បុរស​ចំណាស់​ទៅ​រក សេវា​កម្ម​ផ្លូវ​ភេទ​បុរស

Wednesday, 05 December 2012
ង៉ោ ម៉េង​ហ៊ួង និង​អ៊ូ បាណុង

ការ​ប្រកប​របរ​រក​ស៊ី​ផ្លូវ​ភេទ​អាច​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​ឆ្លង​ជំងឺ​អេដស៍ កាមរោគ ការ​រើស​អើង​និង​ការ​មាក់​ងាយ ប៉ុន្តែ​ចំពោះ​បុរស​មួយ​ចំនួន​បាន​និង​កំពុង​ប្រកប​មុខ​របរ​នេះ​ដែល​ជា​ទូទៅ​យើង​ធ្លាប់​ឮ​តែ​ស្ដ្រី​។​បុរស​លក់​ខ្លួន​ភាគ​ច្រើន​មាន​ប្រភព​មក​ពី​ក្រុម​បុរស​ស្រឡាញ់​បុរស (MSM)​បើ​យោង​តាម​របាយ​ការណ៍​សិក្សា​ស្រាវ​ជ្រាវ​អំពី​ក្រុម​បុរស​ស្រឡាញ់​បុរស​នៅ​ទី​ក្រុង​ភ្នំពេញ​របស់​អង្គការ​គ្រួសារ​សុខភាព​ពិភព​លោក​(FHI) នៅ​ក្នុង​ឆ្នាំ​២០០៤​កន្លង​ទៅ​។

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ឆ្នាំ​២០១០​បាន​បង្ហាញ​ថា​ពាក្យ​ថា​បុរស​ស្រឡាញ់​បុរស សំដៅ​លើ​ធាតុ​ពិត​ជា​បុរស​រួម​ភេទ​ជាមួយ​នឹង​បុរស​ផ្សេង​ទៀត ដោយ​មិន​គិត​ពី​អត្ត​សញ្ញាណ​នៃ​ភេទ។​បុរស​ស្រឡាញ់​បរុស​មាន​រាប់​បញ្ចូល​ទាំង​ខ្ទើយ​ប្រុស​បុរស​តែង​ខ្លួន​ជា​ស្រី​បុរស​ស៊ីម​ពីរ​បុរស​ដែល​រួម​ភេទ​ជាមួយ​បុរស​គ្នា​ឯង​ច្រើន​ដង​និង​បុរស​លក់​ខ្លួន​ឲ្យ​បុរស​។

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​តាម​សួន​កម្សាន្ត​សាធារណៈ​នានា​រមណីយ​ដ្ឋាន​បារ​ខ្ទើយ​ក្លិប​កម្សាន្ត​ពេល​រាត្រី​កន្លែង​ឆ្ពុង ឬ​ក៏​សោណា​និង​ក្លិប​ម៉ាស្សា​បុរស​គឺជា​ទី​តាំង​ដែល​សម្បូរ​ទៅ​ដោយ​បុរស​ស្រឡាញ់​បុរស​លក់​ខ្លួន​។

យុវជន​មាឌ​មាំ​ខ្ពស់ សាច់​ដុំ​ធំ​ៗ​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ពិទូ​មាន​រាង​រៅ​យ៉ាង​សង្ហា​ហាក់​ដូច​ជា​បុរស​ពេញ​លក្ខណៈ ប៉ុន្ដែ​លោក​ជា​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​ប្រកប​របរ​ជា​បុរស​លក់​ខ្លួន​៤​ឆ្នាំ​ហើយ​។​បច្ចុប្បន្ន​យុវជន​ពិទូ មាន​អាយុ​២៤​ឆ្នាំ​នៅ​តែ​បន្ដ​ប្រកប​របរ​នេះ​ដោយ​ប្រយោល​នៅ​តាម​ក្លិប​ម៉ាស្សា​មួយ​កន្លែង​ក្បែរ​សួន​ច្បារ​មិត្ដភាព​ខ្មែរ-វៀតណាម​។

