បណ្ណសារ

ជន​ស្រឡាញ់​ភេទ​ដូច​គ្នា​សុំ​បញ្ឈប់​ការ​រើសអើង

ឃួន ធារ៉ា
22 មករា 2014

បាតុករ​​ខ្មែរ​ម្នាក់​​បិទ​ផ្លាក​នឹង​មាត់​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រើសអើង​​​​ចំពោះ​មនុស្ស​ស្រឡាញ់​ភេទ​​ដូច​គ្នា (LGBT) នៅ​មុខ​រដ្ឋសភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ភ្នំពេញ — មនុស្ស​ស្រឡាញ់ភេទ​ដូច​គ្នា ​មនុស្ស​ស្រឡាញ់​ភេទ​ទាំង​ពីរ​ និង​មនុស្ស​កែប្រែ​ភេទ ​ដែល​ហៅកាត់​ថា ​LGBT ​សរុប​ជាង​៧០​នាក់​មក​ពី​បណ្តា​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេសបាន​ត្អូញ​ត្អែរ​ថា​ពួកគេ​ត្រូវ​សង្គម​បោះ​បង់​ចោល​និង​ទទួល​រង​ការរើស​អើងនិង​ការ​រំលោភ​ផ្សេងៗ។

ថ្លែង​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​លើក​ដំបូង​ស្តី​ពី​ LGBT ​ដែល​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ក្នុង​ក្រុង​ភ្នំពេញ​ លោក វីរៈ​ ដែលជា​បុរស​ស្រឡាញ់ភេទ​ដូចគ្នា​ម្នាក់លើកឡើង​ថា​ លោក​ធ្លាប់​ត្រូវ​បាន​ឪពុក​លោក​គំរាម​កាត់​កាល​ចោល​ដោយ​សារ​លោក​ជា​មនុស្ស​ស្រឡាញ់ភេទ​ដូច​គ្នា។​

«ខ្ញុំ​បាន​ជួប​ប្រទះ​នៅ​ពេល​ខ្ញុំ​ចូលរួម​សិក្ខាសាលា​មួយ​បង្ហាញ​ពី​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា​ហើយ​នៅ​ពេល​ហ្នឹង​ខ្ញុំ​បាន​បង្ហាញ​ថា​ខ្ញុំ​ជា​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា បន្ទាប់​មក​ប៉ា​របស់​ខ្ញុំ​ទូរស័ព្ទ​មក​រក​កាត់​កាល​ខ្ញុំចោល។ ខ្ញុំ​ជជែក​ជាមួយ​គាត់​វិញ ខ្ញុំ​ធ្វើ​អ្វី​ខុស​គ្រាន់​តែ​ស្រឡាញ់មនុស្ស​ភេទ​ដូចគ្នា​ហ្នឹង»។

លោក វីរៈ​បន្ថែម​ថា នេះ​ជា​វេទិកា​ដ៏​កម្រ​មួយបាន​ផ្តល់​ឱកាស​ដល់​ពួក​លោក​ដែល​មាន​មនោសញ្ចេត​នា​ខុស​ប្លែក​ពី​មនុស្ស​ភាគ​ច្រើន​នោះ​សំដែង​ពី​ទុក្ខ​លំបាក​របស់ខ្លួន​ប្រាប់​សាធារណជន​ហើយ​ពួក​ខ្លួន​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​ក្នុង​សង្គម។

លោក យ៉ា សុថានវុធ ​ហៅ​ក្រៅ​ថា«​ចែ​មុំ» ​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ។​ លោក​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នាដែរ។ លោក​បាន​លើក​ពី​ការ​រឿសអើង​ក្នុង​ការ​ផ្តល់​ការងារ​ដល់​រូបលោក។​

«ពេល​ជាប់​ឈ្មោះ​ជាប់​ខ្ញុំ ស្រាប់​តែ​ពេល​យក​ខ្ញុំ​ទៅ​សម្ភាស​ជាមួយ​នាយកសាលា​ផ្ទាល់​ គាត់​មិន​ហ៊ាន​និយាយ​ថា​ខ្ញុំ​មិន​ត្រូវ​បាន​ទទួល​ទេ ប៉ុន្តែ​គាត់​ឱ្យ​ខ្ញុំ​ចាំ​សិន។ ឥឡូវ​៤​ខែ​ហើយ​ខ្ញុំ​មិន​ត្រូវ​បាន​ហៅ​បន្តិច​សោះ។ ខ្ញុំ​និយាយ​ឱ្យ​ត្រង់​ទៅ​ធ្លាប់​មាន​ការ​អន់​ចិត្ត​ក្នុង​សង្គម​របស់​ខ្មែរ​យើង​ដែល​គាត់​មិន​ទាន់​បើក​ចិត្ត​គំនិត​ឱ្យ​ទូលាយ។ គាត់​ត្រូវ​តែ​បែងចែក​អ្នក​ណា​ដែល​អាច​ធ្វើ​ការ​បាន អ្នក​ណា​ដែល​មិន​អាច​ធ្វើ​ការ​បាន។ រឿង​អ្វី​ដែល​គាត់​ត្រូវ​បញ្ជាក់​អំពី​រឿង​ភេទ»។

សព្វ​ថ្ងៃ​នេះ​មាន​មនុស្ស​ស្រឡាញ់ភេទ​ដូច​គ្នា ​មនុស្ស​ស្រឡាញ់​ភេទ​ទាំង​ពីរ​ និង​មនុស្ស​កែប្រែ​ភេទ ​ហៅ​ថា​ LGBT​ ប្រហែល​ជាង​មួយ​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​តាម​លោកស្រ៊ុន ស្រ៊ន ទីប្រឹក្សា ​LGBT ​របស់​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា។

ប៉ុន្តែ​លោក​អះអាង​ថា ​តួលេខ​នេះ​រាប់តែ​ជន​ក្នុង​ក្រុម​នេះ​ដែល​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​តែ​ប៉ុណ្ណោះ។

លោក​ស្រ៊ុន ស្រ៊ន ​ប៉ាន់​ប្រមាណ​ថា ​តួលេខ​ពិតប្រាកដ​នៃ​ក្រុម​ LGBT ​អាច​មាន​ចំនួន​លើស​ពី​នេះ។

ហើយក្រុម ​LGBT​ មាន​ទាំង​ជនជាតិ​ដើម​ភាគតិច​និង​ជនជាតិ​ខ្មែរ​ឥស្លាម​ផង​ដែរ។

លោក ស៊្រុន ស៊្រន បញ្ជាក់​បន្ថែម​ថា​ សព្វថ្ងៃ​នេះ​កម្ពុជា​នៅ​មិន​ទាន់​មាន​ច្បាប់​និង​គោល​នយោបាយសម្រាប់​មនុស្ស​ប្រភេទ​ LGBT​ នេះ​នៅ​ឡើយ​ទេ​ ហើយការ​បោះបង់​និង​ការ​រើស​អើង​ពួកគេ​ជា​ការ​ខាតបង់​មួយ​របស់​សង្គម។

«ដោយ​យើង​មើល​ឃើញ​អញ្ចេះ ដោយ​មើល​ឃើញ​មិត្ត​ភ័ក្ត​ខ្ញុំ​ដែល​ចេះ​ដឹង​ហើយ​មិន​អាច​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​បាន​គាត់​ទៅ​នៅ​អូស្ត្រាលី អាមេរិក សិង្ហបុរី គឺ​នៅ​ប្រទេស​ដែល​មាន​ភាព​កក់ក្តៅ​ជាង។ ដូច្នេះ​ធនធាន​មនុស្ស​ដែល​ល្អៗ​មិន​អាច​មាន​រស់នៅ​ក្នុង​ស្រុក​ខ្មែរ​បាន គាត់​នឹង​រត់​ចេញ។ ហើយ​ធនធាន​មនុស្ស​ដែល​មិន​ត្រូវ​បាន​អភិវឌ្ឍ​ហ្នឹង គឺ​គាត់​លក់ផ្លូវ​ភេទ ប្រើប្រាស់​គ្រឿងញៀន ដើរ​លួច​ឆក់​ប្លន់​គេ ដូច្នេះ​អ្នក​ដែល​នៅ​មិន​បាន​អភិវឌ្ឍ​គឺ​នៅ​ដោយ​បែប​ហ្នឹង»។

សូម​បញ្ជាក់​ថា​សិក្ខាសាលា​ស្តីពី ​មនុស្ស​ស្រឡាញ់ភេទ​ដូច​គ្នា ​មនុស្ស​ស្រឡាញ់​ភេទ​ទាំង​ពីរ​ និង​មនុស្ស​កែប្រែ​ភេទ​នេះ​គាំទ្រ​ដោយឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​គាំទ្រ​ដោយទី​ភ្នាក់ងា​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក(USAID) ​និង​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ(UNDP)។

ក្រោយ​ពី​បញ្ចប់​សិក្ខាសាលា​នេះ ក្រុម​សិក្ខាកាម​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដើម្បី​ស្វែងរក​ការ​លើក​ទឹកចិត្ត និង​បញ្ឈប់​អំពើ​ហិង្សា​និង​ការ​រើសអើង​ទៅ​លើ​ពួកគេ​ពី​សំណាក់​ក្រុម​គ្រួសារ នៅ​ក្នុង​វិស័យ​អប់រំ សារព័ត័មាន ​និង​សេវា​សាធារណៈ។ សេចក្តី​ថ្លែងការណ៍​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋពាក់​ព័ន្ធដូចជា​ក្រសួង​កិច្ចការ​នារី ក្រសួង​សុខាភិបាល និង
​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ជា​ដើម៕

Original link is http://khmer.voanews.com/content/cambodia-lgbt-community-wants-an-end-to-discrimination-khmer/1834878.html

ពណ៌មួយនៃឥន្ទធនូ៖ «នេះជារឿងខ្ញុំ!»


