយ​សារ​មរណភាព​របស់​គាត់…» សុធាវី​បង្ហើប​អោយ​ដឹង​ដូច្នេះ ហើយ​រង្វង់​​ភ្នែក​ដ៏​ស្រស់​ស្អាត​របស់​គាត់​ក៏​ស្រាប់​តែ​ពោរ​ពេញ​ទៅ​ដោយ​ទឹក​ភ្នែក។

ធ្វើសក្ខីកម្មប្រឆាំងនឹងពួកខ្មែរក្រហម និងដើម្បីអ្នកស្រឡាញ់ភេទដូចគ្នា

សុធាវី​ប្រកាស​ដោយ​ការ​តាំង​ចិត្ត​ថា៖ «ខ្ញុំ​ចង់​ធ្វើ​ជា​​សាក្សី​នៅ​តុលាការ​​ អំពី​ការ​​ឈឺ​ចាប់​នៅ​ក្រោម​របប​ខ្មែរ​ក្រហម អំពី​ការ​កាប់​សម្លាប់​ដ៏​ឆ្កួត​លីលា​នេះ និង​​និយាយ​​ពី​ដៃ​គូ​ស្រឡាញ់​ភេទ​​ដូច​គ្នា​របស់​ខ្ញុំ ដែល​​ស្លាប់​ដោយ​សារ​តែ​​រឿង​​ចំណង់​​ផ្លូវ​ភេទ​របស់​ពួកគេ»។

គាត់​មិន​ខ្លាច​ទេ​ ពី​​ក្រសែ​ភ្នែក​រិះ​គន់ ឬ​មើល​ងាយ របស់​​ជន​រួម​ជាតិ​ឯ​ទៀត​ មក​លើ​រូប​គាត់​ប្រសិន​បើ​គាត់​ធ្វើ​ជា​សាក្សី​នោះ​ទេ។ គាត់​បាន​​បំពេញ​បែប​បទ​បណ្តឹង​រួច​ហើយ។ «ចម្លើយ​សាក្សី​របស់​ខ្ញុំ​អាច​​ចូល​រួម​ផ្លាស់​ប្តូរ​​ផ្នត់​​គំនិត និង​ជួយ​អោយ​កម្ពុជា​យល់​ទទួល​​ព្រម​ទទួល​​យក​អ្នក​ស្រឡាញ់​ភេទ​​ដូច​គ្នា​ដោយ​បើក​ចំហ»។ ដោយ​នៅ​តែ​បន្ត​​ធ្វើ​ជា​ស្រ្តី​រក​​ស៊ី​ផ្លូវ​ភេទ​​នៅ​ទី​ក្រុង​​ភ្នំពេញ បើ​ទោះ​ជា​អាយុ​គាត់​ច្រើន​ហើយ​ក្តី សុធាវី​មិន​មាន​ខ្មាស់​អៀន​ ក្នុង​​ការ​​បង្ហាញ​ពី​ភាព​ខុស​ប្លែក​របស់​គាត់​ទេ។ ការ​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ជា​អ្វី គឺ​ជា​​ការ​​តស៊ូ​មួយ​ នៅ​ក្នុង​ជីវិត។

__________________________________

  • អត្ថបទ៖ ឈាង បុប្ផា
  • ប្រភព៖ កាសែត
  • កាលបរិច្ឆេទ៖ ២ កក្កដា ២០០៨

ជីវិតពិត?