លោក​បាន​រៀប​រាប់​ថា​ភ្ញៀវ​ភាគ​ច្រើន​មាន​អាយុ​ចាប់​ពី​៣៥​ឆ្នាំ​ទៅ​៥០​ឆ្នាំ​ផ្លាយ​ដែល​សុទ្ធ​តែ​ជា​ក្រុម​បុរស​ស្រឡាញ់​បុរស​ដូច​គ្នា​។ ពួកគេ​មិន​អាច​ស្វែង​រក​ដៃគូ​រួម​ភេទ​ទេ​មាន​តែ​ទិញ​សេវាកម្ម​ផ្លូវ​ភេទ​ប៉ុណ្ណោះ​។ ជា​ទូទៅ​លោក​អាច​រក​ចំណូល​បាន​ពី​២០​ទៅ​៧០​ដុល្លា​ក្នុង​ការ​គេង​ជាមួយ​ភ្ញៀវ​ម្ដង​ដែល​ពួក​គេ​ភាគ​ច្រើន​តែង​តែ​ទូរស័ព្ទ​មក​ហៅ​លោក​ទៅ​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ​។

បុរស​សាច់​ដុំ​ធំ​ៗ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ​«​ប្រកប​មុខ​របរ​នេះ មិន​ងាយ​ស្រួល​ទេ​ពីព្រោះ​ខ្ញុំ​ត្រូវ​បម្រើ​ភ្ញៀវ​មិន​ឲ្យ​ទាស់​ចិត្ដ​ឡើយ​។ ខ្ញុំ​ត្រូវ​ចេះ​គ្រប់​ក្បាច់​ដើម្បី​បំពេញ​ចិត្ដ​ភ្ញៀវ​ដើម្បី​ទាក់​ម៉ូយ​លើក​ក្រោយ​ទៀត​»។

ករណី​របស់​ភ្ញៀវ​ម្នាក់​ដែល​ជា​បុរស​មិន​សង្ហា និង​ប្រភេទ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា អាយុ​៤៩​ឆ្នាំ បាន​ចំណាយ​លុយ​ពី​១៥​ទៅ​៣០​ដុល្លារ​សម្រាប់​រួម​ភេទ​ជាមួយ​បុរស​ដែល​ខ្លួន​ពេញ​ចិត្ដ​។

លោក បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​មាន​ភរិយា​និង​កូន​ស្រី​អាយុ​១៩​ឆ្នាំ​ម្នាក់​ប៉ុន្ដែ​លោក​បាន​លះ​លែង​គ្នា​ហើយ ដោយ​សារ​តែ​លោក​មិន​អាច​បំពេញ​តួនាទី​ជា​ស្វាមី​ដ៏​ល្អ​បាន​ (​ជីវិត​លើ​គ្រែ​)​។

យុវជន​ម្នាក់​ក្នុង​ចំណោម​ក្រុម​យុវជន​ប្រមាណ​១០​នាក់ អាយុ​១៨​ឆ្នាំ​ដែល​កំពុង​តែ​ឈរ​រង់ចាំ​ម៉ូយ​នៅ​លើ​សួន​តោ​២​ក្នុង​ខេត្ដ​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​ដោយ​សារ​តែ​កត្ដា​ជីវភាព​លោក​សម្រេច​ចិត្ដ​ប្រកប​របរ​នេះ​នៅ​ក្នុង​ខេត្ដ​សៀមរាប​ប៉ុន្តែ​នៅ​ពេល​ដែល​ប៉ូលិស​ចាប់​អ្នក​លក់​ខ្លួន​នៅ​តាម​សួន​និង​ដង​ផ្លូវ​ពេក​លោក​ក៏​ផ្លាស់​ទៅ​ខេត្ដ​ព្រះសីហនុ​វិញ​។

លោក បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​មាន​ដៃគូ​ច្រើន​បើ​រាប់​បញ្ចួល​ទាំង​សង្សារ​ប្រុស​និង​ភ្ញៀវ​របស់​ខ្ញុំ​ដូច្នេះ​ខ្ញុំ​តែង​តែ​ប្រុង​ប្រយ័ត្ន​ជានិច្ច។​រាល់​ថ្ងៃ​នេះ​គេ​មើល​ងាយ​ណាស់​ទៅ​ហើយ​តែ​បើ​យើង​ផ្ទុក​មេរោគ​អេដស៍​ទៀត​មិន​ដឹង​ថា មាន​គេ​មើល​ងាយ​ដល់​ណា​ទេ»​។