by Ah Pov on Saturday, June 2, 2012 at 12:45pm ·

ទឹកភ្នែក ដោយហេតុតែគ្រួសារមិនទទួលស្គាល់ខ្ញុំ។
ទឹកភ្នែក ដោយហេតុតែសង្គមរើសអើងខ្ញុំ។
ទឹកភ្នែក ដោយហេតុតែគ្រួសារបំបែកបំបាក់ស្នេហាខ្ញុំ។
ខ្ញុំគ្រាន់តែជាមនុស្សស្រីដែលស្រលាញ់ភេទដូចគ្នាដ៏សាមញ្ញម្នាក់។ ខ្ញុំចាប់ដឹងខ្លួន ថាបែបនេះ ចាប់ពីពេលដែលខ្ញុំមានបញ្ហាជាមួយនឹងមិត្តម្នាក់។ ពេលនោះ ខ្ញុំរៀនថ្នាក់ទី៧។
ពេលដែលខ្ញុំរៀនថ្នាក់ទី៨ ម្តាយខ្ញុំចង់ផ្លាស់ខ្ញុំ ឲ្យមករៀនតាមខេត្ត មកនៅបាត់ដំបងជាមួយនឹងគាត់។ ដូច្នេះ គាត់ក៏ប្តូរសាលាឲ្យខ្ញុំ។ ខ្ញុំបានមករៀននៅបាត់ដំបង ថ្នាក់ទី៩។ ខ្ញុំចាំបានថា ពេលនោះ មានបទចម្រៀងខ្មែរមួយបទ ដែលធ្វើឲ្យខ្ញុំកាន់តែដឹងខ្លួនឯងច្បាស់ ដោយបទនោះមានចំនងជើងថា «បេះដូងឆ្កួត» ដែលនិយាយអំពីស្រីស្រលាញ់ស្រីដូចគ្នា។
បើនិយាយអំពីទំនាក់ទំនងស្នេហាភេទដូចគ្នា គឺវាបានចាប់ផ្តើម នៅពេលដែលខ្ញុំឧស្សាហ៍និយាយទូរសព្ទជាមួយនឹងមិត្តភក្តិស្រីខ្ញុំម្នាក់។ ខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំបារម្ភ និងយកចិត្តទុកដាក់លើនាងយ៉ាងខ្លាំង ដោយមិនដឹងមូលហេតុ។ តែពេលនោះ ខ្ញុំមិនទាន់ដឹងខ្លួនថា ខ្ញុំជាមនុស្សស្រីស្រលាញ់ស្រីគ្នាឯងចឹងនោះទេ។
ក្រោយមក នាងក៏បានសុំខ្ញុំ ធ្វើជាសង្សាររបស់នាង។ ខ្ញុំពិតជាសប្បាយចិត្តណាស់ មិនដឹងថារកពាក្យអ្វី នឹងយកមកពិពណ៌នា។ ក្នុងចិត្តរបស់ខ្ញុំ មាននាងហើយ! ខ្ញុំបានស្រលាញ់នាងហើយ!
វាជាពេលវេលាដែលខ្ញុំសប្បាយចិត្តបំផុត រីករាយបំផុត ចំពោះរឿងស្នេហា។ គ្មានការឈឺចាប់ គ្មានការខ្វាយខ្វល់។ សប្បាយចិត្តៗ អណ្តែតអណ្តូងៗ។ ម៉្យាងគ្រួសារខ្ញុំ មិនទាន់មាននរណាម្នាក់ដឹងរឿងខ្ញុំនៅឡើយ។ ពួកគាត់ គ្រាន់តែដឹងតែម៉្យាងថា ខ្ញុំជាស្រី។
មួយឆ្នាំ ពីរឆ្នាំ អ្វីៗហាក់ដូចជាក្រលាប់ចាក់អស់ ពេលដែលខ្ញុំរៀនថ្នាក់ទី១២។ បញ្ហា និងភាពឈឺចាប់ ក៏ចាប់ផ្តើមរត់មកក្រសោបបេះដូងរបស់ខ្ញុំ យ៉ាងអួលណែន។ ម្តាយខ្ញុំចាប់ដឹងថា ខ្ញុំជាស្រីស្រលាញ់ស្រី។ គាត់រុះរើខោអាវរបស់ខ្ញុំ ឆែកឆេរទូរសព្ទរបស់ខ្ញុំ ហើយនិយាយសម្តីមួយម៉ាត់ ទាំងទឹកភ្នែក ស្ទើរតែឲ្យខ្ញុំគាំង៖ «ម៉ាក់សង្ឃឹមថា កូនមិនមែនជាមនុស្សស្រីស្រលាញ់ស្រី»។
ចាប់ពីថ្ងៃនោះមក ម្តាយខ្ញុំព្យាយាមស្វែងរកវិធីគ្រប់យ៉ាង ដើម្បីផ្លាស់ប្តូររូបខ្ញុំ ឲ្យទៅជាមនុស្សស្រីធម្មតាដូចគេដូចឯង។ គាត់ធ្វើឲ្យខ្ញុំឈឺចាប់។ គាត់យកខោអាវខ្ញុំ ទៅក្រវាត់ចោល។ គាត់តេទៅមិត្តខ្ញុំទាំងអស់ ឲ្យឈប់ទាក់ទងនឹងខ្ញុំទៀត។ គាត់មិនឲ្យខ្ញុំចេញទៅណា ក្រៅពីផ្ទះមួយជំហាន ហើយទូរសព្ទក៏លែងឲ្យប្រើ។
ដល់ពេលដែលយាយ និងអ៊ំខ្ញុំដឹងរឿង និងខ្លាចព្រួយបារម្ភថា ខ្ញុំចង់គិតខ្លី ចង់សម្លាប់ខ្លួន ពួកគាត់ក៏យកខ្ញុំចេញពីម្តាយខ្ញុំ មកនៅភ្នំពេញវិញ។ តែយាយខ្ញុំ និងអ៊ំខ្ញុំ ពួកគាត់នៅតែព្យាយាមផ្លាស់ប្រែខ្ញុំ។ គ្រាន់តែខុសគ្នាត្រង់ថា ម្តាយខ្ញុំ គាត់ប្រើធម៌ក្តៅ តែពួកគាត់ប្រើវិធីធម៌ត្រជាក់។
ក្រោយមក យូរណាស់ ទម្រាំតែម្តាយខ្ញុំ ដាច់ចិត្តឲ្យខ្ញុំប្រើទូរសព្ទម្តងទៀត។ ពេលដែលបានទូរសព្ទ ខ្ញុំពិតជាអរសប្បាយណាស់ ដោយខ្ញុំអាចបានស្តាប់ចម្រៀង តេទៅលេងមិត្តភក្តិ និងមនុស្សស្រីដែលខ្ញុំស្រលាញ់។ ដោយខ្លាចអ្នកផ្ទះខ្ញុំដឹង និងលែងឲ្យខ្ញុំប្រើទូរសព្ទទៀត ខ្ញុំត្រូវប្រយ័ត្ន និងគិតរាល់ជំហានដែលខ្ញុំចង់ធ្វើ។
ខ្ញុំក៏ចាប់ផ្តើមចេះលេងហ្វេសប៊ុក។ ខ្ញុំចូលចិត្តលេងវា នៅពេលខ្ញុំនៅផ្ទះតែម្នាក់ឯង។ មានពេលមួយនោះ ខ្ញុំឃើញបុរសម្នាក់ បានសរសេរនេះ សរសេរនោះ ក្នុងហ្វេសប៊ុក ទាក់ទងទៅនឹងមនុស្សស្រីស្រលាញ់ស្រីដូចគ្នា។ ខ្ញុំខឹងឆេវ ថាប្រុសស្អីចេះ ចូលចិត្តដឹងលូកលាន់រឿងស្រីស្រលាញ់ស្រីអីគេដែរ។ តែមានម្តងនោះ ខ្ញុំបានអានអ្វីដែលគាត់សរសេរនោះ គួរឲ្យចាប់អារម្មណ៍ និងមានដាក់លេខទូរសព្ទឲ្យទាក់ទង ខ្ញុំក៏តេទៅគាត់ និយាយជាមួយគាត់។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះដឹងថា គាត់អាចជួយ ឲ្យខ្ញុំរស់នៅក្នុងជីវិតដែលជាធាតុពិតរបស់ខ្លួនឯង។ គាត់ឲ្យខ្ញុំចេញមកជួបគាត់។ និយាយពីរឿងចង់ចេញទៅជួបគាត់ ពិតជាពិបាកមែនទែន។ ខ្ញុំខំរកលេសនិយាយ ទម្រាំតែកុហកយាយខ្ញុំចេញមកក្រៅបាន។ មិនដឹងជាធ្លាក់នរកប៉ុន្មានជាន់ទេខ្ញុំ!
តែក៏សប្បាយចិត្ត ព្រោះខ្ញុំអាចស្វែងយល់ពីជីវិតខ្លួនឯង។ គាត់បានប្រាប់ឲ្យខ្ញុំដឹងថា ខ្ញុំមិនខុស។ មិនខុស ដែលស្រលាញ់ភេទដូចគ្នា។ ចាប់ពីនោះមក ខ្ញុំក៏ព្យាយាមឧស្សាហ៍ទាក់ទងទៅគាត់ រហូតមកដល់ឥឡូវ។ គាត់តែងតែជួយយកអាសារខ្ញុំជានិច្ច។
ពេលនេះ ខ្ញុំចង់ប្រាប់ថា ខ្ញុំពិតជាស្រលាញ់សង្សាររបស់ខ្ញុំណាស់។ ថ្វីត្បិតតែពេលខ្ញុំមានរឿងជាមួយអ្នកផ្ទះ គាត់មិនអាចជួយអីខ្ញុំបាន តែខ្ញុំនៅតែចង់និយាយពាក្យថា អរគុណ សម្រាប់ការបារម្ភ និងការលើកទឹកចិត្ត។ ខ្ញុំស្រលាញ់នាង!
សព្វថ្ងៃ ខ្ញុំរៀននៅខេត្ត តែមិនមែនបាត់ដំបងទៀតទេ។ ខ្ញុំរៀននៅសៀមរាប។
មិត្តភក្តិខ្ញុំខ្លះ ពេលដែលដឹងថា ខ្ញុំជាស្រីស្រលាញ់ស្រីដូចគ្នា ពួកគេនិយាយថា អត់ន័យ អត់អនាគត បំភ្លេចចោលទៅ។ រីឯអ្នកផ្ទះខ្ញុំ នៅតែមិនយល់ដដែល ពីជីវិត និងស្នេហារបស់ខ្ញុំ ដោយតែងនិយាយថា អ្នកដែលស្រលាញ់ភេទដូចគ្នា គឺខុសធម្មជាតិ សង្គមមិនទទួលស្គាល់។
ខ្ញុំក៏ជាមនុស្ស ខ្ញុំក៏ចេះឈឺចាប់។ ខ្ញុំមិនអាចរស់នៅ ដោយបង្ហាញពីធាតុពិតរបស់ខ្ញុំ។ ខ្ញុំមិនអាចស្រលាញ់មនុស្ស ដែលខ្ញុំស្រលាញ់។ តើពេលណាទៅ ទើបមនុស្សរាល់គ្នា យល់ពីស្នេហាបែបនេះ ជីវិតបែបនេះ? តើនរណាខុស? តើនរណាត្រូវ? តើនរណាសម្លាប់ខ្ញុំ?

តើអ្នកស្រលាញ់ភេទដូចគ្នាបានជួយសង្គមអ្វីខ្លះ?

ជារឿយៗឪពុកម្តាយ បងប្អូន ក្រុមគ្រសារ និងសង្គមមួយភាគធំបានយល់ច្រឡំថា៖
ការស្រលាញ់ភេទដូចគ្នាគឺជារឿងគួរអោយអាប់អោន អាម៉ាស់ មិនគោរពតាមសីលធម៌សង្គម និងខុសពីធម្មជាតិ។ តែការយល់បែបនោះជាគំនិតដសែនចាស់គំរិល និងមិនបានគោរពគោលការរបស់ព្រះពុទ្ធសាសនា និងជាពិសេសមិនបានគោរពសិទ្ធិមនុស្ស។ អ្នកស្រលាញ់គ្នាក៏ជាមនុស្សដូចមនុស្សដែលស្រលាញ់ភេទផ្ទុយគ្នាដែរ។ដូច្នេះតើពួកគាត់បានធ្វើអ្វីខ្លះដើម្បីខ្លួនឯង គ្រួសារ សង្គមជាតិនិងមនុស្សជាតិ?

អ្វីទៅជាកោសិកាដែលអាចបង្កើតអោយមានសង្គមមនុស្សកើតឡើង?
យើងគួរចាប់រាប់ពីបុគ្គម្នាក់ៗឡើងទៅ! បើមិនមានមនុស្សម្នាក់មិនអាចមានក្រុមមួយ មិនអាចមានគ្រួសារ មិនអាចមានសាច់ញាតិ មិនមានភូមិ មិនមានឃុំ ស្រុក ខេត្ត ប្រទេស តំបន់ និងពិភពលោកនេះឡើយ។
ដូច្នេះមនុស្សម្នាក់មានតំលៃជីវិតស្មើៗគ្នា គ្រាន់តែរបៀបនៃការប្រើប្រាស់ជីវិតនិងជីវភាព ឥរិយាបថនិងកាយវិការនៃការរស់នៅផ្សេងៗគ្នា។ ដោយមិនបែងចែកថាអ្នកនេះត្រូវតែធ្វើអោយដូចអ្នកនោះ ឬអ្នកនោះធ្វើអោយដូចអ្នកឯទៀតនោះឡើយ។ គ្រាន់តែមនុស្សទាំងអស់គោរពសិទ្ធិមនុស្សគ្នាទៅវិញទៅមកនោះវាជាមធ្យោបាយដ៏ល្ធបំផុតហើយ។

នៅក្នុងគ្រួសារ ហេតុអ្វីបានជាកូនដែលជាអ្នកស្រលាញ់ភេទដូចគ្នា ឬកូនដែលប្តូរភេទត្រូវបានហាមប្រាមស្ទើរគ្រាប់ដង្ហើមចេញចូល? ទោះបីកូននោះជាស្រីស្រលាញ់ភេទដូចគ្នា ប្រុសស្រលាញ់ភេទដូចគ្នា កូនដែលស្រលាញ់ពីរភេទ និងកូនដែលមានអារម្មណ៍ថាខ្លួនកើតមកខុសរូបរាងកាយក្តីតែពួកគេអាចជួយគ្រួសារ និងសង្គមមនុស្សដូចមនុស្សដទៃជាតិ៖
ក. ដាំបាយ ស្លស្លុក សំអាតផ្ទះ ជួយមើលប្អូនតូច មើលថែឪពុកម្តាយចាស់ រាប់អានអ្នកជិតខាង ។ល។និង។ល។
ខ. ធ្វើការរកប្រាក់ដើម្បីជួយគ្រួសារ
គ. ទៅរៀននិងរៀនចេះមានចំណេះធ្វើការដូចអ្នកដទៃ
ឃ. ធ្វើជាមន្រ្តីរាជ្យការ ទាហ៊ាន ប៉ូលីស បុគ្នលិកអង្គការ ក្រុមហ៊ុនក្នុងការកសាងជាតិនិងសេដ្ឋកិច្ច
ង. ជួយលើតំកើងវប្បធម៌និងសាសនាជាតិ
ច. មិនត្រឹមតែប៉ុណ្ណោះមានអ្នកខ្លះដើរតួនាទីសំខាន់ក្នុងរដ្ឋាភិបាលកម្ពុជាដែលគាត់មិនហ៊ានចេញមុខ។

តើសង្គមចង់បានអ្វីទៀតពីមនុស្សដែលរួមទាំងអ្នកស្រលាញ់ភេទដូចគ្នាផងដែរ?
សមយ័ខ្មែរក្រហមពួកយើងដែលជាអ្នកស្រលាញ់ភេទដូចគ្នាក៏ត្រូវបានគេធ្វើបាបនិងកាប់សំលាប់។
គ្រប់សម័យកាលរបស់ប្រទេសមួយគ្រប់ៗគ្នាទទួលនូវការរំលោភ ធ្វើបាប ការដាក់ទណ្ឌ័កម្មពីការដឹកនាំមិនល្អ និងការរំលោភសិទ្ធិគ្រប់បែបយ៉ាងដូចមនុស្សទូទៅដែរ។ តែហេតុអ្វីបានជាឪពុកម្តាយ ក្រុមគ្រួសារនិងសង្គមមើលមកអ្នកស្រលាញ់ភេទដូចគ្នាថាជាអំពើខុស?