មានមនុស្សជាច្រើន បាន​យល់ច្រលំ​ថា បុរសពិត​ គឺ​សំដៅ​ទៅលើ​មនុស្ស​ដែល​មាន​រូបរាង​ជា​ប្រុស​ ហើយ​ស្រ្តី​ពិត មាន​រូបរាង​ជា​ស្រី។​

តើ​ពាក្យ​ថា «ពិត» មានន័យ​យ៉ាងណាដែរ? តើ​ពិត មិន​មែន​ន័យ​ថា មិន​ក្លែងក្លាយ មិន​កុហក​ទេ​ឬ?​

ឧបមាថា បើ​សិន​​អ្នក​ជា​មនុស្ស​ស្រី​ស្រឡាញ់​ស្រី នោះ​ធាតុ​ពិត​របស់​អ្នក គឺជាមនុស្ស​ស្រី​ស្រឡាញ់​ស្រី។ ប៉ុន្តែ​​គ្រួសារ និង​សង្គម​របស់​អ្នក​ មិន​ទទួល​ស្គាល់​ និង​មិន​ចង់​ឲ្យ​អ្ន​ក​ក្លាយ​ទៅ​ជា​មនុស្ស​បែប​នោះ​ ដោយ​លើក​ហេតុ​ផល​ថា អ្នក​ជា​មនុស្ស​ស្រី ត្រូវ​តែ​ស្រឡាញ់​មនុស្ស​ប្រុស។​ បើ​យើង​ឧបមា​បន្តថា អ្នកតាមពួក​គាត់ ដោយ​ព្យាយាម​​លាក់​ធាតុ​ពិត​របស់​អ្នក​ កុំ​ឲ្យ​អ្នក​ដទៃ​ដឹង​​​​​ នោះ​យើង​នឹង​អាច​ធ្វើ​ការ​សន្មត់​ថា អ្នក​មិន​មែន​ជា​ស្រ្តី​ពិត​នោះ​ទេ អ្នក​ជា​ស្ត្រី​ក្លែង​ក្លាយ​… ព្រោះ​​អ្នក​មិន​មែន​ជា​ស្ត្រី ហើយ​ធាតុ​ពិត​របស់​អ្នក​ជា​មនុស្ស​ស្រី​ស្រឡាញ់​ស្រី ហើយ​ចំពោះ​មនុស្សប្រុស​ស្រឡាញ់​ប្រុស មនុស្ស​ស្រឡាញ់​ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ ក៏​ដូច​គ្នា…

ហេតុ​អ្វី​បាន​ជា​យើង​​ចាំបាច់​ត្រូវ​រស់​ក្នុង​នាម​ជា​ខ្លួន​ឯង? តើ​មិន​មែន​ដោយ​សារ​តែ​អ្នក​មាន​ជីវិតមួយ​ដែល​ពិត​​ទេ​​ឬ?​

មាន​មិត្ត​ម្នាក់​ចង់​រត់​ចេញ​ពី​ផ្ទះ​

នា​ថ្ងៃ​នេះ មាន​មិត្ត​ភក្តិ​​យើងម្នាក់​ ដែល​ជា​មនុស្ស​ប្រុស​ស្រឡាញ់​ប្រុស​ បាន​ធ្វើ​ការ​ប៉ុន​ប៉ង​ចង់​រត់​ចេញ​ពី​ផ្ទះ។ តើ​​វា​ដោយ​សារ​តែមូល​ហេតុ​អ្វី​ទៅ​ហ្ន៎ បាន​ជា​ជំរុញ​ឲ្យ​គាត់​មាន​បំណង​ដូច្នេះ?