ចំពោះ​បញ្ហា​នេះ លោក​ឧត្តម​សេនីយ៍ត្រី​បែន​រ័ត្ន​ជា​ស្នង​ការ​រង​ប្រចាំ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ដឹង​ថា​ការ​រក​ស៊ី​ផ្លូវ​ភេទ​ក្នុង​ចំណោម​បុរស​ស្រឡាញ់​បុរស​មិន​មាន​អ្វី​ខុស​ច្បាប់​នោះ​ទេ​ឲ្យ​តែ​ពួក​គាត់​ស្ម័គ្រ​ចិត្ត​។

យ៉ាង​ណា​មិញ​ដើម្បី​រក្សា​នូវ​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ដែល​ហៅ​ភ្ញៀវ​រញ៉េ​រញ៉ៃ​នៅ​ក្នុង​ទីសាធារណៈ​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​គុក​ពី​មួយ​ថ្ងៃ​ទៅ​ប្រាំ​មួយ​ថ្ងៃ​និង​ផាក​ពិន័យ​ពី​៣​ពាន់​ទៅ​១​ម៉ឺន​រៀល​។​នេះ​បើ​យោង​តាម​មាត្រា​ទី​២៤​នៃ​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​របស់​កម្ពុជា​ដែល​មាន​ចែង​ក្នុង​ឆ្នាំ​២០០៨។

លោក គឹម​ប៉ូលី​ជា​បុរស​ស្រឡាញ់​បុរស​និង​ជា​មិត្ត​អប់រំ​មិត្ត​របស់​អង្គការ​សុខភាព​បុរស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​មាន​បុរស​លក់​ខ្លួន​ជា​ច្រើន​ដោយ​សារ​តែ​បញ្ហា​ជីវភាព​ដែល​អ្នក​ខ្លះ​បើក​ចំហ និង​ខ្លះ​ទៀត​សម្ងាត់​។

លោក​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ក្រុម​បុរស​លក់​ខ្លួន​នោះ​ជា​ពិសេស​ចំពោះ​អ្នក​ប្រកប​របរ​លាក់​មុខ​ដែល​ពិបាក​ដល់​ក្រុម​ការងារ​ចុះ​អប់រំ​និង​ណែនាំ​អំពី​បញ្ហា​សុវត្ថិភាព​។

យោង​តាម​របាយ​ការណ៍​ត្រី​មាស​ទី​បី​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​របស់​កម្ពុជា​បាន​ឲ្យ​ដឹងថា​មាន​ក្រុម​បុរស​ស្រឡាញ់​បុរស​ជាង​២១ ៣៧២​នាក់​នៅ​ក្នុង​ខេត្ត-ក្រុង​ចំនួន​១០។​តួ​លេខ​នេះ​រាប់​បញ្ចូល​ទាំង​៨ ៣០០​នាក់​នៃ​ក្រុម​បុរស​ស្រឡាញ់​បុរស​ប្រចាំ​រាជធានី​ភ្នំពេញ។​អត្រា​ឆ្លង​មេរោគ​អេដស៍​ក្នុង​ចំណោម​ក្រុម​នេះ​ទូទាំង​ប្រទេស​មាន​ចំនួន​៨,​៧​ភាគ​រយ​។

លោក​ស្រុន​ស្រន​ដែល​ជា​អ្នក​សម្រប​សម្រួល​នៃ​សមាគម​ឥន្ទធនូ​កម្ពុជា​បាន​លើក​ឡើង​ថា​ភាព​រើស​អើង​ពី​សំណាក់​ក្រុម​គ្រួសារ និង​ពី​កន្លែង​ការងារ​គឺជា​បញ្ហា​ធំ​ជាង​គេ​ក្នុង​ការ​ជំរុញ​ឲ្យ​ក្រុម​បុរស​ស្រឡាញ់​បុរស​លក់​ខ្លួន​។

លោក​ស្រុន​ស្រន បាន​បញ្ជាក់​ទៀត​ថា​៖ «​យើង​តែង​តែ​ព្យាយាម​តស៊ូ​មតិ​សម្រាប់​ក្រុម​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​។​យើង​ចង់​ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​ដូច​ជា​មនុស្ស​ដទៃ​ទៀត​ដែរ ហើយ​អាច​រីក​រាយ​ជាមួយ​នឹង​សិទ្ធិ​នេះ​យ៉ាង​ពេញ​លេញ​ព្រម​ទាំង​អាច​ជ្រើស​រើស​យក​អ្នក​ដែល​ខ្លួន​ស្រឡាញ់​បាន​ថែម​ទៀត​ផង»៕​

បញ្ចេញមតិ