មនុស្សគ្រប់ៗរូមមានការចូលចិត្ត ក្តីស្រលាញ់ និងចំណង់ចំណូលចិត្តមិនដូចគ្នាទេ។
មនុស្សគ្រប់ៗមានរូបរាង្គកាយផ្សេងៗពីគ្នា។

មានអ្វីដែលអ្នកស្រលាញ់ភេទដូចគ្នាមិនអាចធ្វើបានដើម្បីជួយប្រទេសចិត្តរបស់ខ្លួន?

ជាចុងក្រោយនិងនៅមានត ។
សូមថ្លែងអំណរគុណសំរាប់អ្នកអាន។
សូមទទួលនូវមតិរិះគុណ!
នេះជាអត្ថបទខ្លីបំបូងដែលខ្ញុំសសេរ។

ស្រ៊ុន ស្រ៊ន

ពត៌មានអវិជ្ជមានបណ្តាលអោយស្រ្តីស្រលាញ់ភេទដូចគ្នាទទួលរងនូវវិត្តិដ៏ធ្ងន់ធ្ងរ

 

 

 

 

 

 

The result of negative media kill many LGBT people. We need to let them change their mind of just making money.

តុលាការឃុំខ្លួននារីម្នាក់ពីបទរួមភេទជាមួយក្មេងស្រីដោយប្រើអណ្តាតនិងម្រាមដៃ

ខេត្តបាត់ដំបង ៖ នាងក្រមុំម្នាក់ត្រូវតុលាការឃុំខ្លួនកាលពីថ្ងៃទី១៩ ឧសភា ក្រោយពីសង្ស័យថានាងមានកំហុសក្នុងការប្រើម្រាមដៃ និងអណ្តាតដើម្បីរួមភេទជាមួយក្មេងស្រីម្នាក់វ័យ១៣ឆ្នាំ ដែលបានប្រព្រឹត្តកាលពីពាក់កណ្តាលសប្តាហ៍មុននេះ ។
នាងក្រមុំដែលត្រូវចោទប្រកាន់នេះឈ្មោះវ៉ាន់ ម៉ារ៉ាឌី អាយុ២០ឆ្នាំ ។ សមត្ថកិច្ចជំនាញនិយាយថា នាងម៉ារ៉ាឌីត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៨ ឧសភា នៅផ្ទះរបស់នាង ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្រោយពីម្តាយរបស់កុមារីរងគ្រោះដាក់ពាក្យប្តឹងទៅកាន់ការិយាល័យជំនាញ ។ ក្នុងកំណត់ ហេតុបណ្តឹងអ្នកស្រីសឹម ស៊ុន អាយុ៥២ឆ្នាំ ដែលជាម្តាយកុមារីនោះនិយាយថា អ្នកភូមិបានរាយការណ៍អំពីរឿងនេះប្រាប់អ្នកស្រី ក្នុងគ្រាដែលគេប្រទះឃើញឈ្មោះម៉ារ៉ាឌី ប្រព្រឹត្តសកម្មភាពជាក់ស្តែងទៅលើកូនស្រីគាត់ កាលពីថ្ងៃទី១៧ ឧសភា នៅលើផ្ទះនាងក្រមុំនោះ ។ អ្នកស្រីបញ្ជាក់ថា នេះមិនមែនជាការប្រព្រឹត្តលើកទី១ទេ គឺចំនួន២ថ្ងៃបន្តបន្ទាប់ ប៉ុន្តែអ្នកស្រីបានដឹងនៅថ្ងៃចុងក្រោយ ទើបដាក់ពាក្យបណ្តឹង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

http://kohsantepheapdaily.com.kh/article/42756.html

ប៉ុបពី ក្លាយ​ជា​វីរជន​ក្នុង​ក្រសែ​ភ្នែក​ក្រុម​ស្រីស្រស់​ភេទទី​៣​នៅ​ប្រទេស​កម្ពុជា


ភ្នំពេញ : ខណៈអង្គុយរង់ចាំនៅឯការិយាល័យនៃបណ្តាញព័ត៌មានស្រ្តីសម្រាប់សហគមន៍ដោយភាពអត់ធ្មត់ដើម្បីផ្តល់ការចែករំលែកព័ត៌មាននានាដល់ ប្រជាពលរដ្ឋកម្ពុជា នាង ទូច ស្រីល័ក្ខ ដែលជាមនុស្សភេទទីបីដែរនោះ បាននិយាយថា៖ «ឈប់រើសអើងនឹងពួកយើងជាភេទទីបីទៅ!ព្រោះថាការរើសអើងនេះក៏ជា មូលហេតុនៃការបង្ខំពួកយើងឈានទៅចាប់យកការងារបម្រើផ្លូវភេទដើម្បីចិញ្ចឹមជីវិតដែរ»។

ក្រោយពីសភាពស្ងៀមស្ងាត់ នាង ទូច ស្រីល័ក្ខ បានថ្លែងក្នុងអារម្មណ៍ស្រស់ស្រាយបន្តិចឡើងវិញថា នាងជឿជាក់ថា ប្រសិនជាមនុស្សទូទៅបានយល់ពីអារម្មណ៍របស់នាង ពួកគេនឹងមានការប្តូរឥរិយាបថខ្លះជាមិនខាន។

នាង ទូច ស្រីល័ក្ខ ដែលមានវ័យ ២៤ឆ្នាំមកពីខេត្តកណ្តាលនោះបានបន្តថា៖ «ព្រោះតែមានការរើសអើងភេទទីបីនេះហើយ ទើបបានបង្ខំចិត្តខ្ញុំទៅចាប់យកការងារបម្រើផ្លូវភេទនេះ»។

តាមរយៈការស្ទង់មតិ ក្រុមភេទទី៣ (ប្រុសដែលតុបតែងខ្លួនជាស្រី) នោះមិនចូលចិត្តឲ្យមនុស្សជុំវិញខ្លួនប្រើពាក្យថា «ខ្ទើយ» ដើម្បីសំដៅលើភេទរបស់ខ្លួននោះទេ។ ពួកនាងចូលចិត្តឲ្យអ្នកដទៃហៅថា «ស្រីស្រស់»។

ស្រីល័ក្ខ បានថ្លែងពីការប្តូរឥរិយាបថរបស់ខ្លួនថា៖ «ខ្ញុំបានចាប់ផ្តើមស្លៀកពាក់ជាមនុស្សស្រីចាប់ពីនៅអាយុ ១៦ឆ្នាំ ព្រោះពេលនោះ ខ្ញុំគិតវាជាផ្នែកទាក់ទាញមួយដល់មនុស្សប្រុស»។

ស្រីល័ក្ខ ដែលនាងបានផ្លាស់មកនៅភ្នំពេញក្នុងវ័យ១៨ឆ្នាំនោះបានរំឭកទៀត ថា៖ «ពេលខ្ញុំមកដល់ភ្នំពេញ ខ្ញុំមិនស្គាល់អ្នកណាឡើយ តែនៅថ្ងៃដំបូងបានជួបស្រីស្រស់ម្នាក់ បាននាំនាងខ្ញុំទៅស្នាក់នៅជាមួយគេ»។

បន្ទាប់មកនាងត្រូវស្រីស្រស់នោះណែនាំឲ្យទៅរៀនតុបតែងខ្លួន និងកែសម្ផស្ស។ ថ្លែងបណ្ដើរសើចបណ្ដើរ ស្រីល័ក្ខ និយាយទៀតថា៖«ពួកគេតែងតែសរសើរពីសម្រស់របស់យើង»។

មូលហេតុដែល ទូច ស្រីល័ក្ខ មកបម្រើការងារខាងផ្លូវភេទនេះ ក៏ព្រោះតែនាងមិនអាចរកការងារណាមួយអាចធ្វើបាន តែនាងជឿជាក់ថា នៅភ្នំពេញការមាក់ងាយភេទទីបីចាប់ផ្ដើមមានភាពធូរស្រាលបន្តិចហើយ បន្ទាប់ពីមនុស្សកាន់តែច្រើនបានស្វែងយល់ពីស្ថានភាពរបស់ ក្រុមស្រីស្រស់ទាំងនោះ។ នាងបានលើកយក តួអង្គជាវីរជនសំខាន់ពួកគេគឺតារាសម្តែងកែភេទ ប៉ុបពី មកបង្ហាញផងដែរ។

ស្រីល័ក្ខ បានបន្តទៀតថា៖ «ប៉ុបពី គឺជានិមិត្តរូបមួយនៃក្រុមស្រីស្រស់របស់ពួកយើង។ គាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការវះកាត់ដូរភេទ និងធ្វើរូបរាងកាយដូចជាមនុស្សស្រីបេះបិទ។ មិនតែប៉ុណ្ណោះ គាត់ក៏មានឱកាសទទួលបានជីវិតដ៏ប្រសើរផងដែរ»។

ចំណែក ទូច ស្រីល័ក្ខ ត្រូវទទួលបន្ទុកក្នុងការរកប្រាក់ដើម្បីជួយផ្គត់ផ្គង់គ្រួសារ។ នាងបានវិលត្រឡប់ទៅផ្ទះម្តងមួយខែ ដោយនាំប្រាក់ចំនួន៥០ដុល្លារទៅឲ្យឪពុកម្តាយ ទោះបីជាក្រុមគ្រួសារនៅតែពុំអាចទទួលយកបាននូវស្ថានជាភេទទី៣ របស់នាងក៏ដោយ។

នាងលើកឡើងថា៖«ខ្ញុំចង់ផ្តល់ជូនពួកគាត់ច្រើនជាងនេះ តែការរស់នៅឯភ្នំពេញរបស់ខ្ញុំត្រូវចំណាយច្រើន ដោយសាររបស់របរប្រើប្រាស់ថ្លៃ»។

ជាទូទៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ភេទទី៣ ជួនកាលក៏ក្លាយជាជនរងគ្រោះនៃបញ្ហាសង្គមផ្សេងៗផងដែរ។

ដល់ចំណុចនេះ នាង ស្រីល័ក្ខ បានលើកយកបទចម្រៀង «ទឹកភ្នែកខ្ទើយ» របស់លោក អាន វិសាល ដែលហាក់ស្ដែងចេញស្ថានភាពស្រីស្រស់ភេទទី៣ត្រូវប្រុសព្រានបោក ធ្វើបាបចិត្ត។

ស្រីល័ក្ខ បាននិយាយទៀត៖ «បទនេះល្បីណាស់ ហើយវាជាដំបូន្មានដ៏ល្អសម្រាប់ពួកយើង។ តែទោះជាយ៉ាងណា ស្រីស្រស់ទាំងឡាយត្រូវមិត្តប្រុស និងស្វាមីពួកគេបោកប្រាសដដែល។ ពួកគេច្រើនតែជាមិត្តប្រុសបណ្តោះអាសន្នប៉ុណ្ណោះ។ ចំពោះខ្ញុំមិនចង់បានពួកគេមកធ្វើជាមិត្តប្រុសយូរអង្វែងឡើយ គឺវាគ្រោះថ្នាក់ណាស់»៕

ហេតុអ្វីបានជាក្រុមគ្រួសារបង្ខំកូនដែលស្រលាញ់ភេទដូចគ្នាអោយរៀបការ?