  1. ឪពុក​ម្តាយ​របស់​គាត់​ គិត​តែ​បន្ទោស​គាត់ ហើយ​ពេល​ខ្លះ​បាន​​​ធ្វើការបង្ខិតបង្ខំគាត់​ ដើម្បី​ឲ្យ​គាត់​ធ្វើការ​កែប្រែ ឲ្យ​ក្លាយ​​ទៅ​ជា​មនុស្ស​ប្រុស​​ស្រឡាញ់​ប្រុស​​ តាមវិធី​ផ្សេងៗ​។ ត្រង់​ចំនុច​នេះ ឪពុក​ម្តាយ​របស់​គាត់​ បាន​​ធ្វើការ​​រំលោភ​លើសិទ្ធិ​របស់​គាត់ ត្រង់​ប្រការ​៣៖ «បុគ្គល​នីមួយៗ មាន​សិទ្ធិ​ចំពោះ​ជីវភាព​ សេរីភាព និង​និរន្តរាយ​ដល់​អាត្មា»។​
  2. ឪពុក​ម្តាយ​របស់​គាត់​ បាន​ព្យាយា​ម​បង្ខំ​ឲ្យ​គាត់​រៀប​ការ​ជាមួយ​នឹង​មនុស្ស​ស្រី​ម្នាក់ ទាំង​ដែល​គាត់​មាន​មិត្ត​ប្រុស​រួច​ទៅ​ហើយ ថែមទាំង​ស្រឡាញ់​គ្នា​ខ្លាំងទៀតផង។ ត្រង់​ចំនុច​នេះ ឪពុក​ម្តាយ​របស់​គាត់ បាន​ធ្វើការ​រំលោភ​​លើ​សិទ្ធិ​របស់​គាត់ នៅ​ត្រង់​ប្រការ​១៦-២៖ «អាពាហ៍ពិពាហ៍ នឹង​សម្រេច​បាន​ លុះត្រាតែ​អនាគត​ស្វាមី​ភរិយា ព្រមព្រៀង​ដោយ​សេរី​ពេញទី។​

តើ​គាត់អាចធ្វើ​អ្វី​បាន? រត់ទៅ​រក​ប៉ូលីស ឬ​មេឃុំឲ្យ​ជួយ?

មែន​ហើយ!​ ពិត​ជា​យោបល់​ល្អ​ណាស់។​ តែ​បើ​ប៉ូលីសអត់​ជួយ បែរជា​​បង្ខំ​​​គាត់​ឲ្យ​​ឈប់​ស្រឡាញ់​មនុស្សប្រុស​ដែល​គាត់​ស្រឡាញ់ តើ​​វា​នឹងមាន​អ្វី​កើត​ឡើង​ជា​បន្ត​​ទៀត?​

នៅ​ត្រង់​ប្រការ​៧៖ «មនុស្ស​ទាំង​អស់​ សុទ្ធ​តែ​មាន​ឋានៈ​ស្មើ​គ្នា​ចំពោះ​ច្បាប់ ហើយ​​មាន​សិទ្ធិ​ឲ្យ​ច្បាប់​ឃុំគ្រងស្មើ​គ្នាបាន​ទាំងអស់ ដោយ​ឥត​ឲ្យ​មាន​ការប្លែ​កគ្នា​ទេ។ ជន​ទាំង​អស់​ មាន​សិទ្ធិ​ទទួល​សេចក្តី​ការពារ​ស្មើមុខ​គ្នា ​តទល់​នឹង​ការរើសអើង​​ ដែលរំលោភ​លើ​សេចក្តី​ថ្លែងនេះ ព្រម​ទាំងតទល់​នឹង​ការ​បង្ក​ហេតុ​ឲ្យ​មាន​ការ​រើស​អើង​យ៉ាង​នេះ។​

…….

ប្រសិន​បើ​អ្នក​អាន​​​ទៅ​មាន​ការ​ទើស​ទាល់​ ក៏​សូម​មេត្តា​​​យោគយល់​​ដល់​បេះដូង​របស់​ពួក​យើង​ផង….. ដូច​ជា​សិទ្ធិ​មនុស្ស បាន​និយាយ​ថា​ ទោះ​បី​ជា​អត្ត​សញ្ញាណ​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នាក៏​ដោយ​ ក៏​នៅ​តែ​អាច​មាន​សិទ្ធិ​ទទួល​បាន​ការការពារ​ ដោយ​ច្បាប់​សិទ្ធិ​មនុស្ស ពី​ព្រោះ​ថា​អ្នក​ស្រឡាញ់​ភេទ​​ដូច​គ្នា ក៏​ជា​មនុស្ស​ដូ​ច​ជា​អ្នក​ដែរ៕

______________________

  • អត្ថបទ៖ ស្រ៊ុន ស្រ៊ន
  • ប្រែសម្រួល៖ អាពៅ