មិត្តភក្តិខ្ញុំម្នាក់ជាស្រីស្រលាញ់ភេទដូចគ្នាត្រូវក្រុមគ្រួសារជឿថានាងមានជំងឺវិកលចរិក។ពួកគេបាននាំនាងទៅអោយគ្រូខ្មែរព្យាបាល។គ្រូមន្តអាគមន៍នោះបានយកធូបដុតបាតជើង បាតដៃនិងក្បាលរបស់នាង។នាងជាអ្នករស់នៅខេត្តកំពង់ស្ពឺ។

មិត្តភក្តិស្រីស្រលាញ់ភេទដូចគ្នា៣នាក់ទៀតរបស់ខ្ញុំបានសំរេចចិត្តរត់ចោលផ្ទះនិងបោះបងគ្រួសារចោលដោយសារពួកគាត់ត្រូវបានក្រុមគ្រួសារបង្ខំអោយរៀបការជាមួយបុរស។

តាមគោលការសិទ្ធិមនុស្សអន្តរជាតិយ៉កយ៉ាក៌ាតាគោលការណ៍ទីបីសិទ្ធិរបស់នាងត្រូវបានគេរំលោភ!

គោលការណ៍ ៣ ៖ សិទិ្ធទទួលបានការទទួលស្គាល់ចំពោះមុខច្បាប់
បុគ្គលគ្រប់រូប មានសិទ្ធិឲ្យគេទទួលស្គាល់នៅគ្រប់ទីកន្លែង ថាជាមនុស្សចំពោះមុខច្បាប់ ។ បុគ្គលដែលមាននិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រខុសពីគេ មានសិទ្ធិស្របច្បាប់ នៅគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត ។ និន្នាការភេទ និងអត្តសញ្ញាណយេនឌ័ររបស់បុគ្គលម្នាក់ៗ មានសារៈសំខាន់ សម្រាប់បុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ហើយក៏ជាទិដ្ឋភាពមូលដ្ឋាននៃការតាំងចិត្តផ្ទាល់ខ្លួន សេចក្តីថ្លៃថ្នូរ និងសេរីភាព ។ គ្មានជនណាម្នាក់ត្រូវបានបង្ខំឲ្យ ទទួលការព្យាបាលផ្នែកវេជ្ជសាស្រ្ត រួមទាំងការវះកាត់ប្តូរភេទ ការព្យាបាលមិនឲ្យមានកូន ឬការព្យាបាលអ័រម៉ូន ដើម្បីទទួលបាននូវការទទួលស្គាល់ស្របច្បាប់ ចំពោះអត្តសញ្ញាណយេនឌ័រ នោះទេ ។ គ្មានស្ថានភាព ដូចជាអាពាហ៍ពិពាហ៍ ឬភាពជាឳពុកម្តាយ ត្រូវបានគេស្នើឡើង ជាលក្ខខណ្ឌរារាំងការទទួលស្គាល់ស្របច្បាប់ នៃអត្តសញ្ញាណយេនឌ័ររបស់បុគ្គលណាមួយឡើយ ។ គ្មានជនណាម្នាក់ត្រូវបានរងសម្ពាធឲ្យលាក់បាំង រងការទប់ស្កាត់ឬបដិសេធអំពីនិន្នាការភេទ ឬអត្តសញ្ញាណយេនឌ័ររបស់បុគ្គលនោះទេ ។

រដ្ឋមានកាតព្វកិច្ចត្រូវ ៖
ក. ធានាថាបុគ្គលគ្រប់រូប ត្រូវបានផ្តល់សិទ្ធិស្របច្បាប់ ចំពោះបញ្ហាស៊ីវិល ដោយគ្មានការរើសអើងលើនិន្នាការភេទ ឬអត្តសញ្ញាណយេនឌ័រ ហើយត្រូវបានផ្តល់ឱកាសប្រើប្រាស់សិទ្ធិទាំងនេះ រួមទាំងសិទ្ធិស្មើគ្នាក្នុងការចុះកិច្ចសន្យា និងក្នុងការគ្រប់គ្រង ការធ្វើជាម្ចាស់កម្មសិទិ្ធ ការទទួលបាន (រួមទាំងការទទួលបានកេរមរតក) ការរៀបចំចាត់ចែង ការប្រើប្រាស់ និងការរំលាយទ្រព្យសម្បតិ្តនានា
ខ. ចាត់វិធានការខាងនីតិបញ្ញត្តិ ខាងរដ្ឋបាល និងវិធានការផ្សេងទៀត ដើម្បីគោរព និងទទួលស្គាល់ឲ្យបានពេញលេញ នូវសិទ្ធិស្របច្បាប់ ក្នុងការទទួលបានការទទួលស្គាល់អត្តសញ្ញាណយេនឌ័រ ដោយផ្ទាល់ខ្លួនរបស់បុគ្គលមា្នក់ៗ
គ. ចាត់វិធានការខាងនីតិបញ្ញត្តិ ខាងរដ្ឋបាល និងវិធានការផ្សេងទៀត ដើម្បីធានាឲ្យបានថា នីតិវិធីដែលរដ្ឋចេញលិខិតស្នាមបញ្ជាក់អំពីភេទ/យេនឌ័ររបស់បុគ្គលនីមួយៗ រួមមាន សំបុត្រកំណើត, លិខិតឆ្លងដែន, ឯកសារបោះឆ្នោត, និងឯកសារផ្សេងទៀត ពិតជាឆ្លុះបញ្ចាំងពីអត្តសញ្ញាណយេនឌ័រ ដែលត្រូវបានកំណត់ដោយសាមីខ្លួននោះផ្ទាល់
ឃ. ធានាថានីតិវិធីទាំងនោះ មានប្រសិទ្ធផល សុក្រិតភាព និងគ្មានការរើសអើង ព្រមទាំងគោរពនូវភាពថ្លៃថ្នូរ និងឯកទត្តភាពដល់បុគ្គលដែលពាក់ព័ន្ធ
ង. ធានាថារាល់ការកែប្រែឯកសារបញ្ជាក់អត្តសញ្ញាណ នឹងត្រូវបានទទួលស្គាល់ ក្នុងគ្រប់បរិបទទាំងអស់ នៅពេលដែលច្បាប់ឬគោលនយោបាយនានា តម្រូវឲ្យមានការបញ្ជាក់ ឬវែកញែកអំពីយេនឌ័ររបស់បុគ្គល
ច. អនុវត្តកម្មវិធីផ្សេងៗ ដែលមានគោលដៅផ្តល់ការគាំទ្រផ្នែកសង្គមកិច្ច ដល់ជនទាំងឡាយណាដែលធ្លាប់ឆ្លងកាត់ដំណាក់កាលផ្លាស់ប្តូរ ឬបន្លាស់ប្តូរភេទ ។

ការបញ្ចូលបញ្ហា និងសិទ្ធិស៊ូជី (SOGI) ទៅក្នុងACSC/APF និងទៅក្នុងសេចក្តី​ថ្លែងការណ៍​ជាសាកល​នៃសិទ្ធិមនុស្ស​ ក្នុងតំបន់អាស៊ាន

កម្ពុជា៖ ការមកជួបប្រជុំគ្នាជាលើកទីពីរ នៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBTIQ) ក្នុងតំបន់អាស៊ាន បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ដោយមិនមែនត្រឹមតែដើម្បីមកចែករំលែក និងសិក្សាពីភាពខុសគ្នាប៉ុណ្ណោះទេ តែថែមទាំងដើម្បីក្រើនរំឮកដល់រដ្ឋាភិបាល និងសមាជិកសង្គមស៊ីវិលទាំងអស់ ឲ្យបានដឹងថា ការទទួលស្គាល់ ការផ្សព្វផ្សាយ និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា គឺមិនទាន់យឺតពេលនៅឡើយ។

សម្រាប់ឆ្នាំទីពីរនេះ បញ្ហាដែលជាប់ទាក់ទិនទៅនឹងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ (SOGI) ត្រូវបានផ្តល់ឲ្យមានអាទិភាព និងការយកចិត្តទុកដាក់ដូចគ្នា ទៅនឹងបញ្ហាប្រឈមដទៃទៀតដែរ សម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន/វេទិកាពិភាក្សាប្រជាជនអាស៊ាន (ACSC/APF)។ ខណៈពេលដែលយើងពេញចិត្តនឹងការទទួលស្គាល់ និងឱកាសដែលយើងមាន យើងត្រូវការឲ្យ ACSC/APF បង្កើនសកម្មភាពរបស់ខ្លួនបន្ថែមទៀត កុំថាបានតែមាត់។

អំឡុងACSC/APF លើកទី៨ នៅទីក្រុងចាកាតា នៃប្រទេសឥណ្ឌូនេស៊ី កិច្ចប្រជុំស្តីពីអ្នកស្រឡាញ់ភេទដូចគ្នា បានបង្ហាញឲ្យឃើញជាក់ស្តែង នូវការរំលោភបំពានលើសិទ្ធិមនុស្ស និងការរងសំពាធទាំងផ្លូវចិត្ត ទាំងផ្លូវកាយ នៃអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងតំបន់អាស៊ាន។ ដូច្នេះ យើងមានការខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំង ដោយការមិនបានបញ្ចូលបញ្ហាSOGI ទៅក្នុងសេចក្តីថ្លែងការណ៍សិទ្ធិមនុស្សតំបន់អាស៊ាន ដែលនេះជាការសម្តែងឲ្យឃើញ ពីការរើសអើង ប្រឆាំងនឹងអ្នកដែលស្រឡាញ់ភេទដូចគ្នា ដោយគ្មានការលាក់លៀម។

នៅក្នុងតំបន់អាស៊ាន អ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានគេចាត់ទុកថា ជាជនថ្នាក់ទីពីរ ដែលជាពួកបង្កចលាចល បង្កបទល្មើស និងជាជនដែលខុសពីមនុស្សម្នាទាំងឡាយ ហើយក្នុងករណីខ្លះ សូម្បីតែត្រឹមភាពជាមនុស្សហ្នឹងគេ ក៏គេមិនបានឲ្យតម្លៃផង។ យើងត្រូវបានកើតមក ឲ្យមានជីវិតរស់នៅ ក្នុងភាពលាក់លៀម និងមានភាពអាម៉ាស់ ចំពោះធាតុពិតរបស់ខ្លួន។ យើងត្រូវបានគេចោទប្រកាន់ ដាក់ទោសទណ្ឌ ចំអកឡកឡឺយ នាំយកទៅព្យាបាលដោយយើងមិនបានឈឺ និងធ្វើការរំលោភបំពានយើងតាមវិធីផ្សេងៗទៀត យ៉ាងព្រៃផ្សៃ។ ការរើសអើង និងអំពើហិង្សាដែលកើតមាន មិនមែនត្រឹមតែកើតចេញពីរង្វង់គ្រួសារ មិត្តភក្តិ សហគមន៍ និងនិយោជកប៉ុណ្ណោះទេ គឺថែមទាំងកើតចេញពីស្ថាប័នរដ្ឋ ពីអ្នកដែលមានតួនាទីជាមន្ត្រីរាជការ ជាពិសេសជាងគេ គឺប៉ូលីស និងមេដឹកនាំសាសនា។ ថ្វីត្បិតតែយើងប្រឈមមុខទៅនឹងការរើសអើង និងអំពើហិង្សាក៏ដោយ ក៏ពួករដ្ឋាភិបាលមិនដែលអើពើ ធ្វើការគាំទ្រ និងការពារសិទ្ធិជាមូលដ្ឋានរបស់យើងដែរ។

នៅប្រទេសព្រុយនេ ភូមា ម៉ាលេស្យា និងសិង្ហបុរី ច្បាប់អាណានិគមដ៏ចាស់គំរិល ដែលធ្វើការប្រឆាំងនឹងSOGI ថាវាជាបទទោសទណ្ឌ គឺនៅតែបន្តប្រើប្រាស់ នៅក្នុងប្រទេសទាំងនោះ។ នៅព្រុយនេ ភូមា និងម៉ាលេស្យា ច្បាប់ទាំងនេះ ត្រូវបានគេយកមកអនុវត្ត ដើម្បីធ្វើការវាយប្រហារ ទារជំរិតប្រាក់ បង្ខំឲ្យរួមភេទ ចាប់ខ្លួន ឃុំខ្លួន និងធ្វើទុក្ខបុកម្នេញ ចំពោះអ្នកដែលស្រឡាញ់ភេទដូចគ្នា។ នៅភីលីពីន និងឥណ្ឌូនេស៊ី ច្បាប់ប្រឆាំងទៅនឹងការជួញដូរផ្លូវភេទ ឬច្បាប់រួមភេទ ត្រូវបានគេយកទៅប្រើប្រាស់ ដើម្បីធ្វើការអុកឡុក គំរាមកំហែង នៅតាមអង្គភាពរបស់ក្រុមបុរសស្រឡាញ់បុរស និងធ្វើការចាប់ខ្លួនអ្នកដែលស្រឡាញ់ភេទដូចគ្នា។ ច្បាប់ប្រឆាំងនឹងការចាប់ជំរិត នៅក្នុងប្រទេសភីលីពីន ត្រូវបានគេយកមកប្រើប្រាស់ ដើម្បីបំបែកបំបាក់គូស្នេហ៍ស្រ្តីស្រឡាញ់ស្រ្តីដូចគ្នា ក្នុងបទគ្មានទំនាក់ទំនងស្របច្បាប់ និងគ្មានកិច្ចសន្យា។ នៅប្រទេសកម្ពុជា ស្រីស្រឡាញ់ស្រីម្នាក់ ត្រូវបានជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ ដោយសារតែឪពុកម្តាយខាងស្រីបានដាក់ពាក្យបណ្តឹង មិនពេញចិត្ត ចំពោះទំនាក់ទំនងស្នេហាភេទដូចគ្នារបស់ពួកគេទាំងពីរ។ នៅប្រទេសថៃ ការធ្វេសប្រហែសមិនអើពើរបស់រដ្ឋ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីការច្រានចោល មិនឲ្យមានការស៊ើបអង្កេត ទៅលើរឿងក្តីសម្លាប់ស្រ្តីស្រឡាញ់ស្រ្តី និងស្រ្តីប្តូរភេទចំនួន១៥នាក់។ វត្តមាននៃច្បាប់រួមភេទ ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបញ្ចូល SOGI ថាជារឿងអាសអាភាសមិនសមទំនងនោះ ត្រូវបានអ្នកផ្គត់ផ្គង់សេវាអ៊ីនធើណេតបីបួន ធ្វើការបិទវ៉ិបសាយរបស់អង្គការស្របច្បាប់ដែលគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នាចោល ដូចជាវ៉ិបសាយរបស់គណៈកម្មាធិការគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាអន្តរជាតិ(IGHLRC) និងរបស់សមាគមអ្នកស្រឡាញ់ភេទដូចគ្នាអន្តរជាតិ(ILGA)ដទៃផ្សេងទៀត។ នៅប្រទេសម៉ាលេស្យា សេកស្យួលីធី មែដឺកា (Seksualiti Merdeka) ដែលជាពិធីបុណ្យភេទប្រចាំឆ្នា ត្រូវបានប៉ូលីសចូលមកអុកឡុក និងរុះរើ ដោយអាងថា វាជាបុណ្យធ្វើឲ្យខូចសណ្តាប់ធ្នាប់ និងសន្តិសុខជាតិ។

សិទ្ធិមូលដ្ឋានរបស់មនុស្ស ដូចជាសិទ្ធិក្នុងការទទួលបានតំហែទាំសុខភាព សិទ្ធិទីលំនៅ និងសិទ្ធិអប់រំ មិនត្រូវបានគេទទួលស្គាល់ ដោយសារតែនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ (SOGI) របស់យើង។ ការមិនទទួលស្គាល់នេះហើយ វាបានចូលរួមធ្វើឲ្យកំណើនអត្រាឆ្លងមេរោគអេដស៍ កាន់តែកើនឡើង ក្នុងចំណោមក្រុមងាយរងគ្រោះជាងគេ គឺក្រុមបុរសស្រឡាញ់បុរស និងក្រុមអ្នកប្តូរភេទ។ លើសពីនេះ ច្បាប់ដ៏ចាស់គំរិលដែលធ្វើការប្រឆាំងនឹងSOGI រឹតតែដាក់គំនាបឲ្យស្ថានភាពនោះ កាន់តែមានសភាពធ្ងន់ធ្ងរថែមទៀត និងពិបាកជួយធ្វើអន្តរាគមន៍ជួយសង្គ្រោះ ដល់ក្រុមងាយរងគ្រោះទាំងនោះ។

ជាមួយនឹងរនាំង និងបញ្ហាប្រឈមទាំងអស់ ដែលចលនាអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងតំបន់អាស៊ី បានប្រឈមមុខ ក៏វាមិនអាចរារាំងនូវសំទុះ និងភាពខ្លាំងរបស់យើង ដែលចេះតែកើនឡើងឥតឈប់ឈរបានឡើយ។ យើងបានមកដល់តំណាក់កាលមួយ ដែលយើងតស៊ូ ដើម្បីទទួលបាននូវសមភាព និងការគោរព ហើយយើងនឹងមិនត្រូវការនូវការរើសអើង ការរំលោភបំពាន និងអំពើហិង្សា ដើម្បីបដិសេធ និងលុបបំបាត់សិទ្ធិ និងភាពជាមនុស្សរបស់យើងឡើយ។

ក្នុងន័យមោទនភាព និងសាមគ្គីភាពជាធ្លុងមួយ យើងសូមធ្វើការទាមទារនូវសិទ្ធិរបស់យើងដែលខ្វះចន្លោះ នៅក្នុងប្រទេស នៅក្នុងតំបន់ដែលយើងគោរព និងទាមទារឲ្យរដ្ឋាភិបាលរបស់យើង៖

  • បញ្ចូលលក្ខខណ្ឌនៃSOGIចូលទៅក្នុងសេចក្តីថ្លែងការណ៍របស់អាស៊ាន ក្រោមប្រធានបទសិទ្ធិមនុស្ស ដោយរួមបញ្ចូលយ៉ាងពិសេសនៃសេចក្តីព្រាង ទៅលើ «អត្តសញ្ញាណយេនឌ័រ» និង «និន្នាការផ្លូវភេទ» នៅក្នុងមាត្រា២។
  • លុបច្បាប់ដែលប្រឆាំងនឹងSOGI ជាបន្ទាន់ ទោះដោយប្រយោល និងដោយមិនប្រយោលក្តី ដោយទទួលស្គាល់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ជាសិទ្ធិមនុស្ស និងធ្វើឲ្យមានលក្ខណៈសមស្របទៅនឹងច្បាប់ជាតិ ហើយបង្កើតគោលការណ៍ និងការអនុវត្ត ដោយយោងតាមគោលការណ៍ច្បាប់យ៉កយ៉ាកាតា។
  • បង្កើតយន្តការថ្នាក់ជាតិ និងពិនិត្យឡើងវិញ នូវរាល់ឯកសារច្បាប់ ស្តីអំពីសិទ្ធិមនុស្សដែលមានរួច (ឧទា. AICHR, ACWC) ដើម្បីផ្សព្វផ្សាយ និងការពារ ឲ្យមានសិទ្ធិស្មើគ្នាចំពោះមនុស្សគ្រប់រូប ដោយមិនប្រកាន់និន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ (SOGI) ដោយភ្ជាប់បណ្តាញយ៉ាងជិតស្និទ្ធ ជាមួយនឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTIQ) ។
  • ដកចេញនូវអំណះអំណាងដែលថា អ្នកស្រឡាញ់ភេទដូចគ្នា ជាអ្នកជម្ងឺ និងធ្វើការលើកកម្ពស់សុខភាពផ្លូវចិត្ត ដល់ក្រុមSOGIផ្សេងទៀត ដោយយោងទៅតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក(WHO) និងធានាឲ្យមានសមភាព ទៅលើសេវាតំហែទាំសុខភាព និងសេវាសង្គម។

ហត្ថលេខីដោយ៖

  1. Arus Pelangi ប្រទេសឥណ្ឌូនេស៊ី
  2. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ប្រទេសកម្ពុជា
  3. សម្ព័ន្ធរួបរួមដើម្បីសិទ្ធិកុមារ – អាស៊ី
  4. HerLounge ប្រទេសឥណ្ឌូនេស៊ី
  5. ការអប់រំ និងព័ត៌មានស្តីអំពី សិទ្ធិមនុស្ស ក្នុងប្រទេសភូមា(HREIB) ប្រទេសភូមា
  6. ICS ប្រទេសវៀតណាម
  7. វិទ្យាស្ថានសិក្សាស្រាវជ្រាវសង្គម សេដ្ឋកិច្ច និងបរិស្ថាន(iSEE) ប្រទេសវៀតណាម
  8. iSee ប្រទេសវៀតណាម
  9. ចំណេះដឹង និងសិទ្ធិអនីតិជនតាមរយៈលំហសុវត្ថិភាព (KRYSS) ប្រទេសម៉ាលេស្យា
  10. Mplus ប្រទេសថៃ
  11. Rainbow Sky Association of Thailand
  12. Seksualiti Merdeka ប្រទេសម៉ាលេស្យា
  13. សហគមន៍ឥន្ទធនូកម្ពុជា(RoCK) ប្រទេសកម្ពុជា

គាំទ្រដោយ៖

  • គណៈកម្មាធិការគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាអន្តរជាតិ(IGHLRC– កម្មវិធីអាស៊ី)
  • សមាគមអ្នកស្រឡាញ់ភេទដូចគ្នាអន្តរជាតិ (ILGA-អាស៊ី)

ឯកភាពដោយ៖

  1. Aliansi Remaja Independent (សម្ព័ន្ធអនីតិជនឯករាជ្យ) ប្រទេសឥណ្ឌូនេស៊ី
  2. Alternative ASEAN Network on Burma (ALTSEAN Burma) ប្រទេសភូមា
  3. GAYa NUSANTARA ប្រទេសឥណ្ឌូនេស៊ី
  4. Harry Benjamin’s Syndrome ប្រទេសឥណ្ឌូនេស៊ី
  5. Labrys ប្រទេសKyrgyzstan
  6. Lesbian Activism Project (LeAP!), Inc. ប្រទេសភីលីពីន
  7. Oogachaga Counselling and Support ប្រទេសសិង្ហបុរី
  8. People Like Us (PLUS) ប្រទេសសិង្ហបុរី
  9. Perkumpulan Keluarga Berencana ប្រទេសឥណ្ឌូនេស៊ី
  10. Philippines Alliance of Human Rights Advocates (PAHRA) ប្រទេសភីលីពីន
  11. Rainbow Rights Project (R-Rights), Inc. ប្រទេសភីលីពីន
  12. Sayoni ប្រទេសសិង្ហបុរី
  13. SGRainbow ប្រទេសសិង្ហបុរី
  14. Women’s Aid Organisation (WAO) ប្រទេសម៉ាលេស្យា
  15. Youth Interfaith Forum on Sexuality ប្រទេសឥណ្ឌូនេស៊ី

ទំនាក់ទំនង៖

___________________________________

បកប្រែពី៖ ILGA-Asia

កាលបរិច្ឆេទ៖ ២ មេសា ២០១២

ភេទដូចគ្នា…តែរៀបការបាន​

សូមស្រមៃថា អ្នកកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងងប់ងុលជាមួយនរណាម្នាក់ ដែលអ្នកមានអារម្មណ៍ថា អាចផ្តល់នូវសុភមង្គល សម្រាប់ពេលវេលាដែលនៅសេសសល់នៃជីវិតរបស់អ្នក។ តែអ្នកមិនអាចរៀបការជាមួយពួកគេបានទេ ព្រោះប្រទេសដែលអ្នកកំពុងតែរស់នៅមិនអនុញ្ញាតឲ្យ។ សម្រាប់អ្នកដែលមានចំណងស្នេហ៍ជាមួយភេទផ្តុយគ្នារឿងនេះ ប្រហែលជាមិនអាចកើតឡើងទេ តែសម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា និងនៅក្នុងប្រទេសភាគច្រើននៅជុំវិញពិភពលោក វាជាការពិតដែលថា ពួកគេប្រឈមមុខ នៅពេលពួកគេចង់ធ្វើការតាំងចិត្តចំពោះដៃគូរបស់ពួកគេជាផ្លូវការ។

ក្នុងទសវត្សរ៍ចុងក្រោយនេះ អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលជាចំណងផ្លុវច្បាប់រវាងបុរសនិងបុរស ឬស្រីជាមួយស្រ្តី បានក្លាយទៅជាប្រធានបទប្រកែកតវ៉ាគ្នាទៅវិញទៅមក យ៉ាងក្តៅគគុក នៅក្នុងប្រទេស នៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើងជាច្រើនហើយ រួមទាំងមានការធ្វើបាតុកម្ម និងតវ៉ាដែលត្រុវបានរៀបចំឡើងពីសំណាក់ភាគីទាំងពីរដែលជាលទ្ធផលបណ្តាលឲ្យមានចេញច្បាប់អនុញ្ញាតឲ្យមានការរៀបការភេទដូចគ្នា ដោយស្របច្បាប់នៅតាមតំបន់មួយចំនួន និងមានការហាមប្រាមនៅកន្លែងដទៃទៀត។ ខណៈពេល ការទាមទារតវ៉ា ដើម្បីសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាកំពុងមានបម្រែបម្រួលក្នុងប្រទេសមួយចំនួន ដូចជាប្រទេសហូឡង់ ជាប្រទេសដំបូងគេ ដែលផ្តល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍ភេទដូចគ្នា កាលពីឆ្នាំ២០០១ និងប្រទេសអេស៉្បាញ ជាប្រទេសតែមួយគត់ ដែលការរៀបការរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានទទួលស្គាល់ក្រោមដំបូលច្បាប់តែមួយ ដូចជាការរៀបអាពាហ៍ពិពាហ៍មុនៗដែរ មានការប្រែប្រួលតិចតួចបំផុត ត្រូវបានធ្វើឡើង ដើម្បីបើកទ្វារឲ្យមានការរៀបការភេទដូចគ្នា នៅក្នុងប្រទេសកំពុងរីកចម្រើន និងអភិរក្សផ្នែកសង្គម ដូចជាប្រទេសកម្ពុជានោះ។

លោក ជាប យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា៖ «រហូតមកទល់ពេលនេះ យើងមានតែប្រពៃណីទំនៀមទម្លាប់បុរសការជាមួយស្រ្តី។ វាប្រសើរជាងចំពោះការដែលពុំមានច្បាប់អនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នាបែបនេះ ដូច្នេះទើបរដ្ឋាភិបាលអាចដោះស្រាយជាមួយច្បាប់ផ្សេងទៀតបាន។ រដ្ឋាភិបាលត្រូវតែផ្តោតលើការអភិវឌ្ឍប្រទេស មុនពេលពួកគេអាចចាប់ផ្តើមគិតអំពីច្បាប់រៀបការភេទដូចគ្នានេះ»។

ទោះបីជាការពិត ដែលថាអង្គការរបស់លោកគាំទ្រសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជាក្តី លោក អំ សំអាត មន្ត្រីគ្រប់គ្រងបច្ចេកទេសនៃអង្គការលីកាដូ បានឯកភាពថា បច្ចុប្បន្នអាចមិនមែនជាពេលវេលាសម្រាប់ធ្វើការកែប្រែបែបនោះទៅលើរចនាសម្ព័ន្ធសង្គមនៃប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថា៖ «ច្បាប់បែបនោះ អាចបង្កឲ្យមានការរើសអើង និងជម្លោះកាន់តែច្រើននៅក្នុងសង្គម»។ លោកបានពន្យល់ថា ប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍ មិនមែនជាប្រទេសអភិវឌ្ឍជឿនលឿននៅឡើយទេ ដូច្នេះការផ្លាស់ប្តូរ ត្រុវតែធ្វើឡើង ជាជំហានៗ។

ទោះបីជាការទទួលស្គាល់អាពាហ៍ពិពាហ៍ខ្ទើយ ដោយស្របច្បាប់ អាចមិនមែនជាការពិតក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នក្តី វាមិនបានបញ្ឈប់ដៃគូខ្ទើយជាច្រើនគូ មិនឲ្យរួមរស់នៅជាមួយគ្នា ដូចជាប្តីប្រពន្ធនោះទេ។ កញ្ញាអ៊ុក ដារ៉េត ងាយុ២៩ឆ្នាំ ដែលជាស្ត្រីកែភេទ និងស្វាមីនាងឈ្មោះ ចំរើន បានរស់នៅជាមួយគ្នាអស់រយៈពេលជិត៨ឆ្នាំមកហើយ។ នាងបានប្រាប់ឲ្យដឹងថា៖ «ទោះបីយើងមិនមែនកើតមកជាស្រីក្តី យើងក៏ត្រូវការសិទ្ធិ ដើម្បីរៀបការដូចមនុស្សដទៃទៀតដែរ»។

សំឡេងទាមទារសិទ្ធិភេទដូចគ្នា គួរឲ្យកត់សម្គាល់បំផុតមួយ គឺរឿងរបស់ប៉ុបពី ដែលជាតារាសម្តែងភេទដូចគ្នាដ៏ល្បីឈ្មោះម្នាក់ ដេលបានទទួលឈ្មោះបោះសំឡេងកាន់តែខ្លាំងឡើង តាមរយៈការសម្តែងរបស់នាង ក្នុងកម្មវិធីទូរទស្សន៍ និងឈុតឆាកកំប្លែងនានា។ នាងបានប្រាប់ទស្សនាវដ្តីLift ក្នុងកិច្ចសម្ភាសន៍មួយថា៖ «យើងរស់នៅក្នុងសង្គមប្រជាធិបតេយ្យមួយ។ យើងមានសិទ្ធិរៀបការជាមួយនរណាម្នាក់ ដេលយើងស្រឡាញ់ លើកលែងតែយើងបង្កឲ្យខូចខាត ឬបែកបាក់សង្គម។ វាជាបញ្ហាសិទ្ធិរបស់មនុស្ស។ មនុស្សភេទដូចគ្នា  អាចធ្វើការ និងធ្វើអ្វីផ្សេងគ្រប់យ៉ាងបាន។ យើងគួរតែទទួលបានសិទ្ធិ ដើម្បីរៀបអាពាហ៍ពិពាហ៍»។

សូម្បីតែសម្តេចឪ នរោត្តមសីហនុ នៅជិតចុងបញ្ចប់នៃអាណត្តិគ្រងរាជ្យរបស់ទ្រង់ កាលពីឆ្នាំ២០០៤ ក៏បានប្រកាសថា ព្រះអង្គឈ្វេងយល់ថា អាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នា គួរតែទទួលបានការអនុញ្ញាត នៅក្នុងប្រទេសកម្ពុជា។ ទ្រង់មានបន្ទូលថា ជាប្រទេសដែលមានលក្ខណៈសេរីប្រជាធិបតេយ្យព្រះរាជាណាចក្រនេះ គួរតែអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍រវាងបុរស និងបុរស ឬរវាងស្រ្តី និងស្រ្តី បើសិនជាពួកគេចង់ការ។

សិស្ស និស្សិតសាកលវិទ្យាល័យជាច្រើន ក៏ហាក់ដូចជាមានគំនិតសេរី ស្តីពីអាពាហ៍ពិពាហ៍ផងដែរ ដោយពួកគេបានស្រង់ពុទ្ធឱវាទនៃការទទួលយកធ្វើជាមូលហេតុ សម្រាប់ការទទួលយកច្បាប់នេះ។ លោក ថុង ចន្ទធីម អាយុ២២ឆ្នាំ ដែលជានិស្សិតឆ្នាំទី៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានថ្លែងថា លោកគាំទ្រយ៉ាងខ្លាំង ចមពោះការអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយស្របច្បាស់ ព្រោះតាមទ្រឹស្តីប្រជាជនកម្ពុជាភាគច្រន គោរព និងអនុវត្តតាមព្រះពុទ្ធសាសនា ដូច្នេះហើយការផ្តល់សិទ្ធិស្មើភាពគ្នា ដល់មនុស្សស្រឡាញ់ភេទដូចគ្នា នឹងជួយឲ្យពួកគេរស់នៅ ដោយបើកចំហ និងកាត់បន្ថយការរើសអើង ដែលពួកគេបានប្រឈមមុខ។

លោក ងួន ណូរ៉ាមី និស្សិតវ័យ២០ឆ្នាំ សិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យកម្ពុជា បានយល់ស្របថា ការខ្ពើមរអើម និងស្ពប់ការស្រឡាញ់ភេទដូចគ្នា នឹងចុះអន់ថយ បើពួកគេទទួលបានសិទ្ធិរៀបការនោះ។ លោកថ្លែងឲ្យដឹងថា៖ «យើងមិនអាចបន្ទោសពួកគេ ចំពោះការគ្រាន់តែស្រឡាញ់អ្នកណាម្នាក់ ដែលមានភេទដូចគ្នានោះទេ ព្រោះវាគឺជាធម្មជាតិរបស់ពួកគេ។ វាមិនខុសពីស្រ្តីស្រលាញ់បុរសនោះទេ។ បើយើងមិនបង្កើតច្បាប់នោះទេ ពួកគេអាចនឹងធ្វើអត្តឃាត ឬធ្វើអ្វីឆ្កួតៗចំពោះសង្គម»។

ការព្រួយបារម្ភថា ការស្រឡាញ់ភេទដូចគ្នា អាចនាំទៅរកការធ្វើអត្តឃាត បើសិនចាសង្គមមិនទទួលយកពួកគេ គឺជាគំនិតមួយ ដែលទទួលឥទ្ធិពល ដោយរឿងឆ្នាំ២០០៩មួយ ដែលមានចំណងជើងថា «ខ្ញុំជានរណា?» ដែលត្រូវបានសរសេរ និងដឹកនាំរៀងដោយ អ្នកស្រី ពាន់ ភួងបុប្ផា និងដែលត្រូវបានចាក់ផ្សាយជាច្រើនលើកតាមកញ្ចក់ទូរទស្សន៍ CTN  ដែលជាទូរទស្សន៍មានគេនិយមទស្សនាច្រើនជាងគេបំផុត។ ខ្សែភាពយន្តនោះនិយាយអំពីក្តីស្នេហារវាងស្ត្រីពីរនាក់ ដែលរងនូវការបំបែកបំបាក់គ្នា ពីសំណាក់ឪពុកម្តាយទាំងសងខាង ដែលជំទាស់មិនឯកភាព និងស្នេហារបស់ពួកគេ។ កុននោះ បញ្ចប់ជាមួយនឹងឈុតឆាកធ្វើអត្តឃាត ដោយតួស្ត្រីទាំងពីររូប បានស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់។

ខណៈពេលវាហាក់ដូចជាស្នេហាភេទដូចគ្នា កំពុងទទួលបានការទទួលស្គាល់ នៅក្នុងប្រទេសនេះ វាមានតំរុយតិចតួចណាស់ អំពីចលនារីករាលដាលឆ្ពោះទៅរកការទាមទារសិទ្ធិស្មើភាពគ្នា សម្រាប់មនុស្សដែលជាខ្ទើយ ដោយបើកចំហភាគច្រើន ប្រើតែដូចដែលបានលើកឡើងពីឧទាហរណ៍នៃភាពយន្តខាងដើម វាមិនមែនជារដ្ឋាភិបាលទេ គឺគ្រួសារ ដែលបានរារាំងកូនៗរបស់ពួកគេ មិនឲ្យដែគូដែលមានភេទដូចគ្នា រួមរស់នៅជាមួយគ្នា។ វាមានមនុស្សស្រឡាញ់ភេទដូចគ្នាជាច្រើនករណី ដែលបានរៀបការជាមួយនឹងមនុស្សភេទផ្ទុយគ្នា ដើម្បីផ្គាប់ចិត្តឪពុកម្តាយរបស់ពួកគេ តែបានរស់នៅជាមួយនឹងដៃគូភេទដូចគ្នារបស់ពួកគេ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសមរង្ស៊ី ដែលជាបក្សប្រឆាំង ក្នុងប្រទេសកម្ពុជាមួយ បានថ្លែងប្រាប់ទស្សនាវដ្តីLiftថា ប្រទេសកម្ពុជាពុំមានប្រពៃណី ឬទំនៀមទម្លាប់ទទួលយក ដូចប្រទេសលោកខាងលិចទេ ហើយមនុស្សដែលស្រលាញ់ភេទដូចគ្នា ខ្លួនពួកគេនៅមិនទាន់បានធ្វើការទាមទារជាផ្លូវការឲ្យមានភាពស្របច្បាប់ ចំពោះការរៀបការភេទដូចគ្នា ទៅរដ្ឋាភិបាលដែរ។ លោកមានប្រសាសន៍ថា៖ «យើងអាច និងធ្វើការពិចារណា បើសិនបើមានសំណូមពរណាមួយពីក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា»។

លោក ឡេង មុនីនាថ ដែលជាអ្នកសម្របសម្រួលថ្នាក់ជាតិ របស់បណ្តាញបុរសរួមភេទបុរស (MSM) បានគាំទ្រ ចំពោះការធ្វើឲ្យស្របច្បាប់នូវអាពាហ៍ពិពាហ៍ភេទដូចគ្នា តែបានសារភាពថា ចលនានេះ ត្រូវតែធ្វើឡើងដោយសន្សឹមៗ ហើយការទំនាក់តំនងណាមួយ ជាមួយរដ្ឋសភាចាំបាច់ត្រូវមានភាពឡូហ្សីក បើមិនអ៊ីចឹងទេ វាអាចនឹងបំផ្លាញដំណើរការដែលបង្កើតឡើងក្រុមMSM  និងអង្គការសិទ្ធិនានា។

លោកបានថ្លែងបន្តថា៖ « MSM  មាននៅក្នុងសង្គមខ្មែរជាយូរមកហើយ តែពួកគេពុំហ៊ានរស់នៅ ដោយចេញមុខឡើយ។ ឥឡូវនៅពេលយើងជួយត៉វាឲ្យពួកគេ ពួកគេពុំខ្លាច និងបង្ហាញសាធារណជនថា ពួកគេជានរណាទេ»។

ដោយពុំគិតអំពីច្បាប់ លោក មៀច ប៉ុណ្ណ ទីប្រឹក្សានៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតកម្ពុជា មានប្រសាសន៍ថា អ្នកស្រឡាញ់ភេទដូចគ្នា អាចធ្វើការសម្រេចចិត្ត ដោយខ្លួនគេ។ លោកមានប្រសាសន៍ថា៖ «បើអ្នកខ្លះ មិនចូលចិត្តច្បាប់នេះ ពួកគេអាចមិនអើពើនឹងវាបាន។ បើមិនអ៊ីចឹងទេ ពួកគេអាចបង្ខំចិត្តខ្លួនឯង ដើម្បីទទួលវា»៕

____________________________

  • ប្រភព៖ LIFT
  • អត្ថបទ៖ គាំ ទិវា & ម៉េងហួង
  • កាលបរិច្ឆេទ៖ ២២ កញ្ញា ២០១០

 

អ្នកជាមនុស្ស អ្នកស្រឡាញ់ភេទដូចគ្នាក៏ជាមនុស្ស

រូបភាពដកស្រង់ចេញពីខ្សែភាពយន្តថៃ ស្តីពីស្ត្រីស្រឡាញ់ស្ត្រីដូចគ្នា “Yes or No”

មនុស្សគ្រប់ៗរូបកើតមក មានភាពស្នើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចៗគ្នា ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និងស្ថានភាពឯទៀតឡើយ។ តែទោះបីជានៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិនានា បានចែងពីសេចក្តីនេះ និងហាមឃាត់កុំឲ្យមានការរើសអើងមនុស្សដូចគ្នាក៏ដោយ ក៏នៅកម្ពុជា ឬនៅជុំវិញពិភពលោក ការរើសអើង និងការរំលោភបំពានទៅលើសិទ្ធិ និងសេរីភាពរបស់មនុស្ស ក៏ចេះតែបន្តកើតមានជាហូរហែ។

ខណៈពេលដែលបញ្ហាការរើសអើងជនជាតិស្បែកខ្មៅ និងនារី កំពុងតែធ្វើដំណើរសន្សឹមៗរបស់ខ្លួន ទៅរកចំនុចសូន្យ បញ្ហានៃការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នា ក៏បានផ្ទុះឡើង និងមានសភាពគួរឲ្យភ័យព្រួយ ស្របពេលដែលយុវវ័យដែលស្រឡាញ់ភេទដូចគ្នា ហ៊ានបង្ហាញមុខជាចំហរ ថាខ្លួនជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា ច្រើនទៅៗ។

មនុស្សភាគច្រើនយល់ថា អ្នកដែលស្រឡាញ់ភេទដូចគ្នា គឺមានជម្ងឺ គួរឲ្យខ្ពើមរអើម និងធ្វើអ្វីឆ្កួតៗ ខុសពីច្បាប់ក្រិតក្រមធម្មជាតិ។ ពួកគេជាកូនអកត្តញ្ញូ មិនដើរតាមគន្លង និងកំពុងតែធ្វើឲ្យពិភពលោកនេះ ច្របូកច្របល់ និងឈានទៅដល់ការដាច់ពូជរបស់មនុស្សជាតិ។ នេះជាការយល់ច្រលំ និងការមិនយល់របស់ពួកគេ។ ត្រូវយល់ថា គ្មាននរណាម្នាក់ ចង់កើតមកអ៊ីចឹងនោះទេ។ តើនរណាចង់កើតមក ឲ្យគេដៀលថា អាខ្ទើយ មីខ្ទើយនោះ?

ស្នេហា មិនប្រាកដថា ឲ្យតែអ្នកមានភេទដូចគ្នា មិនអាចស្រឡាញ់គ្នាបាននោះឡើយ។ ស្នេហាមិនប្រកាន់អ្វីទាំងអស់ សូម្បីតែភេទ។ ពេលដែលវាមកដល់ វាពិបាកនឹងទប់ជាប់ណាស់។ មិនថាជារបស់អ្នកស្រឡាញ់ភេទដូចគ្នា ឬផ្ទុយគ្នា ស្នេហា វាសុទ្ធតែមានចំនុចដូចគ្នា។ វាកើតចេញមកពីការទាក់ទាញ ការចូលចិត្ត ការមានចំណង់ចំណូលចិត្ត ឬចិត្តគំនិតត្រូវគ្នា ការគោរព ការឲ្យតម្លៃ និងការមានជំនឿទុកចិត្តលើគ្នាទៅវិញទៅមក។ បើមិនមានចំនុចទាំងនេះ នោះពួកគេមិនអាចជួបប្រសព្វគ្នាឡើយ។ ម៉្យាងស្នេហា និងការរួមរស់នៅជាមួយគ្នា មិនប្រាកដថាឲ្យតែមានកូនដែលជារបស់ខ្លួន មានសុភមង្គលនោះទេ។

នៅពេលដែលយើងសាកល្បង និងព្យាយាមធ្វើជាមិត្តរបស់ពួកគេ រៀនស្វែងយល់ពីពួកគេ នោះយើងនឹងដឹងថា ពួកគេក៏មិនខុសពីយើង។ ពួកគេក៏មានសមត្ថភាព បំណងប្រាថ្នា និងក្តីសុបិនដូចជាយើងរាល់គ្នា ហើយក៏ចង់ឲ្យជីវិតរបស់ខ្លួនមានក្តីសុខ ប្រកបដោយភាពរីករាយ និងមានន័យ។ ពួកគេក៏មានការងារ និងមានរបៀបរបបរស់នៅ ដែលជារបស់ខ្លួន ដែលមិនខុសគ្នាពីអ្នកដទៃ។ ពេលខ្លះ មិនប្រាកដថា បុរសដែលស្រឡាញ់បុរស ត្រូវតែចេះចម្អិនម្ហូបអាហារ ធ្វើការងារផ្ទះ ស្លៀកពាក់ តែងខ្លួន និងធ្វើឬកពាម្ញ៉ិកម៉្ញក់ដូចស្ត្រី ហើយក៏មិនប្រាកដថា ស្រ្តីដែលស្រឡាញ់ស្ត្រី ត្រូវតែមានសក់ខ្លី ស្លៀកពាក់ ឬក៏ធ្វើដំណើរ ធ្វើឬកពាឲ្យដូចជាបុរស។ មិនត្រឹមតែប៉ុណ្ណោះ មិនប្រាកដថា ឲ្យតែពួកក្រុមបុរសស្រឡាញ់បុរស សុទ្ធតែជាក្រុមដែលរកស៊ីផ្លូវភេទ ដើរចម្លងរោគឲ្យអ្នកដទៃ ហើយក៏មិនប្រាកដថា ឲ្យតែក្រុមស្ត្រីស្រឡាញ់ស្ត្រី សុទ្ធតែជាក្រុមក្មេងទំនើង ដើរពង្វក់កូនក្រមុំគេដែរ។ អ្នកដែលស្រឡាញ់ភេទដូចគ្នា មិនថាបុរសស្រឡាញ់បុរស ស្រ្តីស្រឡាញ់ស្ត្រី អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរភេទ ក៏ជាក្រុមមនុស្សដែលមានច្រើនប្រភេទ និងច្រើនសណ្ឋាន ដូចជាមនុស្សដែលស្រឡាញ់ភេទផ្ទុយគ្នាអ៊ីចឹងដែរ។

អ្នកជាមនុស្ស អ្នកស្រឡាញ់ភេទដូចគ្នា ក៏ជាមនុស្ស។ មនុស្សម្នាក់ៗ មានដំណើរជីវិតផ្សេងៗពីគ្នា។ តម្រូវការជីវិត គឺមិនដូចគ្នាឡើយ។ រឿងស្នេហា គឺជារឿងរបស់បុគ្គល ហើយក៏ជាបញ្ហាសម្រេច និងទំនួលខុសត្រូវរបស់បុគ្គលផងដែរ។ បើគ្រាន់តែរឿងស្នេហា ដែលជារឿងរបស់បុគ្គល មិនមែនជារឿងសាធារណ៍ យើងបែរជានាំគ្នាបដិសេធគាត់ រើសអើងពួកគាត់ និងហាមផ្តាច់ពួកគាត់ ជាពិសេសយកអំពើហិង្សា និងការបំបិទសិទ្ធិមកធ្វើជារនាំង នោះវានឹងមិនខុសគ្នា ពីសង្គ្រាមរើសអើង រវាងជនជាតិស្បែកស និងស្បែកខ្មៅ ឬរវាងបុរស និងនារីឡើយ៕

________________

អត្ថបទ៖ អាពៅ

កាលបរិច្ឆេទ៖ ៨ មីនា ២០១២ 

អ្នក​ទោស​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា ​ទាមទារ​យុត្តិធម៌ ​លើ​បទ​ចោទ

ភ្នំពេញៈ នាង ផ្លុង ស្រីរ៉ាន់ អាយុ ២២​ឆ្នាំ ជា​ឧទាហរណ៍​នៃ​ការ​អត់​ធន់​ ខណៈ​ដែល​នាង​ដើរ​ចុះ​ឡើង​នៅ​ទីធ្លា​ដី​ក្នុង​ពន្ធនាគារ ក្នុង​ឯក​សណ្ឋាន​ពន្ធនាគារ​ពណ៌​ខៀវ​លាយ​ស។ ភាព​នៅ​ដាច់​តែ​ឯង​របស់​នាង​បង្ហាញ​ពី​ភាព​សោកសៅ​ឬ​ក៏​ជា​ការ​ចុះ​ញ៉ម​នឹង​ ការ​ពិត​ ក៏ព្រោះ​តែ​នាង​ត្រូវ​នៅ​ជាប់​ពន្ធនាគារ​រយៈពេល ៤ ឆ្នាំ​កន្លះ​បន្ត​ទៀត​ពី​បទ​រួម​ភេទ​ជាមួយ​មិត្ត​ស្រី​ជាទី​ស្រឡាញ់​របស់​ ខ្លួន។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​នេះ កម្ម​ការិនី​វ័យ​ក្មេង​រូប​នេះ ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​រំលោភ​មាត្រា​ ៤២ នៃ​ច្បាប់​ស្តីពី​ការ​បង្រ្កាប​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​កេង​ប្រវញ្ច​ ផ្លូវ​ភេទ ដោយ​សារ​នាង​បាន​រួម​ភេទ​ជាមួយ​នឹង​មិត្ត​ស្រី​នាង​ដែល​មាន​អាយុ​តិច ជាង​១៥ ឆ្នាំ​។ នាង​ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ៥ ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ៥០០​ដុល្លារ​អាមេរិក។

ប៉ុន្តែ​នាង ហ៊ត សុភឿន​ជា​អនីតិជន​ដែល​ត្រូវ​ជា​មិត្ត​ស្រី នាង ផ្លុង ស្រីរ៉ាន់ ត្រូវ​បាន​កាត់​ទោស​ពី​បទ​រួម​ភេទ​ជាមួយ​នាង​នោះ​ គឺ​អ្នក​ទាំង​ពីរ​ជួប​គ្នា​ខណៈ​ដែល​ពួក​គេ​ធ្វើ​ការ​នៅ​រោងចក្រ Ying Dong Shoe ជា​របស់​ជន​ជាតិ​ចិន​តៃវ៉ាន់​ក្នុង​ខេត្ត​កណ្តាល។

នាង ស្រីរ៉ាន់ បាន​អះអាង​ថា ការ​ចាប់​ខ្លួន​និង​ការ​ផ្តន្ទាទោស​នេះ ​គឺជា​គម្រោង​ការ​អាក្រក់​រៀបចំ​ឡើង​ដោយ​គ្រួសារ​មិត្ត​ស្រី​នាង ដែល​មិន​សប្បាយ​ចិត្ត​ចំពោះ​ទំនាក់​ទំនង​របស់​ពួក​គេ​ទាំង​ពីរ។

នាង ផ្លុង ស្រីរ៉ាន់ បាន​ពន្យល់​កាល​ពី​ម្សិលមិញ​ថា៖ «​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១១ ​បង​ប្រុស​មិត្ត​ខ្ញុំ​បាន​ដាក់​ពាក្យ​ប្តឹង​ថា​ខ្ញុំ​បង្ខាំង​នាង​ខុស ច្បាប់​។ ​នគរបាល​បាន​ចាប់​ខ្លួន​ខ្ញុំ ហើយ​ចោទ​ប្រកាន់​ខ្ញុំ ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​និង​ជួញ​ដូរ​មនុស្ស​»។

នាង​បាន​បន្ត​ថា៖ «​ខ្ញុំ​បាន​ប្រាប់​នគរបាល​ថា ខ្ញុំ​មិន​បាន​ជួញ​ដូរ​មនុស្ស​ទេ​ និងថា ពួក​យើង​ស្រឡាញ់​គ្នា។ ខ្ញុំ​មិន​យល់​ទេ ថា​តើ​មូល​ហេតុ​អ្វី​បង​ប្រុស​របស់​នាង​បាន​ដាក់​ពាក្យ​ប្តឹង​ខ្ញុំ»។

តាម​លិខិត​ទាក់ទង​រវាង​ស្រ្តី​ទាំង​ពីរ ហាក់​ដូច​ជា​គាំទ្រ​ការ​អះអាង​ទាំង​នេះ។ ក្នុង​លិខិត​គ្មាន​ថ្ងៃ-ខែ ​មួយ​ពី​នាង ហ៊ត សុភឿន​ផ្ញើ​ទៅ​នាង ផ្លុង ស្រីរ៉ាន់ នាង សុភឿន  សរសេរ​ថា ៖ «បង​ប្រុស​របស់​ខ្ញុំ បង្ខំ​ខ្ញុំ​ឲ្យ​ឈប់​ទាក់ទង​អ្នក ប៉ុន្តែ ខ្ញុំ​ត្រូវ​តែ​ជម្នះ …អ្នក​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ខ្លាំង​ណាស់​»។

នាង ផ្លុង ស្រីរ៉ាន់ បាន​ឲ្យ​ដឹង​ថា នាង​មិន​បាន​ដឹង​ថា​ មិត្ត​ស្រី​របស់​នាង​ជា​ក្មេង​ស្រី​មិន​គ្រប់​អាយុ​នោះ​ទេ។ នាង​អះអាង​ថា គ្រួសារ​របស់​នាង ហ៊ត សុភឿន បាន​កុហក​អាជ្ញាធរ​នៅ​ពេល​ពួក​គេ​ផ្តល់​ឯកសារ​​ ក្នុង​តុលា​ការ ដែល​បង្ហាញ​ថា  ហ៊ត សុភឿន ​មាន​អាយុ​តែ​១៥​ឆ្នាំ​ប៉ុណ្ណោះ ជា​ឯកសារ​ដែល​នាំ​ទៅ​រក​ការ​ផ្តន្ទាទោស​រូប​នាង។

នាង​បាន​លើក​ឡើង​ពី​ម្សិលមិញ​ថា ៖  «​គ្រួសារ​មិត្ត​ស្រី​របស់​ខ្ញុំ​កុហក​តុលាការ បើ​គេ​និយាយ​ថា​មិត្ត​ស្រី​ខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ​»។

ច្បាប់​ការងារ​ចែង​ថា កម្មករ​រោងចក្រ​ត្រូវ​មាន​អាយុ​លើស​ពី​១៨​ឆ្នាំ ​ដូច្នេះ បើ​ឯកសារ​ដែល​ផ្តល់​ឲ្យ​តុលាការ​ជា​ការ​ពិត ​នោះ​មាន​តែ​ រោង​ចក្រ Ying Dong Shoe ដែល​ជា​សមាជិក​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ជួល​ក្មេង​ស្រី​មិន​គ្រប់​អាយុ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​។ តែ​បើ​មិន​ពិត ​វា​មាន​ន័យ​ថា ​នាង​ ស្រីរ៉ាន់ ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ជិត​ ៥ ឆ្នាំ ​ទៀត ចំពោះ​បទ​ល្មើស​ដែល​នាង​មិន​បាន​ប្រព្រឹត្ត​។

លោក Lei Shi Ken មន្រ្តី​រដ្ឋ​បាល​នៅ​រោង​ចក្រ​បាន​បដិសេធ​ថា រោងចក្រ​មិន​បាន​ជួល​កម្មករ​មិន​គ្រប់​អាយុ​នោះ​ឡើយ។

លោក​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ​រោងចក្រ ​«ជួល​តែ​ក្មេង​ស្រី​  ដែល​មាន​អាយុ​១៨​ឆ្នាំ​លើស​ប៉ុណ្ណោះ» ដែល​បញ្ជាក់​ដោយ​សំបុត្រ​កំណើត អត្ត​សញ្ញាណ​ប័ណ្ណ និង​ថា រោងចក្រ​មិន​ដែល​មាន​បញ្ហា​​ទេ។

ជា​ការ​ពិត ច្បាប់​ចម្លង​សំបុត្រ​កំណើត​និង​សៀវភៅ​គ្រួសារ នាង ហ៊ត សុភឿន  ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​ពី​រោង​ចក្រ​បង្ហាញ​ថា នាង ហ៊ត សុភឿន កើត​នៅ​ថ្ងៃ​ទី៩ មីនា ១៩៩២ ​គឺ​នាង​មាន​អាយុ​១៩​ឆ្នាំ ពេល​ដែល​នាង ផ្លុង ស្រីរ៉ាន់ ត្រូវ​បាន​ចាប់​ខ្លួន​។​

លោក Lei Shi Ken ក៏​បាន​លើក​ឡើង​ដែរ​ថា អាជ្ញាធរ​មិន​បាន​ទាក់​ទង​លោក​សួរ​អំពី​កម្ម​ការិនី​ទាំង​ពីរ​នាក់​នេះ​ឡើយ។

បុគ្គលិក​សិទិ្ធ​មនុស្ស​និង​ក្រុម គ្រួសារ​ដែល​ដឹង​អំពី​រឿង​ក្តី​នេះ បាន​ថ្លែង​ថា នេះ​ជា​ឧទាហរណ៍​អំពី​សមាជិក​គ្រួសារ ដែល​មិន​សប្បាយ​ចិត្ត​នឹង​ទំនាក់​ទំនង​ភេទ​ដូច​គ្នា​របស់​កូន​ស្រី ឬ​ប្អូន​ស្រី អាច​ប្រើ​តុលាការ​ដោយ​អយុតិ្ត​ធម៌ជា​អាវុធ​ដើម្បី​បញ្ចប់​ទំនាក់​ទំនង​នោះ និង​ដាក់​ទោស​អ្នក​ពាក់​ព័ន្ធ​ស្នេហា​ភេទ​ដូច​គ្នា​។​

លោក ហែម សុខលី ​​អ្នក​សម្រប​សម្រួល​គម្រោង​ភេទ​និង​អត្ត​សញ្ញាណ​យេនឌ័រ នៅ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា កាល​ពី​ម្សិលមិញ បាន​អំពាវ​នាវ​ឲ្យ​តុលាការ «​រក​យុតិ្តធម៌​»ឲ្យ​នាង ស្រីរ៉ាន់ ដែល​លោក​ជឿថា នាង​ជា​ «​ជន​រងគ្រោះ»។ ​ លោក​ថ្លែង​ថា៖«នាង​មិន​គួរ​ទទួល​ទោស​ ដោយ​សារ​មាន​ទំនាក់​ទំនង​ភេទ​ដូច​គ្នា​ទេ​»។ លោក​ក៏​ជំរុញ​ឲ្យ​មន្រ្តី «​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ពេញ​លេញ»។

នាង ផ្លុង ស្រីរ៉ាន់ ​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលា​ការ ប៉ុន្តែ​ រហូត​ដល់​ពេល​នោះ​នាង​ថា នាង​ព្រួយបារម្ភ​​អំពី​គ្រួសារ​របស់​នាង ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រាក់​ខែ​ចំនួន​៦១​ដុល្លារ​របស់​នាង។ ​​នាង​ថា៖ «ខ្ញុំ​ត្រូវ​ថែទាំ​និង​ឧបត្ថម្ភ​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​ជា​អ្នក​ឧបត្ថម្ភ​តែ​ម្នាក់​គត់ …​យើង​ក្រីក្រ​ណាស់»។

លោក ផ្លុង សុខា ឪពុក​របស់​នាង ស្រីរ៉ាន់ ​ដែល​ជា​អតីត​ទាហាន ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នេះ​ដែរ។

លោក ផ្លុង សុខា បាន​បញ្ជាក់​ថា ៖ «​រៀង​រាល់​ថ្ងៃ​ យើង​ពឹង​ផ្អែក​លើ​កូន​ស្រី​ម្នាក់​នេះ ដើម្បី​ឧបត្ថម្ភ​គ្រួសារ​យើង ព្រោះ​នាង​ធ្វើ​ការ​នៅ​រោងចក្រ​»។

ប៉ុន្តែ ម្តាយ​របស់​នាង​ ផ្លុង ស្រី​រ៉ាន់ បាន​ថ្លែង​ថា អ្នក​ស្រី​ព្រួយ​បារម្ភ​ពី​កូន​អ្នក​ស្រី​ច្រើន​ជាង។ អ្នក​ស្រី​ថ្លែង​ថា​៖ «នាង​សោក​សៅ​ណាស់ ក្នុង​ពន្ធនាគារ។ ខ្ញុំ​អាណិត​កូន​ស្រី​ខ្លាំង​ណាស់»។

លោក លីម សុគន្ថា ចៅក្រម​ជំនុំ​ជម្រះ​ក្នុង​រឿង​ក្តី​នេះមិន​អាច​ទាក់​ទង​សុំ​ការ​ អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ ចំណែក​ឯ​នាង ច័ន្ទ រាសីភក្រ្ត ​មេធាវី​តែង​តាំង​ដោយ​តុលាការ​សម្រាប់​នាង ផ្លុង​ ស្រីរ៉ាន់ បាន​ឲ្យ​ដឹង​ថា នាង​មិន​ពាក់​ព័ន្ធ​ក្នុង​រឿង​ក្តីនេះ​ទៀត​ទេ ហើយ​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថា​ធិប្បាយ​ទេ។

នាង ហ៊ត សុភឿន និង​គ្រួសារ​របស់​នាង​មិន​អាច​ទាក់​ទង​បាន​ទេ។ ​​អ្នក​ដែល​ដឹង​អំពី​ករណី​នេះ​ថ្លែង​ថា ហ៊ត សុភឿន កំពុង​ជាប់​ក្នុង​ផ្ទះ​ហើយ​លេខ​ទូរស័ព្ទ​ទាំង​អស់​ត្រូវ​កាត់​ផ្តាច់៕

___________________________________